• 2024-10-08 04:40:58
  • ប្រដាល់

តើ​អាច​មាន​ឱកាស​បែប​នេះ​ទេ!​ សែន​ រ៉ាដេត​ ចង់​ប្រកួត​លុយ​ធំ​ ឬ​ដណ្ដើម​ឡាន​ដូច​គេ​ដែរ​មុន​ចូល​និវត្តន៍​ក្នុង​ពេល​ណា​មួយ​...​

  • 2024-10-08 04:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​កោះកុង​ សែន​ រ៉ាដេត​ ថា​ខ្លួន​ពិត​ជា​ចង់​មាន​ឱកាស​ពិសេសៗ​ដូច​កីឡាករ​ដទៃ​ណាស់​ដូច​ជា​ការ​​ដណ្ដើម​ប្រាក់​រង្វាន់​ធំៗ​ ថវិកា​ ឡាន​ ឬ​ផ្ទះ​ ជា​ដើម​ព្រោះ​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ដែរ​ហើយ។​

រូបភាពហ្វេសបុក រ៉ាដេត

សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរឆ្នាំ​មក​ហើយ​ ដូច្នេះ​មិន​ដឹងថា​អាច​នឹង​បន្ត​បាន​យូរ​ប៉ុណ្ណា​ទៀត​នោះ​ទេ។​ យ៉ាង​ណា​បច្ចុប្បន្ន​នេះ​ខ្លួន​ពិត​ជា​ចង់​មាន​ឱកាស​បាន​លេង​កម្មវិធី​ធំ​ដូច​កីឡាករ​មួយ​ចំនួន​ផង​ដែរ​អាច​ជា​ការ​ដណ្ដើម​ឡាន​ ផ្ទះ​ ឬ​ប្រាក់​រង្វាន់​ធំ​ផ្សេងៗ​ដើម្បី​បន្សល់​ជា​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កេរ្តិ៍ដំណែល​ពី​ប្រដាល់​មុន​ឈាន​ដល់​ពេល​ចូល​និវត្តន៍។​

រូបភាពហ្វេសបុក រ៉ាដេត

អ្នក​ប្រដាល់​ចិត្ត​សឿង​ និង​វាយ​មិន​ចេះ​លាក់​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​ប្រដាល់​គុន​ខ្មែរ​មាន​ការ​ឧបត្ថម្ភ​ និង​រៀបចំ​កម្មវិធី​ធំៗ​ក៏​ច្រើន​ផង​នោះ​ទើប​រូប​គេ​ចង់​មាន​ឱកាស​ពិសេស​បែប​នេះ​ដែរ។​ រ៉ាដេត​ សង្ឃឹម​ថា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​នឹង​ផ្ដល់​ឱកាស​ដល់​គីឡូ​ស្រាល​ៗ​ដូច​ជា​រូប​គេ​​បាន​លេង​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។​

រូបភាពហ្វេសបុក រ៉ាដេត

បញ្ជាក់​ដែរ​ថា​ សែន​ រ៉ាដេត​ ជា​ប្អូន​ប្រុស​របស់​ សែន​ រ៉ាឌី​ និង​ ឆ្លាម​ ស​ ដែល​ជា​អតីត​ជើង​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នា​ពេល​កន្លង​មក។​ ត្រកូល​ សែន​ មក​ពី​ខេត្ត​កោះកុង​ទាំង​៣រូប​ខាង​លើ​នេះ​គឺ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ និង​ទទួល​បាន​ការ​ស្រឡាញ់​ចូលចិត្ត​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ។​ បច្ចុប្បន្ន​នេះ​គឺ​នៅ​សល់​តែ​ សែន​ រ៉ាដេត​ នោះ​ទេ​ដែល​បន្ត​ឡើង​ប្រកួត​តាម​សង្វៀន​ផ្សេងៗ។​ ប៉ុន្តែ​អ្នក​ទាំង​៣​ក៏​បាន​បង្កើត​ក្លឹប​ប្រដាល់​មួយ​ផង​ដែរ​ឈ្មោះ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ដែន​សមុទ្រ​ដែល​កំពុង​បណ្ដុះបណ្ដាល​ថ្នាល​គុន​ខ្មែរ​ និង​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​មរតក​ក្បាច់​គុន​មួយ​នេះ​ទាំង​ឆាក​ជាតិ-អន្តរជាតិ៕​

ហុង សុវណ្ណចាន់សុធី ទើប​ឈ្នះឡានពី Ganzberg

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី