• 2022-03-17 07:29:32
  • ប្រដាល់

រតនា មើល​ស្រាល​ការ​ចាប់​របស់ Eko ​ទើប​ចាញ់​យ៉ាងឆាប់រហ័ស

  • 2022-03-17 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra យ៉ាងឆាប់រហ័សក្នុងដើមទឹកទី១នៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT កាលពីថ្ងៃសុក្រ ទី១១ នៅប្រទេសសិង្ហបុរី។

ជុំវិញបរាជ័យយ៉ាងឆាប់រហ័សហួសពីការរំពឹងទុកនេះត្រូវបាន ចាន់ រតនា បានប្រាប់ក្រោយពេលប្រកួតថា កត្តាចម្បងដែលធ្វើឲ្យរូបគេចាញ់យ៉ាងឆាប់រហ័សបែបនេះគឺបណ្តាលមកពីរូបគេមើលស្រាលដៃគូ។ ចាន់ រតនា បានរៀបរាប់ថា ៖ "មូលហេតុចម្បងមកពីខ្ញុំធ្វេសប្រហែស។ ខ្ញុំមើលស្រាលការចាប់របស់គេពេក។ ធ្វើឲ្យដៃរបស់គាត់ឃ្លេដល់បំពង-ករបស់ខ្ញុំពេញ។ តាមពិតទៅដៃរបស់គាត់ធំអីចឹង ឃ្លេមិនសូវដល់បំពង-ក ទេ បើបានការពារ តែខ្ញុំប្រហែសធ្វើឲ្យដៃរបស់គាត់ចូលដល់បំពង-កពេញ"។

សម្រាប់កម្លាំងស៊ុហ្វ និងកាយសម្បទារបស់ Eko Roni មិនសូវខ្លាំង និងរឹងមាំដូចដៃគូមុនគឺកីឡាករចិនឡើយ ហើយអាចទប់ទល់បានសម្រាប់កម្លាំងស៊ុហ្វ និងកាយសម្បទា។ "បើនិយាយកម្លាំង និងរាងកាយ គឺមិនដូចដៃគូខ្ញុំមុនគឺ Xie Wei ទេ។ បើខ្ញុំដោះឃ្លេរបស់គាត់បាន ខ្ញុំអាចទប់ទល់ ហើយក៏មានសង្ឃឹមឈ្នះច្រើនដែរ"។ ចាន់ រតនា បានបន្ថែម។

ការពិតនៅលើសង្វៀនបង្ហាញថា ចាន់ រតនា បានចាប់ផ្តើមការប្រកួតនៅទឹកទី១ដោយមិនមានការវាស់ស្ទង់ឡើយពោលគឺចូលទាត់តែម្តង ខណៈកីឡាករឥណ្ឌូណេស៊ី Eko Roni ក៏បានទាត់ ព្រមទាំងប្រើកណ្តាប់ដៃដ៏មានប្រសិទ្ធភាពដែរ។ បន្ទាប់មកកីឡាករឥណ្ឌូណេស៊ីរូបនេះចូលឱប ហើយនៅពេល ចាន់ រតនា ក្រោកឈរ រូបគេបានឱបពីក្រោយ និងកាច់ផ្តួល។

ពេលនោះហើយរូបគេមានឱកាសចាប់ឃ្លេដៃទាំងពីរបង្ខំឲ្យអ្នកលេងគុនខ្មែរគោះដៃសុំចាញ់តែម្តងនូវនាទី១:៤០ក្នុងទឹកទី១។ នេះជាបរាជ័យលើកនេះគឺជាពីរលើកជាប់គ្នាសម្រាប់ ចាន់ រតនា បន្ទាប់បានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី៣កាលពីចុងឆ្នាំ២០២០។ ទោះជាយ៉ាងណា អ្នកលេងគុនខ្មែររូបនេះនៅតែប្តេជ្ញាបន្តហ្វឹកហាត់តាមរយៈគំនិតវិជ្ជមានជានិច្ច និងទុកជាមេរៀនក្នុងជីវិត៕

ដោយ៖ ស៊ីធី

មតិយោបល់