• 2022-05-06 03:05:52
  • ប្រដាល់

TVK Fighter ៖ ខាំ​ កូន​ខ្លា ​ថា​​ទាត់​ យ៉ន ពិសី ​ឲ្យ​ខូច​ដៃ​ម្សិលមិញ​អាច​​ជា​សំណាង​ច្រើន​ជាង​

  • 2022-05-06 03:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​​ពី​ម្សិលមិញ​នេះ​ ខាំ​ កូន​ខ្លា ​​ធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​ទាត់​ឲ្យ​ យ៉ន ពិសី សុំ​ចុះចាញ់​នៅ​ទឹក​ទី​១ តែ​ម្ដង ហើយ​ការ​ទាត់​រហូត​ឲ្យ​ដៃ​គូ​មិន​អាច​តស៊ូ​​បាន​ និង​សុំ​ចុះ​ចាញ់​នេះ​ កូន​ខ្លា គិត​ថា​អាច​មក​ពី​សំណាង​ច្រើន​ជាង ​សមត្ថភាព ។

​ការ​ឈ្នះ​របស់​ កូន​ខ្លា ម្សិលមិញ​នេះ​ជា​ការ​ឈ្នះ​លើក​ទី​១​ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២ ​ខណៈ​ដែល​កាល​ប្រកួត​សន្សំ​ពិន្ទុ​​លើក​ទី​១ ក្នុង​ជុំ​​ទី​២​ នេះ​​គឺ​គេ​ចាញ់​​ ​ឃួន ឡាំកូស៊ីន ដោយ​ពិន្ទុ​ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ TVK Fighter ​។

​«​ក្នុង​ការ​ប្រកួត​នេះ​ខ្ញុំ​ហាត់​ពេញ​ល្អ​សមរម្យ​​​បង។ ពេល​ខ្ញុំ​ទាត់​ដៃ​គាត់​ទៅ​​គាត់​​​ខូច​ដៃ​ ខ្ញុំ​ចេះ​តែ​តាម​ទាត់​គាត់​ទៅ​បង អាច​ថា​មក​ពី​សំណាង​ខ្លះ​ដែរ ដែល​ទាត់​គាត់​ឲ្យ​ខូច​ដៃ​នេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ហាត់​ខ្លាំង​តែ​ទាត់​ទេ​បង ​និយាយ​ទៅ​ខ្ញុំ​ហាត់​ទាត់​ឲ្យ​បាន​ខ្លាំង និង​ច្បាស់​»។

​ទាក់​ទង​ការ​ប្រកួត​នោះ​ដែរ ពិសី បាន​ប្រាប់​មក​កាន់ Sabay ថា គេ​​ប្រឹង​ទប់​កម្លាំង​ជើង​របស់​ កូន​ខ្លា អត់​បាន ព្រោះ​អី​ធ្ងន់​ពេក​។ នៅ​ពេល​​កូន​ខ្លា ទាត់​មក​លើ​គេ​ម្ដង​ៗ​គេ​​ហាត់​មាន​អារម្មណ៍​ថា ស្រៀវ​​ដៃ​ណាស់ ដែល​នេះ​បង្ហាញ​ពី​ការ​ខូច​ដៃ​របស់​​គេ​។ គេ​ជឿ​ថា បើ​សិន​មិន​ទាន់​ខូច​ដៃ​​គូ​​នេះ​ក៏​ពិបាក​ស៊ីគេ​ដែរ ព្រោះ​អី​​​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​។

​មួយ​គូ​ទៀត​គឺ កូស៊ីន បាន​យក​ឈ្នះ​ទៅ​លើ អៀង​ឡេង ​ដោយ​ពិន្ទុ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២ នេះ​ ហើយ​គេ​ក៏​ជា​បេក្ខភាព​ដំបូង​គេ​ដែល​ឈ្នះ២​ប្រកួត​​ជាប់​ៗ​គ្នា ​ពោល​គឺ​ឈ្នះ កូន​ខ្លា និង​ អៀង​ឡេង​ នេះ​​ឯង​។ ស្រប​ពេល ពិសី បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​នេះ​ហើយ ​ខណៈ កូន ខ្លា នឹង​ត្រូវ​ប៉ះ ធន់ អៀង​ឡេង ​នា​ប្រកួត​កាត់​សេចក្ដី​ដណ្ដើម​កៅ​អី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ត្រូវ​ប៉ះ កូស៊ីន ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់