• 2023-05-12 13:29:14
  • បាល់ទាត់

PSG ដក​ការ​ពិន័យ​លើ Messi

  • 2023-05-12 13:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ ប្រភព​ច្បាស់​ការ​បាន​បញ្ជាក់​ថា ក្លឹប​ PSG បាន​សម្រេច​ដក​ការ​ពិន័យ​លើ Lionel Messi រឿង​ការ​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្លឹប។

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក Christophe Galtier អ្នក​ចាត់​ការ​ក្លឹប PSG។ លោក​បាន​និយាយ​ថា បន្ទាប់​ពី​ការ​ដក​ការ​ពិន័យ​នេះ Messi ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​ចូល​ហាត់​ម្នាក់​ឯង​តាំង​ពី​ដើម​សប្ដាហ៍​នេះ​មក​ម្ល៉េះ ដើម្បី​ត្រៀម​លេង​ប្រកួត​ប៉ះ​ជាមួយ​ក្លឹប Ajaccio ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​បារាំង​នា​ចុង​សប្ដាហ៍​ខាង​មុខ។

កាល​ពី​ដើម​ខែ​នេះ PSG បាន​ដាក់​ពិន័យ​លើ Messi ដោយ​ហាម​មិន​ឲ្យ​កីឡាករ​អាហ្សង់ទីន​ចូល​ហាត់​ឬ​ចូល​លេង​ឲ្យ​ក្លឹប​រយៈ​ពេល ២ សប្ដាហ៍។ ការ​ដាក់​ពិន័យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្លឹប​ចាប់​បាន​ថា Messi បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្លឹប។

ក្រោយ​ពី​ក្លឹប​ដាក់​ពិន័យ​ Messi បាន​ចេញ​សារ​សុំទោស​ក្លឹប និង​មិត្ត​រួម​ក្រុម។ បន្ទាប់​ពី​សារ​សុំទោស​មួយ​នេះ​ប្រមាណ ១ សប្ដាហ៍ ក្លឹប PSG បាន​សម្រេច​ដក​ការ​ពិន័យ​នេះ​វិញ។

ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា Messi បាន​បដិសេធ​មិន​បន្ត​កុងត្រា​ជាមួយ PSG នោះ​ទេ បើ​ទោះ​ជា​ក្លឹប​មាន​ចេតនា​ចង់​បន្ត​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដី​រាយការណ៍​មួយ​ចំនួន​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ បាន​អះអាង​ថា Messi កំពុង​ពិចារណា​ថា​គួរ​តែ​ត្រលប់​ទៅ​ក្លឹប​ Barcelona ឬ​ទៅ​លេង​នៅ Inter Miami នៅ​សហរដ្ឋអាមេរិក ឬ​ក៏​ទៅ​លេង​ក្លឹប​មហា​សេដ្ឋី​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់