- 2020-05-27 10:06:06
- កីឡាផ្សេងៗ
CAMSOC៖ បើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញចំនួនពីរ និងពិនិត្យនិមិត្តសញ្ញា «Mascot»
- 2020-05-27 10:06:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC៖ បើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញចំនួនពីរ និងពិនិត្យនិមិត្តសញ្ញា «Mascot»
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថា CAMSOC ម្សិលមិញនេះ បើកកិច្ចប្រជុំជាមួយគណៈកម្មការព័ត៌មាន និងគណៈកម្មការវប្បធម៌ទាក់ទងទៅនិងដំណើរការផ្សេងៗឆ្ពោះទៅស៊ីហ្គេម ២០២៣។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ដែលដឹកនាំដោយអនុប្រធានម្សិលមិញនេះគឺជួបជាមួយគណៈកម្មការជំនាញចំនួនពីរ ទី១ កម្មការព័ត៌មាន និងផ្សព្វផ្សាយ ទី២ គណៈកម្មការវប្បធម៌ បរិស្ថាន ដើម្បីធ្វើបទបង្ហាញផែនការផ្សេងៗមុនយកទៅឆ្លងជូនទៅប្រធានសម្ដេច ទៀ បាញ់។
អ្នកជំនាញខាងកីឡាខាងលើនេះបន្តប្រាប់ទៀតថា ក្រោយស្ដាប់ការលើកឡើងរបស់ប្រធានគណៈកម្មការជំនាញទាំងពីររួចមក គឺគណៈកម្មការទាំងពីរនេះបានធ្វើកិច្ចការរួចរាល់ប្រមាណ ៦០ ទៅ ៧០% ហើយ។ គណៈអចិន្ត្រៃយ៍មានវឌ្ឍនភាព និងបានពន្លឿនលើកិច្ចការរបស់គណៈកម្មការជំនាញទាំងពីរនេះហើយដែរ ព្រោះគណៈកម្មការជំនាញពីរនេះត្រូវចេញដំណើរមុនគេ ដើម្បីធ្វើសកម្មភាពការងារឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។
ក្រៅតែពីប្រជុំជាមួយគណៈកម្មការជំនាញខាងលើនេះហើយនោះ អង្គប្រជុំក៏បន្តពិនិត្យនិមិត្តសញ្ញា «Mascot» បាវចនាផងដែរ។ ក្នុងនោះជាលទ្ធផលគឺមានភាពស្មុគស្មាញច្រើន ដោយត្រូវបន្តពិនិត្យសម្រិតសម្រាំងឲ្យមានភាពច្បាស់លាស់ខ្លាំងបន្ថែមទៀត មុននឹងសម្រេច។ ដោយសារនេះគឺជានិមិត្តរូប នៃស៊ីហ្គេម លើកទី៣២ ទាំងមូល ដូច្នេះឯកឧត្ដមបណ្ឌិត ថោង ខុន បានជំរុញឲ្យបន្តកែលំអធ្វើយ៉ាងណាឲ្យស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោកនេះមានភាពទាក់ទាញ ត្រូវទៅនិងគោលការណ៍ នយោបាយកីឡាផង ព្រមទាំងស្របទៅតាមគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាផងពីព្រោះ ស៊ីហ្គេម គឺជារបស់ទាំងអស់គ្នា។
រំលឹកដែរថា កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ម្សិលមិញនេះធ្វើឡើងនៅឯទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកនៃកម្ពុជា (NOCC) ដែលមានឯកឧត្ដម ថោង ខុន អនុប្រធាន ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ និងមន្ត្រីជំនាញរបស់ CAMSOC ជាច្រើននាក់ទៀត៕
អត្ថបទកែសម្រួលពីផេក Cambodia SEA GAMES 2023