• 2022-06-16 04:24:49
  • បាល់ទាត់

​អ្នក​ស្នេហា​កីឡា​បាល់ទាត់​កម្ពុជា ​បង្ហាញ​ក្ដី​រំភើប​ពេល​បាន​ឃើញពាន World Cup ​ផ្ទាល់​ភ្នែក​

  • 2022-06-16 04:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២២​​ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ​អ្នកគាំទ្រ​កីឡា​បាល់​ទាត់​កម្ពុជា​រាប់​ពាន់​នាក់​បាន​នាំគ្នា​មក​ទទួល​យក​បទពិសោធន៍​អស្ចារ្យ​ពី​ពានបាល់ទាត់​ពិភពលោក​ “FIFA World Cup™ Trophy” ​ជាមួយ​ក្រុមហ៊ុន កូកា-កូឡា។

អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់​ពាន់​នាក់​បាន​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុង​រាជធានី​ភ្នំពេញ ដោយ​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ឱកាស​ដ៏កម្រ​បំផុត​មួយ​ក្នុង​ឆាក​ជីវិត ដើម្បី​ទស្សនា​ពានបាល់​ទាត់ពិភពលោកដើម។ ព្រឹត្តិការណ៍នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​​​ពាន​បាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” នាំ​មក​ជូន​ដោយ​​ក្រុមហ៊ុន កូកា-កូឡា ដោយ​នាំយក​ពាន​ដើម​​មកបង្ហាញ​ជូនទស្សនា​ដល់​​​អ្នក​សេ្នហា​វិស័យ​កីឡាបាល់ទាត់​ជុំវិញ​ពិភព​លោក និងផ្តល់​ជូន​​ពួកគេ​នូវ​បទពិសោធ​ដ៏​វិសេស​វិសាល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​អ្នកគាំទ្រកីឡា។

​ម្ចាស់​ស្រោមដៃ​មាស ស៊ូ យ៉ាទី ត្រូវ​បាន​គេប្រទះឃើញ​ក្នុង​ទិដ្ឋភាពដែល​មិន​អាច​​រំលងបានកាលពី​ថ្ងៃ​ពុធកន្លងទៅ​។ កីឡាករណាហ្គាវើល គឺ​ជាបុគ្គលសំណាង​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់ពាន់​នាក់​ក្នុង​ទី​ក្រុងភ្នំពេញ ដែលបានចូលរួមស្វាគមន៍​ការមកដល់នៃ​ពានបាល់ទាត់​ពិភពលោកមក​កាន់ប្រទេស​កម្ពុជា​ជា​លើក​ដំបូង។

ក្រៅពី ស៊ូ យ៉ាទី​ ក៏មានលោក ប៊ុនឡេង ដែលជា Content Creator ដ៏ល្បីមួយ​រូបក៏បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍នេះដែរ ហើយ​លោកបានចែករំលែក​នូវបទពិសោធន៍ដែលមានតែ​ម្តង​ក្នុង​មួយ​ជីវិត​របស់​លោក​ ទៅ​កាន់ហ្វេនដែលតាមដានរូបលោកនៅក្នុងបណ្តាញអ៊ីនធឺណិតដ៏ច្រើន ដែល​មិនអាច​មាន​វត្តមាន​ដោយផ្ទាល់។

ដោយ​ឡែក​យុវសិស្ស​​អាយុ ១៦ឆ្នាំ​ម្នាក់ឈ្មោះ ឡុង ប៊ុនរឿន ដែល​ជា​ប្រធាន​ក្រុមបាល់ទាត់​នៅ​វិទ្យា​ល័យ​មួយ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ពាននេះ​ច្រើន​ដង​រួចមក​ហើយ​តាម​ទូរទស្សន៍។ វា​ពិត​ជា​អស្ចារ្យណាស់​ក្នុង​ការ​ឃើញ​ពាន​​ពិតនេះ​ដោយ​ភ្នែកផ្ទាល់របស់​ខ្ញុំ។ វា​​ជា​​បំណែក​​​នៃ​​ប្រវត្តិសាស្ត្រ​បាល់ទាត់ ខ្ញុំ​​ក៏​មិន​​អាច​​រក​​​ពាក្យ​មក​​ពណ៌នា​ពី​អារម្មណ៍​របស់​ខ្ញុំឱ្យ​​​ត្រូវទេ។ វា​​បាន​​ជំរុញចំណង់​​ចំណូល​ចិត្ត​​ឲ្យ​កាន់តែ​ស្រឡាញ់​​កីឡា​បាល់​ទាត់»។​ ដោយ​បានឃើញពានផ្ទាល់ភ្នែក អ្នក​ចូលរួម​ដែល​មាន​សំណាង​ទាំងអស់​ក៏មាន​ឱកាស​ថតរូប​ផ្លូវការ​ដោយ​ឈរ​​នៅក្បែរ​ពានដើម​ផងដែរ។ អ្នកគាំទ្រ​ជាច្រើ​ន​បា​ន​ចែក​រំលែក​បទពិសោធ​លើ​បណ្ដាញ​​សង្គម ដើម្បី​បង្ហាញ​​អារម្មណ៍​​រំភើប​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ។

លោក Leonardo Garcia

​ចំពោះ​មូលហេតុ​ដែល​ពាន World Cup ​មាន​វត្ដមាន​នៅ​កម្ពុជា​នេះ​ដែរ ត្រូវ​បាន​លោក Leonardo Garcia ​អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន កូកា-កូឡា ​បញ្ជាក់​ថា​ដោយសារ​កម្ពុជា​មាន​សន្ទុះ​គាំទ្រ​វិស័យ​បាល់ទាត់​ច្រើន​ទើប​លោក​ចុច​ឈ្មោះ​ទីក្រុង​ភ្នំពេញ​នេះ​ដែល​ត្រូវ​ដង្ហែ​ពាន​មក៕ ​

អត្ថបទ៖ នរវិទូ

មតិយោបល់