• 2023-03-13 02:47:58
  • ប្រដាល់

ពេជ្រ​ ប៊ុនសិទ្ធ​ និង​ សុវណ្ណចាន់សុធី​ ឈ្នះ​សន្លប់​ដូច​គ្នា​ទទួល​បាន​៣ពិន្ទុ​ថ្ងៃ​បើក​ឆាក​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ថ្មី​

  • 2023-03-13 02:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ រដូវ​កាល​ទី៩​ ម្សិលមិញ​នេះ​គឺ​កីឡាករ​២រូប​ ហុង​ សុវណ្ណចាន់សុធី​ និង​ ពេជ្រ​ ប៊ុនសិទ្ធ​ ឈ្នះ​សន្លប់​ដូច​គ្នា​លើ​កីឡាករ​ថៃ​ ទទួល​បាន​៣ពិន្ទុ។​

ហុង​ សុវណ្ណចាន់សុធី (ក្រហម)

គូ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទី១​ គឺ​ ហុង​ សុវណ្ណចាន់សុធី​ ឈ្នះ​សន្លប់​លើ​កីឡាករ​ថៃ​ អ៊ីន​ ស៊ីណយ ​នៅ​ទឹក​ទី២។​ ចំណែក​គូ​ខ្សែក្រវាត់​ទី២​ ពេជ្រ​ ប៊ុនសិទ្ធ​ ផ្ដួល​កីឡាករ​ថៃ​ ឡាហ្វាន់​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣។​

លោក​ នាង​ ស៊ីវុត្ថា​ ប្រធាន​ផ្នែក​រៀបចំ​ប្រដាល់​សង្វៀន​បាយ័ន​បាន​ឲ្យ​ដឹង​ពេល​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ថា​ លោក​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​គុន​ខ្មែរ​ដ៏​សន្ធឹកសន្ធាប់​តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ កម្មវិធី​ប្រដាល់​ខារ៉ាបាវ​ដើរ​បាន​មក​ដល់​ពេល​នេះ​ក៏​ដោយ​សារ​ការ​គាំទ្រ​ដែរ​ ដូច្នេះ​លោក​សូម​អរគុណ​ចេញ​ពី​បេះដូង​ចំពោះ​ការ​ចំណាយ​ពេល​មក​ទស្សនា​ដោយ​មិន​គិត​ពី​ការ​ចំណាយ​ថវិកា​អ្វី​នោះ​ឡើយ។​

លោក​ នាង​ ស៊ីវុត្ថា

ជា​មួយ​គ្នា​នេះ​ដែរ​ប្រធាន​ផ្នែក​ប្រដាល់​រូប​នេះ​ស្នើរ​ដល់​តំណាង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ពិនិត្យ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ចំពោះ​ការ​ផ្ដល់​ពិន្ទុ​ដល់​កីឡាករ​ កីឡា​ការិនី​ដែល​ឡើង​ប្រកួត​ដើម្បី​ជៀសវាង​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​ផង​ដែរ។​ ព្រោះ​បច្ចុប្បន្ន​នេះ​បើ​ការ​ដាក់​ពិន្ទុ​ធ្វេសប្រហែស​បន្តិច​គឺ​អ្នក​គាំទ្រ​រិះគន់​ហើយ។​

បេក្ខភាពខាង​កម្ពុជា

បញ្ជាក់​ដែរ​ថា​ ខ្សែក្រវាត់​ខារ៉ាបាវ​ ឈាន​ដល់​រដូវកាល​ទី៩​ ហើយ​ ខណៈ​សប្ដាហ៍​ទី១​ ក៏​រក​ឃើញ​កីឡាករ​កម្ពុជា​២រូប​ទទួល​បាន​៣ពិន្ទុ​ថ្ងៃ​បើក​ឆាក​ម្សិលមិញ​នេះ។​ រដូវ​កាល​ទី៩​ នេះ​គឺ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ដោយ​មាន​កីឡាករ​កម្ពុជា​ ៤រូប​ និង​កីឡាករ​ថៃ​៤រូប​ ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​បន្ទាប់​មក​ប្រកួត​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​រក​ម្ចាស់​ខ្សែក្រវាត់​តែ​ម្ដង។​ លេខ១​ ម្ចាស់​ខ្សែក្រវាត់​ទទួល​បាន​ប្រាក់​រង្វាន់​ ៦,០០០​$ លេខ២​ ទទួល​បាន​ ៣,៥០០​$ លេខ​៣​ ទទួល​បាន​ ២,០០០​$ និង​លេខ៤​ ទទួល​បាន​ ១,០០០​$៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី