- 2014-11-04 12:30:15
- ប្រដាល់
ពិតជាគួរឲ្យសរសើរ! បុរសបារាំងសោះតែស្រលាញ់គុនខ្មែរដូចជីវិតរបស់ខ្លួន
- 2014-11-04 12:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាគួរឲ្យសរសើរ! បុរសបារាំងសោះតែស្រលាញ់គុនខ្មែរដូចជីវិតរបស់ខ្លួន
ចន្លោះមិនឃើញ
អ្នកលេងក្បាច់គុនបុរាណខ្មែរ និងល្បុក្កតោជនជាតិបារាំង Bidaut Derek បានផ្ដួលជើងខ្លាំងជនជាតិជប៉ុនដោយកែងបកក្នុងទឹកទី២កាលពីចុងសប្ដាហ៍កន្លងទៅក្នុងដំណើរបេសកកម្មផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរនៅលើប្រទេសជប៉ុនរយៈពេល៣ខែ។ អ្នកលេងឆ្លងទ្វីបរូបនេះបានលើកទង់ជាតិខ្មែរ និងមានមោទនភាពសម្រាប់ការទទួលបានជ័យជម្នះ។
Bidaut Derek បាន Sabay ថា ៖«ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះការប្រកួតនេះ ពីព្រោះខ្ញុំមកជប៉ុន៣ខែដើម្បីផ្សព្វផ្សាយគុនខ្មែរ និងល្បុក្កតោ។ កាលពីថ្ងៃទី៤ ខែតុលា ខ្ញុំបានចាញ់ការប្រកួតម្តងហើយដោយពិន្ទុ តែលើកនេះខ្ញុំឈ្នះដោយវាយគេឲ្យសន្លប់ទឹកទី២»។ វាសំខាន់ណាស់សម្រាប់ការប្រកួតនេះដោយទទួលបានជ័យជម្នះតាមរយៈការប្រើកែងបកលើកីឡាករជប៉ុនល្បី Osaka ក្នុងទឹកទី២។
ពាក់ព័ន្ធនឹងការលើកទង់ជាតិកម្ពុជាលើសង្វៀន បុរសដែលមិនជាប់សាច់ឈាមខ្មែរបានឲ្យដឹងថា ៖«ខ្ញុំលើកទង់ជាតិខ្មែរ ព្រោះខ្ញុំរស់នៅកម្ពុជាតាំងពីឆ្នាំ២០១០។ ខ្ញុំបានរៀនសូត្រពីក្បាច់គុនខ្មែរគ្រប់បែបយ៉ាង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាខ្មែរ ទោះជាខ្ញុំមិនមានសញ្ជាតិខ្មែរក៏ដោយ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំទទួលបានសញ្ជាតិខ្មែរ»។
«ខ្ញុំស្រលាញ់កម្ពុជា។ រឿងសំខាន់បំផុតសម្រាប់ខ្ញុំគឺបង្ហាញពិភពលោកឲ្យដឹងថា តើក្បាច់គុនមួយថៃ (Muay Thai)មកពីណា។ មនុស្សច្រើនណាស់សួរខ្ញុំថា ហេតុអ្វីបានជាមិនហាត់នៅថៃ ខ្ញុំបានប្រាប់ពួកគេពីប្រភពដើមនៃគល់ក្បាច់គុនខ្មែរ។ ខ្ញុំចង់ឲ្យពិភពលោកដឹងថា គុនខ្មែរអស្ចារ្យណាស់»។
ពេលសួរថា តើក្បាច់គុនខ្មែរមានន័យណាចំពោះជីវិតរបស់លោក? បុរសបារាំងរូបនេះបានឆ្លើយថា ៖«ល្បុក្កតោ និងគុនខ្មែរគឺជាជីវិតខ្ញុំ។ ក្បាច់គុនខ្មែរធ្វើឲ្យខ្ញុំមានថ្ងៃនេះ ទោះជាមិនស្រួលគ្រប់ពេលក៏ដោយ។ ខ្ញុំចង់ឲ្យពិភពលោក និងមនុស្សជំនាន់ក្រោយបានស្គាល់មរតកគុនខ្មែរ ពីព្រោះវាជាផ្នែកមួយធំនៃវប្បធម៌ខ្មែរ»។
សម្រាប់ដំណើរទៅកាន់ប្រទេសជប៉ុននេះលោកបានឲ្យដឹងថា គាត់និងអ្នកកីឡា៤ផ្សេងទៀតកំពុងផ្សព្វផ្សាយក្បាច់គុនខ្មែរនៅប្រទេសជប៉ុន។ បេសកកម្មនេះមានរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំ២០១៤ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ទើបវិលត្រឡប់មកប្រទេសកម្ពុជា។ ក្នុងបេសកកម្មដែលមានកីឡាករ ពៅ ស័ក្តិសទ្ធិ, ប៊ឺត ខាំ, ចាន់ ថន និងលោកគ្រូម៉ាត់ អ៊ីមរ៉ុនគឺផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរ ការបង្វឹកបង្ហាត់ និងរៀបចំការប្រកួតដែលនឹងប្រព្រឹត្តនៅក្លិបចំនួន៥ខុសគ្នានៅប្រទេសជប៉ុន និងមានអ្នកផ្គូផ្គង់ម្នាក់ជាអ្នកឧបត្ថម្ភទាំងស្រុងសម្រាប់ដំណើរបេសកកម្មនេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា