• 2024-05-08 14:31:00
  • បាល់ទាត់

ទោះ​ខំ​ជា​ច្រើន​ឆ្នាំ PSG មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​ Champions League

  • 2024-05-08 14:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស Paris Saint Germain នៅ​តែ​មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ពាន​លីគ​កំពូល​អឺរ៉ុប។ នេះ​បើ​ទោះ​បី​ជា​ក្លឹប​បាន​ខិត​ខំ​ប្រឹងប្រែង​ចំណាយ​ធនធាន​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ក្លឹប​ក្នុង​ការ​ប្រជែង​យក​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ។

កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ PSG បាន​ចាញ់​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ២ ទល់​នឹង ០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី Champions League។ បរាជ័យ​នេះ​បញ្ចប់​ក្ដី​ស្រមៃ​ឈ្នះ​ពាន​ UCL របស់​ក្លឹប​យក្ស​បារាំង​ក្នុង​រដូវ​កាល​ ២០២៣/២០២៤។

ការ​ឈ្នះ​ពាន UCL គឺ​ជា​អាទិភាព​ដ៏​ធំ​មួយ​របស់​ក្លឹប PSG ចាប់​តាំង​ពី​ឆ្នាំ ២០១១ មក នៅ​ពេល​ដែល​ក្លឹប​បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន Qatar Sports Investment ដែល​ជា​ផ្នែក​មួយ​នៃ​អាជ្ញាធរ​ទទួល​បន្ទុក​វិនិយោគ​ទុន​របស់​រដ្ឋាភិបាល​របស់​ប្រទេស​មហា​សេដ្ឋី​ប្រេង​កាតា។ PSG ក្លាយ​ជា​ក្លឹប​អ្នក​មាន ហើយ​បាន​ចំណាយ​ធនធាន​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​សមត្ថភាព​ និង​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​នៅ​អឺរ៉ុប តាម​រយៈ​ការ​នាំ​ចូល​កីឡាករ​ និង​អ្នក​ចាត់​ការ​ថ្លៃៗ​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់ៗ ហើយ​និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ទៀត​របស់​ក្លឹប។ យ៉ាង​នេះ​ក្ដី ក្លឹប​នៅ​មិន​ទាន់​ធ្វើ​បាន​ជោគជ័យ​ក្នុង​ការ​សម្រេច​អាទិភាព​ឈ្នះ​ពាន​ដ៏​កំពូល​មួយ​របស់​ក្នុង​កម្មវិធី​បាល់ទាត់​អឺរ៉ុប។

ជាង ១២ រដូវ​កាល​ចុង​ក្រោយ​គិត​ចាប់​ពី​រដូវ​កាល ២០១២/២០១៣ មក PSG ឡើង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង (រដូវ​កាល ២០១៩/២០២០) វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​ពីរ​លើក (រដូវ​កាល ២០២៣/២០២៤ និង ២០២០/២០២១) វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ចំនួន​បួន​ដង ហើយ​ធ្លាក់​ត្រឹម​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ចំនួន​បួន​ដង។ ក្លឹប​មិន​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នោះ​ទេ​ក្នុង​អំឡុង​ពេល​នេះ។

មាន​ការ​ជជែក​វែកញែក​ជា​ច្រើន ទាក់ទង​ហេតុ​អ្វី​ទើប​ PSG នៅ​តែ​មិន​ទាន់​អាច​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ឈ្នះ​ពាន​ UCL។ មតិ​មួយ​ចំនួន​លើក​ឡើង​គឺ​ដោយ​សារ PSG មាន​កីឡាករ​ល្អៗ​ច្រើន​ពេក ហើយ​ក្លឹប​មិន​អាច​រក​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​ពួក​គេ​លេង​ជា​មួយ​ត្រូវ​ទម្រង់​លេង​ជា​ក្រុម​បាន។ អ្នក​ខ្លះ​ទៀត​អះអាង​ថា គឺ​មក​ពី​ក្លឹប​បាន​វិនិយោគ​លើ​កីឡាករ​មិន​ចំ​គោល​ដៅ ដោយ​ចាយ​លុយ​លើ​កីឡាករ​ដែល​មាន​ឈ្មោះ​ល្បី ជា​ជាង​លើ​កីឡាករ​បង្គោល​ៗ​ដែល​ក្លឹប​ត្រូវ​ការ។ ការ​លើកឡើង​ដទៃ​ផ្សេង​ទៀត យល់​ថា ដោយ​សារ​សេចក្ដី​សម្រេច​ចិត្ត​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ផ្ទេរ​ចេញ​-ចូល​កីឡាករ​ និង​អ្នក​ចាត់​ការ​របស់​ក្លឹប​គឺ​ផ្អែក​លើ​ម្ចាស់​ក្លឹប​ ជា​ជាង​ថ្នាក់​បច្ចេកទេស​របស់​ក្លឹប ដែល​នាំ​ឲ្យ​ការ​រៀប​ចំ​ក្រុម​បាល់ទាត់​របស់​ក្លឹប​មិន​មាន​ភាព​មុត​ស្រួច បើ​ទោះ​ជា​ចំណាយ​ធនធាន​ច្រើន​សន្ធឹក​សន្ធាប់។

យ៉ាង​នេះ​ក្ដី មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​តែ​បន្ត​យល់​ថា PSG គឺ​ជា​ក្លឹប​យក្ស​មួយ​ដ៏​ធំ​នៅ​អឺរ៉ុប​ពោរ​ពេញ​ដោយ​សក្ដានុពល និង​ភាព​ប្រកួត​ប្រជែង​។ យោង​តាម​ការ​វិភាគ​មួយ​ចំនួន ជា​មួយ​នឹង​ធនធាន​ដ៏​សម្បូរ​បែប​ នា​ពេល​ណា​មួយ​ខាង​មុខ ក្លឹប​អាច​នឹង​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ជា​មិន​ខាន​ក្នុង​ការ​ឈ្នះ​ពាន Champions League ជាក់​ជា​មិន​ខាន៕

ប្រភព៖ UCL អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី