- 2015-09-25 23:22:11
- ប្រដាល់
អ៊ុំ ចំរើន សម្រក់ញើសឈាមលើសង្វៀនទិញបានម៉ូតូធំតម្លៃជិត៦ពាន់ដុល្លារ
- 2015-09-25 23:22:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ ចំរើន សម្រក់ញើសឈាមលើសង្វៀនទិញបានម៉ូតូធំតម្លៃជិត៦ពាន់ដុល្លារ
ចន្លោះមិនឃើញ
កីឡាករវ័យក្មេង អ៊ុំ ចំរើន បានសន្សំលុយពីអាជីពប្រដាល់ និងការងារបន្ទាប់បន្សំផ្សេងទៀត រហូតអាចទិញបានម៉ូតូធំមួយគ្រឿងម៉ាក CBR កម្លាំង ៦០០CC តម្លៃជិត ៦ពាន់ដុល្លារ ដែលកម្រមានកីឡាករប្រដាល់ណាធ្វើបាន។
អ៊ុំ ចំរើន ជាកីឡាករប្រដាល់ម្នាក់ដែលតស៊ូទាំងក្នុងវិស័យកីឡា ការរៀនសូត្រ ក៏ដូចជាការងារបន្ទាប់បន្សំផ្សេងទៀត។ ប្រមាណជិតពីរខែមុន រូបគេបានប្រើលុយសន្សំផ្ទាល់ខ្លួនពីការឡើងប្រកួត លុយលេងតុងទីន ព្រមទាំងខ្ចីម្ដាយខ្លះ បង្គ្រប់ទិញបានម៉ូតូម៉ាក CBR កម្លាំង ៦០០CC មួយគ្រឿងដែលមានតម្លៃជិត ៦ពាន់ដុល្លារ។
ក្រោយគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់គួប៊ូតាលើសង្វៀនបាយ័ន ជាមួយទឹកប្រាក់ ១០លានរៀល កាលពីដើមកញ្ញានេះ ចំរើន បានយកលុយទៅសងម្ដាយវិញទាំងអស់។ ចំរើន បានប្រាប់ Sabay ថា ៖ "បាទបង... លុយហ្នឹងបានពីវ៉ៃដណ្ដើមខ្សែក្រវាត់ខ្លះ លេងតុងទីន លុយធ្វើការខ្លះ និងយកលុយយកពីម៉ាក់ខ្លះ ផ្សំគ្នា... តែពេលវ៉ៃឈ្នះខ្សែក្រវ៉ាត់ហើយ ខ្ញុំយកទៅឲ្យគាត់វិញទាំងអស់ហ្នឹង"។
ម៉ូតូ CBR កម្លាំង ៦០០CC របស់អ៊ុំ ចំរើន (រូបថត៖ ចំរើន)
កីឡាករដែលធ្លាប់មានប្រវត្តិឡើងវ៉ៃតាំងពីតម្លៃខ្លួន១០ម៉ឺនរៀលរូបនេះ បានបញ្ជាក់ថា គេមានជំនាញច្រើនទៀតក្រៅពីអាជីពប្រដាល់ ព្រោះចូលចិត្តរៀនសូត្រអ្វីដែលប្លែកៗ។ ទំនេរពីការប្រកួត ចំរើន បានធ្វើការជាអ្នកកាត់ស្បែកជើង គ្រាន់បានលុយខ្លះមកបំពេញក្រពះ ហើយកំពុងសហការជាមួយដៃគូបង្កើតកន្លែងចាក់សាក់មួយទៀត។
ម្ចាស់ខ្សែក្រវាត់គូប៊ូតា បានជួបភាពជោគជ័យខ្លាំងក្នុងអាជីពប្រដាល់ ប៉ុន្តែបែរជាបរាជ័យលើការសិក្សាក្នុងនោះធ្លាក់បាក់ឌុបពីរឆ្នាំជាប់គ្នា ដោយសារចំណាយពេលលើការហ្វឹកហាត់ខ្លាំងត្រៀមដណ្ដើមខ្សែក្រវាត់ ទើបធ្វើឲ្យគេប្រលងធ្លាក់បាក់ឌុបឆ្នាំ២០១៥។ ទោះបែបនេះក្ដី ចំរើន នៅតែបង្ហាញគោលចំហចង់សិក្សាបន្ត បើទោះបីអាជីពប្រដាល់អាចឲ្យគេរកប្រាក់ច្រើន រហូតទិញបានម៉ូតូធំជិះក្ដី៕
កីឡាករ អ៊ុំ ចំរើន(រូបខាងស្ដាំ) ជាមួយសមាជិកក្រុមម៉ូតូធំ (រូបថត៖ ចំរើន)
ចុចអាន៖ ម្ចាស់ខ្សែក្រវាត់វ័យក្មេង អ៊ុំ ចំរើន ធ្លាក់បាក់ឌុបពីរឆ្នាំ នៅតែស្រេកឃ្លានចង់រៀនបន្ត
អត្ថបទ៖ គង់ វិសាល