- 2015-03-26 15:36:32
- ប្រដាល់
បុរសបារាំង Derek ប្ដេជ្ញាបង្ហាញល្បុក្កតោដល់ពិភពលោកបានស្គាល់
- 2015-03-26 15:36:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសបារាំង Derek ប្ដេជ្ញាបង្ហាញល្បុក្កតោដល់ពិភពលោកបានស្គាល់
ចន្លោះមិនឃើញ
បុរសជនជាតិបារាំង Bidaut Derek ដែលលង់នឹងក្បាច់គុនល្បុក្កតោជាច្រើនឆ្នាំមកហើយបានប្តេជ្ញាចំណាយកម្លាំងកាយចិត្តដើម្បីនាំយកក្បាច់គុនល្បុក្កតោខ្មែរឲ្យមនុស្សទូទាំងពិភពលោកបានស្គាល់។
មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រានចូលមកដល់ កីឡាករប្រដាល់ក្បាច់គុនខ្មែរបុរាណជនជាតិបារាំងលោក Bidaut Derek ដែលនឹងចូលរួមសម្តែងក្បាច់គុនល្បុក្កតោនៅប្រាសាទអង្គរវត្តជាមួយនឹងកីឡាករដទៃទៀតនោះបាននិយាយថា ៖«ដូចរាល់ឆ្នាំអីចឹង! ខ្ញុំសប្បាយរីករាយ ទោះជាខ្ញុំដឹងថា យើងនឹងហត់នឿយចំពោះការសម្តែង តែវាជាឱកាសដ៏ល្អកម្រមានមួយដើម្បីបង្ហាញដល់ខ្មែរជំនាន់ក្រោយ និងមនុស្សជុំវិញពិភពលោកឲ្យស្គាល់នូវអ្វីដែលជាល្បុក្កតោ និងជាវប្បធម៌របស់ខ្មែរ»។
«នេះជាឱកាសដ៏មានសារៈសំខាន់បំផុត សម្រាប់ខ្ញុំ ក៏ដូចជាកីឡាករដទៃទៀតដើម្បីសម្តែងបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានស្គាល់ពីគុនបុរាណខ្មែរ។ ទោះជាយូរៗមានម្តង ក៏ខ្ញុំនឹងខិតខំធ្វើឲ្យបានល្អ ហើយបើមានឱកាស ខ្ញុំនឹងចេញទៅសម្តែងនៅក្រៅប្រទេសថែមទៀត»។
«ខ្ញុំស្រលាញ់កម្ពុជា។ រឿងសំខាន់បំផុតសម្រាប់ខ្ញុំគឺបង្ហាញពិភពលោកឲ្យដឹងថា តើក្បាច់គុនរបស់ថៃ (Muay Thai)មកពីណា? មនុស្សច្រើនណាស់សួរខ្ញុំថា ហេតុអ្វីបានជាមិនហាត់នៅថៃ ខ្ញុំបានប្រាប់ពួកគេពីប្រភពដើមនៃគល់ក្បាច់គុនខ្មែរ។ ខ្ញុំចង់ឲ្យពិភពលោកដឹងថា គុនខ្មែរអស្ចារ្យណាស់»។
លោកបានបន្ថែមថា ៖«ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សូមបងប្អូនចំណាយពេលវេលាទស្សនាការសម្ដែងល្បុក្កតោ និងសិក្សាស្វែងយល់ពីអ្វីដែលជាវប្បធម៌ខ្មែរ។ ខ្ញុំចង់ឲ្យខ្មែរជំនាន់ក្រោយចំណាយពេលវេលាខ្លះដើម្បីថែរក្សា និងអភិរក្សក្បាច់គុនបុរាណទាំងអស់គ្នា»។
កីឡាករបារាំង Bidaut Derek បានចូលមកហ្វឹកហាត់ប្រដាល់ខ្មែរ និងក្បាច់គុនល្បុក្កតោអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារលោកស្រលាញ់ចូលចិត្តក្បាច់គុនខ្មែរ។ លើសពីនេះទៀតលោកបានជាប់ចិត្តស្រលាញ់នារីខ្មែរម្នាក់ដែលមានបំណងចង់រៀបការជាមួយ និងរស់នៅលើទឹកខ្មែរជារៀងរហូតថែមទៀតផង។
កាលពីខែមុន កីឡាករបារាំងរូបនេះ និងអតីតកីឡាករ ពៅ ស័ក្តិសទ្ធិ, ប៊ឺត ខាំ, ចាន់ ថន និងលោកគ្រូម៉ាត់ អ៊ីមរ៉ុនគឺផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរ ការបង្វឹកបង្ហាត់ និងរៀបចំការប្រកួតដែលនឹងប្រព្រឹត្តនៅក្លិបចំនួន៥ខុសគ្នានៅ ប្រទេសជប៉ុន៕
Bidaut Derek សម្តែងល្បក្កតោក្នុងពិធីអង្គរសង្ក្រានឆ្នាំ២០១៤
អត្ថបទ៖ ជាន ចាន់រ៉ា