- 2015-08-24 15:38:07
- ប្រដាល់
ម្សិលមិញ អ៊ុំ ចំរើន វ៉ៃឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ ថ្ងៃនេះត្រូវប្រឡងបាក់ឌុប
- 2015-08-24 15:38:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្សិលមិញ អ៊ុំ ចំរើន វ៉ៃឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ ថ្ងៃនេះត្រូវប្រឡងបាក់ឌុប
ចន្លោះមិនឃើញ
អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធិ អ៊ុំ ចំរើន បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដណ្តើមខ្សែក្រវាត់គួប៊ូតានៅសង្វៀនបាយ័ន បន្ទាប់ពីបានប្រកួតឈ្នះ សូយ យក្សតឿ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ហើយថ្ងៃនេះរូបគេត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ថែមទៀត។
អ៊ុំ ចំរើន ជាកីឡាករប្រដាល់ម្នាក់ដែលខិតខំប្រឹងប្រែតស៊ូដើម្បីចាប់អាជីពប្រដាល់ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងវ័យក្មេង។ ស្របនឹងការចាប់អាជីពប្រដាល់ កីឡាកររូបនេះមិនបោះបង់ចោលការសិក្សាឡើយគឺនៅបន្តការសិក្សា ទោះបីជាធ្លាក់បាក់ឌុបម្តងហើយកាលពីឆ្នាំ២០១៤កន្លងទៅ។
កីឡាករដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកគ្រូ ញ៉ូវ ម៉ាក់ នៃក្លិបតាឡីមានរិទ្ធិរូបនេះបានប្រាប់ Sabay ថា រូបគេចាប់អាជីពគឺដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សា ការចំណាយផ្ទាល់ខ្លួន និងកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ។ ទោះបីជារូបគេបានប្រឡងធ្លាក់បាក់ឌុបម្តងហើយក្តី ប៉ុន្តែរូបគេនៅតែព្យាយាមប្រឡងឆ្នាំនេះទៀតដើម្បីយកសញ្ញាបត្របាក់ឌុបឲ្យបាន។
ទន្ទឹមនឹងការសិក្សាដែលត្រូវប្រឡងនេះ អ៊ុំ ចំរើន នៅតែខំប្រឹងហ្វឹកហាត់សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គូប៊ូតានៅសង្វៀនបាយ័ន។ ទីបំផុតលទ្ធផលរបស់គេទទួលបានគួរជាទីគប់ចិត្តដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះជើងខ្លាំងរៀមច្បង សូយ យក្សតឿ កាលពីរសៀលថ្ងៃអាទិត្យ។ តាមពិតរូបគេធ្លាប់ចាញ់ សូយ យក្សតឿ ម្តងហើយកាលវគ្គសន្សំពិន្ទុ។ វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ អ៊ុំ ចំរើន ត្រូវជួប សរ រាជសី ដើម្បីប្រជែងយកខ្សែក្រវាត់៕
វីដេអូ៖ ការប្រកួតរវាង អ៊ុំ ចំរើន និង សូយ យក្សតឿ
អត្ថបទ៖ ជាន ចាន់រ៉ា