• 2017-01-17 23:07:00
  • ប្រដាល់

ឃឹម ឌីម៉ា ​​ថា បើ​អាច​សុំ​​ប្រកួត​ញឹកញាប់​ ​ដើម្បី​បង្កើន​សមត្ថភាព​

  • 2017-01-17 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ទម្ងន់​៦៣.៥​គីឡូក្រាម​ ឃឹម ឌីម៉ា អះអាង​ថា ​​សមត្ថភាព​​របស់​គេ នឹង​​​កើន​ឡើង​កាន់​តែ​ខ្លាំង​ប្រសិន​បើ​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ញឹកញាប់​ជាង​ធម្មតា ជាង​នេះ​ទៅ​ទៀត​​អាច​មាន​ប្រាក់​ផ្ញើ​ឲ្យ​ឪពុក​ម្ដាយ​នៅ​​ស្រុក​​កំណើត​ខេត្ត​បន្ទាយ​មាន​ជ័យ​គ្រប់​គ្រាន់​​​។

ឃឹម ឌីម៉ា

​ឃឹម ឌីម៉ា ​ត្រូវ​បាន​​គេ​សម្គាល់​ឃើញ​​ថា​ ឡើង​សង្វៀន​​​ចំនួន​ ៤​អាទិត្យ​ជាប់​គ្នា​កាល​ពី​ខែ​​ធ្នូ​កន្លង​ទៅ​។ ជា​មួយ​ការ​ឡើង​សង្វៀន​ញឹកញាប់​បែប​នេះ​ រូប​គេ​មិន​បាន​ត្អូញត្អែរ​ថា ឈឺ​ខ្លួន​​ឬ​ហត់​នឿយ​នោះ​ទេ។ ប៉ុន្តែ​បែរ​ជា​​មាន​សមត្ថភាព​កើន​ឡើង​កាន់​តែ​ខ្លាំង ​ហើយ​អ្វី​ដែល​ពិសេស​នោះ​អាច​មាន​ប្រាក់​ផ្ញើ​ឲ្យ​ឪពុក​ម្ដាយ​​នៅ​ស្រុក​កំណើត​។

​​ជើង​ខ្លាំង​រូប​នេះបន្ថែម​​ថា​ ​​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​សមត្ថភាព​​​កើន​ឡើង នៅ​ពេល​មាន​​កម្មវិធី​ប្រកួត​ញឹកញាប់​​ ​​គឺ​ធ្វើ​ឲ្យ​គេ​ប្រឹងប្រែង​ហ្វឹកហាត់​ជាង​ធម្មតា។ ​ចំណែក​ប្រាក់​វ៉ៃ​បាន​អាច​ផ្ញើ​ទៅ​ស្រុក​កំណើត​ ​ជូន​អ្នក​មាន​គុណ​ ពី​ព្រោះ​​គ្រួសារ​របស់​គេ​​មិន​ធូរធារ​​ ​ដោយ​​ឪពុក​​ជា​ជាង​កាត់​សក់​ ​ខណៈ​ម្ដាយ​មេ​ផ្ទះ​។ រូប​គេ​ចង់​មាន​កម្មវិធិ​ប្រកួត​ញឹបញាប់​​ ដែល​តិច​បំផុត​​សុំ​ត្រឹម​២ ដង​ក្នុង​មួយ​ខែ។​​

ឃឹម ឌីម៉ា នឹង​ត្រូវ​ឡើង​សង្វៀន​​ម្ដង​ទៀត​នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​កម្ពុជា-​ថៃ​នៅ​​​សង្វៀន​ អាស៊ីអាគ្នេយ៍​ នា​ម៉ោង ២​:០០​រសៀល​តទៅ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី