• 2024-10-07 03:51:47
  • ប្រដាល់

ជុន​ កក្កដា៖​ លើក​ម្រាម ១០​ អរគុណ​ និង​ដឹងគុណ​បំផុត​ដល់​ទូរទស្សន៍​បាយ័ន​តែងតែ​ផ្តល់​ឱកាស​ជា​បន្តបន្ទាប់​

  • 2024-10-07 03:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ជុន​ កក្កដា​ ឱកាស​ឡើង​សង្វៀន​ជា​បន្តបន្ទាប់​ លេង​ពាន​ និង​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ លើក​នេះ​ទៀត​រូប​គេ​មិន​ភ្លេច​គុណ​ស្ថានីយទូរទស្សន៍​បាយ័ន​ឡើយ​ និង​ប្ដេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​ ប្រកួត​ឲ្យ​ល្អ​ជា​ការ​តបស្នង​ជូន​ស្ថានីយ​វិញ។​

ជុន កក្កដា (ក្រហម)

កីឡាករ​ ជុន​ កក្កដា​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ រូប​គេ​ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​រយៈពេល​ខ្ទង់​៣ឆ្នាំ​នោះ​ទេ។​ យ៉ាងណា​ទាំង​ពេលវេលា​ និង​បទ​ពិសោធ​ហាក់​នៅ​ខ្ចី​ ប៉ុន្តែ​ខាង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​តែងតែ​ផ្ដល់​ឱកាស​ដល់​ខ្លួន​លេង​ពាន​រង្វាន់​ ប្រកួត​អន្តរជាតិ​ និង​លេង​ខ្សែក្រវាត់​ជា​លើក​ទី២​ ថែម​ទៀត​ផង។​

បេក្ខភាព​ខ្សែក្រវាត់​ខារ៉ាប៉ាវ​រូប​នេះ​លើក​ម្រាម​ដៃ ១០​ ថ្លែង​អំណរគុណ​ដល់​ខាង​ស្ថានីយ​ចំពោះ​គុណបំណាច់​មួយ​នេះ​ហើយ​ប្ដេជ្ញា​ថា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ប្រកួត​ឲ្យ​បាន​ល្អ​អស់​ពី​សមត្ថភាព​ពិសេស​ការ​ប្រកួត​ខ្សែក្រវាត់​រដូវ​កាល​ទី១២​ នេះ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ និង​ជា​ការ​តបស្នង។​

កីឡាករ ជុន កក្កដា

ចំណែក​លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រង​ផ្នែក​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា​ បាយ័ន​ជា​ថ្នាល​បណ្ដុះ​ធនធាន​គុន​ខ្មែរ​ជា​ច្រើន​មក​ហើយ​ឲ្យ​ល្បី​មាន​កេរ្តិ៍ឈ្មោះ​ប្រចាំ​ប្រទេស​ និង​នៅ​តែ​បន្ត​ផ្ដល់​ឱកាស​ដល់​កីឡាករ​ថ្មីៗ​បាន​ឡើង​ប្រកួត​ពង្រឹង​សមត្ថភាព​សន្សំ​បទ​ពិសោធ។​ ប៉ុន្តែ​កីឡាករ​ខ្លួន​ឯង​ក៏​ត្រូវ​ខំប្រឹង​ប្រែង​ផង​ដែរ​លើ​ការ​ហ្វឹកហាត់​ និង​គោរព​វិន័យ។​

លោក​ នាង​ ស៊ីវុត្ថា​

បញ្ជាក់​ដែរ​ថា​ ស្ថានីយទូរទស្សន៍​បាយ័ន​ កាល​ពី​ម្សិលមិញ​នេះ​បាន​ធ្វើសន្និសីទ​សារព័ត៌មាន​ និង​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ រដូវកាល​ទី១២​ សប្ដាហ៍​ទី១​ ហើយ​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ កីឡាករ​ជើង​ថ្មី​មក​ពី​ក្លឹប​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០​ ជុន​ កក្កដា​ ក៏​ជា​បេក្ខភាព​ខ្មែរ​មួយ​រូប​ផង​ដែរ​ក្នុង​ការ​ប្រជែង​ខ្សែក្រវាត់​ខារ៉ាប៉ាវ​នេះ៕​

បេក្ខភាពដណ្ដើមខ្សែក្រវាត់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី