- 2023-11-21 06:35:16
- ប្រដាល់
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៤ នឹងធ្វើឡើងនៅមុខអង្គរ ខេត្តសៀមរាប
- 2023-11-21 06:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៤ នឹងធ្វើឡើងនៅមុខអង្គរ ខេត្តសៀមរាប
ចន្លោះមិនឃើញ
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នេះនឹងធ្វើឡើងនៅមុខប្រាសាទអង្គរ ក្នុងខេត្តសៀមរាប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរពិភពលោក លោក មាម រ៉ា បានឲ្យដឹងថា ការប្រកួតលើកនេះជាលើកទី៤ ហើយដែលបានរៀបចំឡើង។ ចំពោះប្រទេសដែលនឹងត្រូវចូលរួមគឺមកពី១៧ ប្រទេស និងសរុបប្រតិភូកីឡាករប្រហែល ១០០នាក់។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរដែលជាកេរ្តិ៍មរតករបស់ដូនតា។ ការអភិរក្សក្បាច់គុនខ្មែរនេះគឺកំណត់អត្តសញ្ញាណ និងរក្សាអត្តសញ្ញាណថានេះជារបស់ខ្មែរ។ ចំពោះការអភិវឌ្ឍន៍វិញគឺអភិវឌ្ឍន៍ឲ្យទាន់ទីផ្សារ អភិវឌ្ឍន៍ឲ្យទាន់សម័យកាលដែលធ្វើឲ្យមនុស្សសម័យនេះអាចទទួលបានក្បាច់គុនមួយដែលជឿនលឿន ក្បាច់គុនដែលរឹងមាំ និងក្បាច់គុនមួយដែលបង្កប់ការអប់រំ។
អ្នកជំនាញកីឡារូបនេះបន្ថែមទៀតថា គោលបំណងសំខាន់មួយទៀតនោះគឺការផ្សព្វផ្សាយគុនខ្មែរឲ្យឈានដល់កម្រិតអូឡាំពិក ដោយការធ្វើតាមផែនការយុទ្ធសាស្ត្ររុញពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត។ ដូចជាការបញ្ចូលទៅក្នុងស៊ីហ្គេមទើបបានសម្រេច នឹងត្រូវរៀបចំប្រកួតជាទៀងទាត់ដើម្បីឲ្យស្របគោលការណ៍ឈានទៅឲ្យអូឡាំពិកអាស៊ីទទួលស្គាល់បន្តទៀត។ ដូច្នេះគ្រប់គ្នាត្រូវរួមគ្នាធ្វើពិសេសឲ្យតែមានឈាមជ័រជាខ្មែរ ព្រោះបើធ្វើតែក្រុមមួយ ឬបុគ្គលម្នាក់នោះមិនងាយសម្រេចផែនការនោះឡើយ។
បញ្ជាក់ដែរថា សន្និសីទសារព័ត៌មានអំពីការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះធ្វើឡើងកាលពីម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការប្រកួតនេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ២០២៣ នៅសៀមរាប។ ក្នុងនោះក៏មានការជួយផ្សាយពីទូរទស្សន៍ BTV ផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB