• 2015-09-23 15:57:16
  • ប្រដាល់

ម្ចាស់​​ខ្សែក្រវាត់​វ័យ​ក្មេង អ៊ុំ ចំរើន ធ្លាក់​បាក់​ឌុប​ពីរ​ឆ្នាំ នៅ​តែ​ស្រេកឃ្លាន​ចង់​រៀន​បន្ត

  • 2015-09-23 15:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ខ្សែក្រវាត់​គួប៊ូតា អ៊ុំ ចំរើន បាន​បង្ហាញ​ពី​ការ​ស្រេក​ឃ្លាន​ចង់​រៀន​បន្ត បន្ទាប់​ពី​ប្រលង​ធ្លាក់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) ឆ្នាំ២០១៥។ នេះ​គឺ​ជា​បរាជ័យ​ក្នុង​ការ​សិក្សា​លើក​ទីពីរ​របស់​អ្នក​ប្រដាល់​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​ បន្ទាប់​ពី​ប្រលង​ធ្លាក់​បាក់ឌុប​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤។

 

 

អ៊ុំ ចំរើន បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ក្រោយ​​ប្រលង​ធ្លាក់​​បាក់ឌុប​សាជាថ្មី​ក្នុង​ឆ្នាំ២០១៥ ប៉ុន្តែ​រូប​គេ​បាន​​តាំង​ចិត្ត​ថា​ប្រឹង​រៀន​បន្ត​មិន​បោះ​បង់​ឡើយ បើ​ទោះ​បី​អាជីព​ប្រដាល់​កំពុង​ជោគជ័យ​យ៉ាង​ណា​ក្ដី។ អ្វី​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ ចំរើន មិន​អាច​ប្រលង​ជាប់ ព្រោះ​រវល់​ហាត់​ដើម្បី​ឡើង​ប្រកួត​មួយ​ថ្ងៃ​មុន​ការ​ប្រលង។

 

នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី២៣ ខែ​សីហា អ៊ុំ ចំរើន បាន​ប្រកួត​ឈ្នះ​កីឡាករ សូយ យក្សតឿ​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គួប៊ូតា លើ​​សង្វៀន​បាយ័ន។ នៅ​ថ្ងៃ​ចន្ទ​បន្ទាប់​ថ្ងៃ​ទី២៤ ខែ​កញ្ញា ​រូប​គេ​ត្រូវ​ប្រលង​បាក់​ឌុប​ ដែល​ជា​ពេល​វេលា​ដ៏​តឹង​តែង​មួយ ព្រោះ​មិន​បាន​រៀន​សូត្រ​ពេញ​លេញ ដោយ​សារ​ត្រូវ​បែង​ចែក​ពេល​វេលា​ហ្វឹកហាត់។

 

 

យ៉ាង​ណា​ក្ដី ក្រោយ​ពេល​ប្រលង​រួច កីឡាករ​វ័យ​ក្មេង​រូប​នេះ​នៅ​តែ​មាន​សង្ឃឹម​ថា​ជាប់ ​ព្រោះ​អាច​សរសេរ​បាន​ច្រើន​គួរ​សម ព្រម​ទាំង​មាន​ចិត្ត​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ប៉ុន្មាន​ថ្ងៃ​​​ក្រោយ​​រហូត​ក្លាយ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​គួប៊ូតា បន្ទាប់​ពី​កីឡាករ សរ រាជសី ប្រកួត​ខុស​លក្ខន្តិកៈ។ នៅ​ថ្ងៃ​ប្រកាស​លទ្ធ​ផល ចំរើន ត្រូវ​ឡើង​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​ថៃ​ម្នាក់​ទៀត។

 

ខណៈ​ពេល​កំពុង​តែង​ខ្លួន​រៀប​ឡើង​​សង្វៀន​ប្រកួត ស្រាប់​តែ​បង​ប្អូន​ប្រាប់​តាម​ទូរសព្ទ​ថា ចំរើន ធ្លាក់​បាក់​ឌុប​ហើយ។ ចំរើន បាន​ឡើង​វាយ​ទាំង​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ហើយ​បូក​រួម​ទាំង​កីឡាករ​ថៃ​វាយ​ចំ​តំបន់​ពិសេស​ញឹក​ញាប់ ទើប​​ត្រូវ​ចាញ់​ការ​ប្រកួត​ក្នុង​ទឹក​ទី​បី ដែល​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ផ្ទួន​ៗ​​សម្រាប់​រូប​គេ។

 

ចំរើន បាន​និយាយ​ប្រាប់ Sabay ថា៖ "ខ្ញុំ​ស្ដាយ​ណាស់​បង... បើ​ខ្ញុំ​ជាប់​បាក់​ឌុប ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ឈ្នះ​ខ្សែ​ក្រវាត់​ទៀត... ខ្ញុំ​ចង់​ប្រាប់​ពិធីករ​ពេល​កំពុង​សម្ភាស​មុន​វ៉ៃ​ជាមួយ​ថៃ​ថា ខ្ញុំ​ជាប់​បាក់​ឌុប​ហើយ... ពេល​នោះ​មិន​ដឹង​ខ្ញុំ​រំភើប​យ៉ាង​ណា​ទេ"។ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា បើ​នាយក​សាលា​អនុញ្ញាត​ឲ្យ​​រៀន​បន្ត គេ​នឹង​ប្រឹង​ប្រែង​យក​ពេល​រៀន​សូត្រ​ឲ្យ​បាន​ច្រើន៕ អត្ថបទ៖ គង់ វិសាល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី