• 2022-03-28 07:04:35
  • ប្រដាល់

Rodtang ស្រក់​ទឹក​ភ្នែក​ក្រោយ​ចាញ់​ Johnson ​សន្លប់មិនដឹងខ្លួន

  • 2022-03-28 07:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​អ្នក​ប្រដាល់​ថៃ Rodtang ​បាន​បរាជ័យ​ក្រោម​ក្បាច់​ឃ្លេ​របស់​កីឡាករ Johnson ​នៅ​ត្រឹម​ទឹក​ទី​២ ​នៃ​ព្រឹត្ដិការណ៍ ONE X កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។

​​ការ​ប្រកួត​ដែល​ប្លែក​ខុស​គេ ​មាន​ទាំង​ក្បាច់ Mauy Thai ​និង MMA ​បញ្ចូល​គ្នា​នេះ​ដែរ ត្រូវ​បាន Rodtang ​អះអាង​ថា​រូបគេ​ដឹង​ច្បាស់​តាំង​ពី​មុន​ប្រកួត​ម្ល៉េះ​ថា​មិន​ងាយ​ឈ្នះ​កីឡាករ Johnson ​នោះ​ទេ។ ត្បិត​អី​អតីត​កីឡាករ​ប្រកួត​នៅ UFC ​រូប​នេះ​ចេះ​ទាំង​ព្រម ​ហើយ​ក្បាច់ MMA ​គេ​ខ្លាំង​ទៀត ​នោះ​ខ្លួន​ដែល​មិន​សូវ​ជំនាញ MMA ​នឹង​ចាញ់​ប្រៀប​មិន​ខាន។ តែ​យ៉ាង​ណា Rodtang ​ថា​សុខ​ចិត្ត​ប្រកួត​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី។

​ក្នុង​ការ Live ​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ ​មនុស្ស​ដែក​របស់​ថៃ​ម្នាក់​នេះ​យំ​ផង​អី​ផង ព្រោះ​នេះ​ជា​ការ​ចាញ់​លើក​ដំបូង​របស់​គេ​នៅ​សង្វៀន​ ONE ​ហើយ។ ​ខណៈ​ដែល​ពេល​ទឹក​២ ដែល​ចូល​ឃ្លេរ​គេ​នោះ ​ខ្លួន​បាន​ព្យាយាម​អស់​សមត្ថភាព​ដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដោះ​ឱ្យ​ចេញ តែ​សមត្ថភាព​នៅ​មាន​កម្រិត​ចំពោះ​ការ​ដោះ​ឃ្លេរ​នេះ ​ទើប​ទទួល​បរាជ័យ​តែ​ម្ដង។

​បើ​ទោះ​ជា​ចាញ់​ដោយ​សន្លប់​ក្ដី ​តែ Rodtang ​បាន​អះអាង​ថា​នឹង​ប្រឹងប្រែង​ក្បាច់ MMA ​បន្ថែម​ទៀត ​ហើយ​បរាជ័យ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​គេ​អស់​សង្ឃឹម​អ្វី​ឡើយ។ ​ផ្ទុយ​ទៅ​វិញ វា​នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​សម្រាប់​ជំរុញ​ទឹក​ចិត្ត​គេ ​ដើម្បី​ប្រឹង​ហាត់​បន្ថែម​ទៀត​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង៕

អត្ថបទ៖ នរវិទូ

មតិយោបល់