• 2014-12-05 16:56:17
  • ប្រដាល់

ទាយ​មើល៍ សំ ថារ័ត្ន និង Nagaowa ឆ្លង​ផុត​ទឹក​ទី​៣​អត់​នៅ One FC ​ល្ងាច​នេះ?

  • 2014-12-05 16:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កម្ពុជា​កញ្ញា សំ ថារ័ត្ន និង​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ហ្វីលីពីន Jujeath Nagaowa ត្រូវ​ត​តាំង​គ្នា​វេលា​​ម៉ោង​៦​ល្ងាច​នេះ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ One FC: Warrior’s Way នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

 

ការ​ប្រកួត​នៅ​លើ​សង្វៀន​ One FC របស់​កីឡា​ការិនី​ទាំង​ពីរ​រូប​នេះ​សុទ្ធ​តែ​ឆ្លង​មិន​ផុត​ទឹក​ទី​៣​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ។ កីឡា​ការិនី​ល្បុក្កតោ សំ ថារ័ត្ន​បាន​​ផ្តួល​មិត្ត​រួម​ជាតិ​ វី ស្រីឆាយ ក្នុង​ទឹក​ទី​១ នៅ​ព្រឹត្តិការណ៍​ One FC: Rise of the Kingdom នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤។ ចំណែក​កីឡា​ការិនី​ហ្វីលីពីន Jujeath Nagaowa បាន​ផ្តួល​កីឡា​ការិនី​ឥណ្ឌា Jeet Toshi ​ក្នុង​ទឹក​ទី​២​នៅ​ស្រុក​កំណើត​ទី​ក្រុង​​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ដើម​ឆ្នាំ​២០១៤។

 

បើ​និយាយ​ពី​បទ​ពិសោធន៍​កីឡា​ការិនី​ទាំង​ពីរ​រូប​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន។ ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ធ្លាប់​ប្រកួត​ប្រដាល់​សាកល​អាជីព​បាន​ចំនួន​២៥​ដង​ក្នុង​នោះ​ឈ្នះ​១២​ដង និង​ចាញ់​១៣​ដង​ដោយ​​​ធ្លាប់​គ្រង​​ខ្សែ​ក្រវាត់​ប្រដាល់​សាកល​ WBC Asia Atomweight Champion ប្រចាំ​ទ្វីប​អាស៊ី។

 

ចំពោះ​កីឡា​ការិនី​កម្ពុជា​វិញ សំ ថារ័ត្ន​ មិន​ធ្លាប់​បាន​ប្រកួត​នឹង​កីឡា​ការិនី​បរទេស​ទេ​កន្លង​មក​ទាំង​ប្រដាល់​គុន​ចម្រុះ និង​ក្បាច់​ខ្មែរ​បុរាណ។ បទ​ពិសោធន៍​លើ​សង្វៀន​ប្រដាល់​សេរី​​ កីឡា​ការិនី​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១២​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ជ័យជម្នះ​ច្រើន​ជាង​ចាញ់។ បន្ទាប់​ពី​ការ​ប្រកួត​នេះ​កញ្ញា​នឹង​ត្រូវ​ប្រកួត​ប្រដាល់​សេរី​មួយ​ទៀត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ខេត្ត​កោះ​កុង​​នា​ពេល​ខាង​មុខ។

 

កាល​ពី​ម្សិល​មិញ សំ ថារ័ត្ន​បួង​សួង​ និង​រំលឹក​នឹក​គុណ​អ្នក​មាន​គុណ​ទាំង​ពីរ​ឲ្យ​ជួយ​ជា​​អំណាច​ និង​កម្លាំង​ចិត្ត​ដើម្បី​ទទួល​បាន​​ជ័យជំនះ​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។

 

សំ ថារ័ត្ន និង​ Jujeath Nagaowa ​នឹង​ក្លាយ​ជា​គូ​បើក​ឆាក​នៃ​ព្រឹត្តិការណ៍ One FC: Warrior’s Way ​វេលា​ម៉ោង​៦​ល្ងាច​នេះ​ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤។ ទូរទស្សន៍ MYTV មិន​បាន​ផ្សាយ​បន្ត​ផ្ទាល់​ភ្លាម​ៗ​ទេ​ល្ងាច​នេះ​ ប៉ុន្តែ​នឹង​ចាក់​ផ្សាយ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ស្អែក៕

តោះ​នាំ​គ្នា​ទាយ​ទាំង​អស់​គ្នា​មើល៍ កីឡា​ការិនី​ទាំង​ពីរ​នេះ​អាច​ឆ្លង​ដល់​ទឹក​ទី​៣​អត់?

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី