• 2024-07-19 07:38:03
  • ប្រដាល់

ក្លឹប​ថ្មី​របស់​ វណ្ណថង​ បើ​គិត​ទាំង​ដី​ និង​ការ​សាងសង់​នេះ​សរុប​មិន​តិច​ជាង​ ៣ម៉ឺន​ដុល្លារ​នោះ​ទេ​

  • 2024-07-19 07:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ ឈិត​ សេរិវណ្ណថង​ ទើប​សាងសង់​ក្លឹប​ប្រដាល់​ថ្មី​សន្លាងមួយ​រួចរាល់​នៅ​ឯ​ខេត្ត​បាត់ដំបង​ បើ​តាម​ការ​បង្ហើប​ពី​លោក​ឪពុក​សរុប​ទាំង​ដី​ និង​ការសាងសង់​មិន​តិច​ជាង​ ៣ម៉ឺន​ដុល្លារ​នោះ​ឡើយ។​

រូបភាពហ្វេសបុក វណ្ណថង

លោក​ ឈុត​ សេរី​ ដែល​ជា​ឪពុក​របស់​ វណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ការ​សាងសង់​ក្លឹប​នេះ​ដូច​ជា​ចាក់សាប​ សង់​ដំបូល​ដែក​ផ្សេងៗ​នេះ​ខ្ទង់​ជាង​ ១ម៉ឺន​ដុល្លារ​ ប៉ុន្តែ​បើ​បូក​ទាំង​ដី​ទិញ​ខ្ទង់​ ១៥,០០០ដុល្លារ​ និង​ធ្វើ​របង​អស់​ ៥,០០០​ដុល្លារ​ទៀត​សរុប​ទៅ​ជាង​ ៣ម៉ឺន​ឯណោះ។​

ឪពុក​របស់​ វណ្ណថង​ ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​សាងសង់​នេះ​គឺ​ជា​គំនិត​ផ្ទាល់​របស់​កូន​ចង់​មាន​កន្លែង​ហ្វឹកហាត់​ស្អាត​ល្អ​សមរម្យ​ដូច​គេ​ និង​មាន​សម្ភារ​គ្រប់គ្រាន់​ ដូច្នេះ​ទើប​រូប​គេ​ចេះ​តែ​សន្សំ​ថវិកា​ពី​ការ​ប្រកួត​រហូត​សម្រេច​ធ្វើ​ក្លឹប​ថ្មី​នេះ​ចេញ​ជា​រូបរាង​បែប​នេះ។​

រូបភាពហ្វេសបុក វណ្ណថង

អតីត​អ្នក​ប្រដាល់​ជើង​ចាស់​លើក​ឡើង​ទៀត​ថា​ តាំង​តែ​ពី​តូច​មក​ម្ល៉េះ​គឺ​ វណ្ណថង​ មាន​គំនិត​ទុកដាក់​ និង​សន្សំសំចៃ​ជា​និច្ច​រហូត​អាច​ទិញ​សម្ភារ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា​ ម៉ូតូ​ ឡាន​ បាន​សមរម្យ​ដូច​គេ​ឯង។​ មួយ​វិញ​ទៀត​រូប​គេ​តែងតែ​មាន​គំនិត​ថ្មី​ៗ​ក៏​ដូច​ជា​បន្ថែម​នេះ​បន្ថែម​នោះ​ជា​និច្ច​នៅ​ពេល​ដែល​ឃើញ​បណ្ដា​ក្លឹប​ប្រដាល់​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ រៀបចំ​បាន​ស្អាត។​

យ៉ាងណា​លោក​ ឈុត​ សេរី​ ក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ស្ថានីយ​ ម្ចាស់​ឧបត្ថម្ភ​នានា​ដែល​បាន​ឧបត្ថម្ភ​ដល់​ការ​សាងសង់​ និង​ជួយ​ឲ្យ​កូន​ប្រុស​លោក​ឡើង​ប្រកួត​តាំង​តែ​ពី​ដំបូង​រហូត​មាន​សមត្ថភាព​ កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ។​

រូបភាពហ្វេសបុក វណ្ណថង

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​របស់​ វណ្ណថង​ នេះ​មាន​ឈ្មោះ​ថា «ក្លឹប​ប្រដាល់​រាហ៊ូ​កីឡា​នៃ​សមាគម​កងយោធពល​ខេមរភូមិន្ទ»​ នៅ​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង។​ ក្លឹប​នេះ​បង្កើត​ជា​យូរ​មក​ហើយ​ដែរ​ដោយ​គ្រាន់តែ​ពី​មុន​ហ្វឹកហាត់​នៅ​ហ្នឹង​ផ្ទះ​លោក​​ ឈុត​ សេរី​ ផ្ទាល់​តែ​ម្ដង​ទើប​តែ​ពេល​នេះ​ផ្លាស់ប្ដូរ​មក​ទីតាំង​ថ្មី​​ក្បែរ​នោះ​មាន​ដំបូល​ត្រឹមត្រូវ​ សម្ភារ​ហ្វឹកហាត់​ និង​ការ​តុបតែង​ស្តង់ដារ​ខុស​ពី​មុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម