- 2023-12-19 08:00:27
- កីឡាផ្សេងៗ
NOCC និងក្រសួងអប់រំ៖ ប្រជុំជាមួយសហព័ន្ធជាតិសម្រួចផែនការ និងជំរុញការអភិវឌ្ឍន៍បន្តទៅមុខទៀត
- 2023-12-19 08:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC និងក្រសួងអប់រំ៖ ប្រជុំជាមួយសហព័ន្ធជាតិសម្រួចផែនការ និងជំរុញការអភិវឌ្ឍន៍បន្តទៅមុខទៀត
ចន្លោះមិនឃើញ
ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ដើម្បីសម្រួចផែនការ និងបន្តជំរុញអភិវឌ្ឍន៍បន្តទៀតពិសេសត្រៀមព្រឹត្តិការណ៍ប្រកួតធំៗ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា កាលពីព្រឹកមិញនេះគឺមានកិច្ចប្រជុំជាមួយបណ្ដាសហព័ន្ធកីឡាជាតិទាំងអស់ធ្វើផែនការសម្រួចសកម្មភាពទៅមុខបន្តទៀត។ ក្នុងនោះគឺប្រជុំជជែកអំពីអ្វីដែលជាផែនការពង្រឹងសមត្ថភាពស្ថាប័នសហព័ន្ធជាតិជាមួយក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យស៊ីចង្វាក់ការងារគ្នា។
កិច្ចប្រជុំនេះគឺដឹកនាំដោយឯកឧត្ដម ថោង ខុន ឯកឧត្ដម កែ ប៊ុនខៀង និងឯកឧត្ដម វ៉ាត់ ចំរើន ផ្ទាល់ព្រឹកមិញនេះដែរគឺបានធ្វើសេចក្ដីព្រាងមួយដើម្បីបានស្តង់ដារគំរូក្នុងការវាយតម្លៃសហព័ន្ធជាតិឲ្យស័ក្ដិសម និងការវាយតម្លៃ ស័ក្ដិសម និងការទទួលបានការគាំទ្រពីក្រសួងអប់រំ។ ជាមួយគ្នានេះដែរសេចក្ដីព្រាងនេះក៏ដើម្បីដាក់ស្នើទៅឧបនាយករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន អំពីស្តង់ដារគំរូសហព័ន្ធជាតិហើយក៏ដូចជាទៅលើអភិក្រមការងារយន្តការអភិវឌ្ឍន៍នៃកីឡាជំនាញកម្រិតខ្ពស់នេះ។
បន្ថែមពីនេះកិច្ចប្រជុំគឺទទួលបានព័ត៌មានច្រើនដែលជួយឲ្យសហព័ន្ធកាន់តែរឹងមាំ និងកែសម្រួលនូវនីតិវិធីមួយចំនួនជាពិសេសការជំរុញឲ្យសហព័ន្ធជាតិទទួលបាននូវយន្តការមួយដែលហៅថាអភិបាលកិច្ចល្អ។ អភិបាលកិច្ចល្អនេះហើយដែលនាំអង្គភាពជំនាញដែលជាអង្គការកីឡាសង្គមមានប្រសិទ្ធភាពក្នុងការដឹកនាំស្វែងរកឧត្ដមភាពកីឡា និងសក្ដានុពលលើឆាកជាតិ និងអន្តរជាតិ។
បញ្ជាក់ដែរថា កិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នេះធ្វើឡើងកាលពីព្រឹកមិញនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម ថោង ខុន ឯកឧត្ដម វ៉ាត់ ចំរើន ឯកឧត្ដម កែ ប៊ុនខៀង និងមន្ត្រីថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិជាច្រើនរូប៕ រូបភាព NOCC
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB