- 2015-01-29 17:49:37
- ប្រដាល់
មើលនែ! អ៊ុំ ចំរើន ហ្វឹកហាត់ ត្រៀមផ្តួលជើងខ្លាំងថៃកំពូលអួត អាទិត្យនេះ
- 2015-01-29 17:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលនែ! អ៊ុំ ចំរើន ហ្វឹកហាត់ ត្រៀមផ្តួលជើងខ្លាំងថៃកំពូលអួត អាទិត្យនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងឡើងជើង អ៊ុំ ចំរើន បានឲ្យដឹងថា រូបគេបានហ្វឹកហាត់គ្រប់គ្រាន់ និងពេញលេញដើម្បីត្រៀមជួបប្រកួតនឹងជើងខ្លាំងថៃ Hor Kwanmoung នៅសង្វៀនបាយ័នស្ទឹងមាននាល្ងាចថ្ងៃអាទិត្យនេះ។
អ៊ុំ ចំរើនបាននិយាយថា ៖«ខ្ញុំដឹងថាគេខ្លាំង ជាពិសេសខ្លាំងអោប ដូច្នេះខ្ញុំបានហ្វឹកហាត់ទប់ទល់នឹងការអោបរបស់គេហើយ។ លើកនេះខ្ញុំអត់វ៉ៃដូចលើកមុនទេ គឺខ្ញុំព្យាយាមវាយប្រយោលច្រើនជាងការសម្រុកចូលវាយដូចមុនៗ ព្រោះខ្ញុំដឹងថា គេខ្លាំង បើខ្ញុំសម្រុកខ្លាំង ខ្ញុំនឹងចាញ់ស៊ុហ្វគេ»។ តារាប្រចាំក្លិបតាឡីដំរីមានរិទ្ធិរូបនេះអាងថា រូបគេសង្ឃឹមឈ្នះ៨០%។
ចំណែកលោកតា ញ៉ូវ ម៉ាក់ គ្រូធំប្រចាំក្លិបតាឡីដំរីមានរិទ្ធិ និងជាគ្រូរបស់អ៊ុំ ចំរើនបានឲ្យដឹងថា លោកមានសង្ឃឹមខ្ពស់លើកូនសិស្សរបស់លោកម្នាក់នេះគឺរហូតដល់៩៥% ប៉ុន្តែត្រូវតែផ្លាស់ប្តូរបច្ចេកទេសប្រកួត។
លោកគ្រូធំថា ៖«ចំរើនត្រូវតែដូរបច្ចេកទេសប្រកួត កុំវ៉ៃដូចប្រកួតនឹងកីឡាករខ្មែរគ្នាឯង ត្រូវមើលបច្ចេកទេសប្រកួតរបស់សិស្សច្បង ផល សោភ័ណ្ឌ។ សម្រាប់ទឹក១ និង២ ប្រសិនបើកីឡាករថៃវ៉ៃបុកខ្លាំង យើងត្រូវគេចចេញទៅឆ្វេង ឬទៅស្តាំ ហើយចាំទឹក៣ទើបវាយសម្រុកមួយប្រាវ បើអាចទៅរួចវាយផ្តាច់តែម្តង តែបើមិនអាច ដកថយសិន ហើយរងចាំមើលចំណុចខ្សោយណាមួយដើម្បីវាយសម្រុក និងផ្តួលតែម្តង។ ខ្ញុំសង្ឃឹម៩៥%សម្រាប់អ៊ុំ ចំរើន»។
អ៊ុំ ចំរើនបានបន្ថែមថា សម្រាប់ការប្រកួតនឹងកីឡាករបរទេស រូបគេបន្ថែមការហ្វឹកហាត់ច្រើនជាងការហ្វឹកហាត់សម្រាប់ប្រកួតនឹងកីឡាករខ្មែរដូចគ្នា។ ហ្វឹកហាត់រយៈពេល៣ម៉ោងក្នុងមួយពេលសម្រាប់ការប្រកួតនឹងកីឡាករខ្មែរ ប៉ុន្តែហ្វឹកហាត់រហូតដល់៤ទៅ៥ម៉ោងក្នុងមួួយពេលសម្រាប់ការប្រកួតនឹងកីឡាករបរទេស។
កាលពីជាងកន្លះខែមុន អ្នកលេងឆ្លងដែនថៃ Hor Kwanmoung ដែលបានប្រកួតឈ្នះពិន្ទុ ថៃ ប៊ុនហាន បានប្រកាសស្វែងរកជើងខ្លាំងកម្ពុជាប្រកួត។ ទីបំផុតរូបគេត្រូវបានផ្គូផ្គងឲ្យជួបនឹង អ៊ុំ ចំរើន។ ចាំមើលថា តើកីឡាករវ័យក្មេងកម្ពុជារូបនេះធ្វើបានល្អដល់កម្រិតណា មានតែរង់ចាំតាមដានទាំងអស់គ្នានាថ្ងៃអាទិត្យនេះ វេលាម៉ោង៦ល្ងាច នៅសង្វៀនបាយ័ន ស្ទឹងមានជ័យ៕
វីដេអូ អ៊ុំ ចំរើន ហ្វឹកហាត់ត្រៀមប៉ះកីឡាករថៃ http://youtu.be/JSP3SwMoFrc
អត្ថបទ៖ ជាន ចាន់រ៉ា