• 2020-03-18 05:19:54
  • កីឡា​ផ្សេង​ៗ

បន្ទាប់​ពី​ប្រជុំ​បូក​សរុប​ការងារ​ និង​លើក​ទិសដៅ​ពេញ​មួយ​ថ្ងៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រេច​បាន​លទ្ធផល​៨​ចំណុច​ធំៗ

  • 2020-03-18 05:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ដឹកនាំ​មហាសន្និបាត​បូកសរុប​ការងារ​ ឆ្នាំ២០១៩ និង​ទិសដៅ​អនុវត្ត​ការងារ​ ឆ្នាំ២០២០​ សម្រេច​បាន​នូវ​លទ្ធផល​ចំនួន​ ៨​ធំៗ។​

ឯកឧត្ដម​ ថោង​ ខុន​

ចំណុច​សំខាន់ៗ​ទាំង​៨នោះ​រួម​មាន៖​

ទី១​ មហាសន្និបាត​ប្ដេជ្ញា​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ប្រកួត​កីឡា​ SEA Games​ លើក​ទី៣២​ ឆ្នាំ២០២៣​ ឲ្យ​ទទួល​បាន​ជោគជ័យ។​

ទី២​ បាន​ឯកភាព​គ្នា​យក​លទ្ធផល​បច្ចេកទេស​ នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ ឆ្នាំ២០២០​ ការ​ប្រកួត​កីឡា​ SEA Games​ លើក​ទី៣១​ ឆ្នាំ២០២១​ និង​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ ឆ្នាំ២០២២ ​គឺ​ជា​ម៉ែត្រ​វាស់​ស្ទង់​ស្តង់ដារ​គុណ​ផល​កីឡា​កម្ពុជា​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់​ ឆ្ពោះ​ទៅ​ SEA Games ​ ឆ្នាំ២០២៣។​

ទី៣​ សន្និបាត​បាន​ឯកភាព​គ្នា​ ស្នើ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ហាត់​ហ្វឹកហ្វឺន​ពេញ​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ២០២០​ ទៅ​ ដល់​ឆ្នាំ២០២៣។​

ទី៤​ សន្និបាត​ឯកភាព​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ និង​កែ​សម្រួល​នីតិវិធី​នៃ​ការ​គ្រប់គ្រង​ដឹកនាំ​ការងារ​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព។​

ទី៥​ ឯកភាព​ពង្រឹង​យន្តការ​ស្នូល​ ក្នុង​រង្វង់​សសរ​ស្តំ​ទាំង៣​ គឺ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សហព័ន្ធ​កីឡា​ជាតិ​ ដោយ​យក​គោលការណ៍​សម្របសម្រួល​ និង​ជួយ​ពិភាក្សា​គ្នា​ជាចម្បង។​

ទី៦​ ក្នុង​ដំណាក់​វិបត្តិ​ផ្លូវ​ដង្ហើម​ COVID-19​ មហាសន្និបាត​ឯកភាព​ ក្នុង​ឆ្នាំ២០២០​ បង្វែរ​យុទ្ធសាស្ត្រ​បង្កើន​ និង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ការ​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​ នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន។​

ទី៧​ មហាសន្និបាត​បាន​ឯកភាព​គ្នា​ លើ​ការ​កំណត់​សន្ទស្សន៍​មេដាយ​មាស​បណ្ដោះអាសន្ន​ កុម្ម៉ង់​ និង​មាន​ការ​កែសម្រួល​សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​ ប្ដេជ្ញា​ដណ្ដើម​ឲ្យបាន​ ក្នុង​ការ​ប្រកួត​កីឡា​ SEA ​Games ​លើក​ទី៣២​ ឆ្នាំ២០២៣។ ​

ទី៨​ មហាសន្និបាត​បាន​ឯកភាព​គ្នា​រាល់​សំណូមពរ​របស់​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​ ដើម្បី​ជួយ​ជំរុញ​ ការ​អភិវឌ្ឍ​ឈាន​ទៅ​ការ​រៀបចំ​ ASEAN PARA​ Games​ ឆ្នាំ២០២៣​ ឲ្យ​ទទួល​បាន​ជោគជ័យ។​

រំលឹក​ដែរ​ថា​ មហាសន្និបាត​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩​ និង​ការ​លើក​ទិសដៅ​សម្រាប់​ ឆ្នាំ​២០២០​ នេះ​ធ្វើ​ឡើង​រយៈពេល​ពេញ​១ថ្ងៃ​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ឯ​ទីស្នាក់ការ​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ៕​ (អត្ថបទ៖​ NOCC)

ទិដ្ឋភាពថ្ងៃមហាសន្និបាត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី