- 2015-09-15 17:41:49
- ប្រដាល់
ជើងខ្លាំងកម្ពុជាជួរមុខទាំង៤ប្រាប់មូលហេតុចាញ់អ្នកលេងឆ្លងដែនថៃ Watcharalek
- 2015-09-15 17:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងកម្ពុជាជួរមុខទាំង៤ប្រាប់មូលហេតុចាញ់អ្នកលេងឆ្លងដែនថៃ Watcharalek
ចន្លោះមិនឃើញ
អ្នកប្រដាល់ថៃ Watcharalek Or. Kwanmueng ត្រូវមជ្ឈដ្ឋានទូទៅចាត់ទុកជាកីឡាករជើងខ្លាំងម្នាក់ ព្រោះធ្លាប់បំបាក់កីឡាករកម្ពុជាច្រើនរូប ដែលក្នុងនោះមានដូចជា ពេជ្រ សីហា, ឡៅ ស៊ីណាត, បឺត ខាំ, និងចុងក្រោយ គឺ វង្ស ណយ ដែលទើបរងបរាជ័យកាលពីថ្ងៃអាទិត្យនេះ។ កីឡាករជើងខ្លាំងកម្ពុជាទាំងបួនរូប បានរៀបរាប់ពីមូលហេតុដែលធ្វើឲ្យខ្លួនចាញ់កីឡាករថៃ Watcharalek ដូចខាងក្រោម។
១. ឡៅ ស៊ីណាត
ខ្លាចាស់ ឡៅ ស៊ីណាត បានចាញ់កីឡាករឆ្លងដែនថៃ Watcharalek ពីរលើកហើយ។ ចាញ់លើកទីមួយក្នុងការប្រកួតមិត្តភាព ឯបរាជ័យលើកទីពីរក្នុងការប្រកួតបើកឆាកសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី២ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។ កីឡាករពោរពេញដោយបទពិសោធន៍រូបនេះ បានប្រាប់ Sabay ថា មូលហេតុដែលខ្លួនចាញ់ គឺដោយសារកីឡាករឆ្លងដែនមកពីថៃ មានភាពប្រុងប្រយ័ត្ន រាងកាយវិញក៏រឹងមាំ ពិបាកឲ្យខ្លួនវាយចូលដើម្បីយកពិន្ទុ។
២. បឺត ខាំ
កីឡាករដៃរហ័ស បឺត ខាំ បានចាញ់កីឡាករ Watcharalek Or. Kwanmueng ដោយប្រកួតខុសលក្ខន្តិកៈក្នុងជំនួបមិត្តភាពមុនដណ្ដើមខ្សែក្រវាត់។ កីឡាករដែលមានរហ័សនាមខ្លាចាស់កំពូលល្បិចរូបនេះបានបញ្ជាក់ថា កីឡាករ Watcharalek មានកម្លាំងខ្លាំង និងរឹងមាំជាងគូប្រកួតធម្មតា ចំណែកឯការវាយចេញក៏បានច្រើនគួរសម។ កីឡាករជើងខ្លាំងទាំងពីរនាក់ នឹងជួបប្រកួតគ្នាម្ដងទៀតនៅថ្ងៃ២៧ ខែកញ្ញាខាងមុខ ក្នុងកម្មវិធីសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់។
៣. ពេជ្រ សីហា
កីឡាករ ពេជ្រ សីហា បានប្រកួតចាញ់កីឡាករថៃ Watcharalek ដោយពិន្ទុ ក្នុងជំនួបសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី២។ ពេជ្រ សីហា បាននិយាយប្រាប់ Sabay ថា ចំណុចខ្លាំងរបស់កីឡាករថៃរូបនេះគឺ ជំហររឹងមាំ ចូលវាយបានកៀក ចាប់ក្រៀកល្អ និងកម្លាំងខ្លាំង។
៤. វង្ស ណយ
ផ្ទុយពីកីឡាករបីរូបខាងលើ ជើងខ្លាំងប្រើកែង វង្ស ណយ បានប្រាប់ថា កីឡាករ Watcharalek មិនជាខ្លាំងណាស់ណានោះទេ។ មូលហេតុដែលរូបគេចាញ់កាលពីប្រកួតសន្សំពិន្ទុលើកទី៣ នាថ្ងៃអាទិត្យនោះ ក៏ដោយសារមានជំងឺជាប់ខ្លួនគឺដុះសាច់ច្រមុះ និងមិនបានហាត់គ្រប់គ្រាន់។ វង្ស ណយ បានបញ្ជាក់ថា រូបគេមិនខ្លាចជួបកីឡាករ Watcharalek Or. Kwanmueng ម្ដងទៀតឡើយ៕
ចុចអាន៖ អ្នកប្រដាល់ល្បីឈ្មោះម្នាក់ប្រាប់ហេតុផលដែលប្រដាល់កម្ពុជាមិនល្បីលើឆាកអន្តរជាតិ
ចុចអាន៖ បញ្ហាអសកម្ម៦យ៉ាងក្នុងពិភពប្រដាល់ខ្មែរសព្វថ្ងៃនេះ
អត្ថបទ៖ គង់ វិសាល