- 2018-08-17 04:38:58
- កីឡាផ្សេងៗ
Asian Games ឆ្នាំនេះកម្ពុជាប្ដេជ្ញាយកមេដាយមាសយ៉ាងតិច២
- 2018-08-17 04:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Asian Games ឆ្នាំនេះកម្ពុជាប្ដេជ្ញាយកមេដាយមាសយ៉ាងតិច២
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ កម្ពុជាត្រូវតែយកឲ្យបានមេដាយមាសយ៉ាងតិចពីរគ្រឿងពីព្រឹត្តិការណ៍កីឡា Asian Games 2018 នៅប្រទេសឥណ្ឌូណេស៊ីចន្លោះពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសជូនអត្តពលិក ៥ប្រភេទកីឡាទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើកាលពីព្រឹកមិញ ឯកឧត្ដមរូបនេះបានឲ្យដឹងថា កម្ពុជាបានកំណត់គោលដៅហើយថា ឆ្នាំនេះត្រូវតែធ្វើយ៉ាងណាយកមេដាយមាសឲ្យបានយ៉ាងតិច២គ្រឿងពី Asian Games ។ កម្ពុជាបានសម្រេចគោលដៅម្ដងរួចមកហើយកាល៤ឆ្នាំមុន ពោលគឺយកបានមេដាយមាស១ពីកម្មវិធីនេះ ដែលយកបានដោយ ស៊ន សៀវម៉ី។
ដោយឡែកឆ្នាំនេះកម្ពុជាសង្ឃឹមខ្ពស់លើប្រភេទកីឡា ម៉ូតូទឹក និងស៊ន សៀវម៉ី ជាក្ដីសង្ឃឹមក្នុងការទទួលបានមេដាយមាស។ ការរំពឹងនេះក៏ជាការកំណត់គោលដៅយ៉ាងច្បាស់របស់កម្ពុជា ក្នុងទិសដៅអភិវឌ្ឍន៍វិស័យកីឡាឲ្យមានភាពរីកមុខមាត់លើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ Asian Games 2018កម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ១៣ ឲ្យទៅចូលរួមប្រកួត ដែលមានកីឡាករ និងកីឡាការិនីចំនួន៤៣នាក់។ ដោយឡែកកាលឆ្នាំ២០១៤ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៣០ នាក់ឲ្យទៅចូលរួម ហើយក៏ទទួលបានមេដាយមាស១គ្រឿង ដែលយកបានដោយ ស៊ន សៀវម៉ី៕