• 2022-03-07 07:51:02
  • ប្រដាល់

ការទន្ទឹងរងចាំមកដល់! ចាន់ រតនា ត្រៀម​ឡើង​សង្វៀន​ម្ដង​ទៀត​ក្រោយ​បាត់​មុខ​យូរ

  • 2022-03-07 07:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពីជាងមួយឆ្នាំមុន ពេលនេះការពិតបានកើតឡើងហើយ។

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។

ក្នុងចំណោមជ័យជម្នះ៦លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។

មូលហេតុនេះហើយបានជា Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីបំបែកកំណត់ត្រាគឺទី១សងសឹកឲ្យមិត្តរួមជាតិ និងទី២ធ្វើឲ្យប្រាកដច្បាស់ថា រូបគេជាកីឡាករឥណ្ឌូណេស៊ីទី១ដែលទទួលបានជ័យជម្នះលើ ចាន់ រតនា ដែលរហូតដល់ពេលនេះមិនទាន់មានកីឡាករឥណ្ឌូណេស៊ីណាម្នាក់ឈ្នះជើងខ្លាំងកម្ពុជាឡើយ។

ក្រោយពេលប្រកាសចង់ជួប ចាន់ រតនា ប៉ុន្តែមិនបានជួបតាមបំណងប្រាថ្នា កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានទៅប្រកួតជាមួយកីឡាករចិន Pengshuai Liu និងបានយកឈ្នះក្នុងទឹកទី១ដោយកណ្តាប់ដៃ។ តាមរយៈជ័យជម្នះនេះធ្វើឲ្យរូបគេឡើងប្រកួតឈ្នះ៥លើកជាប់គ្នាក្នុងចំណោមប្រវត្តិប្រកួត៦ដងនៅសង្វៀន ONE។

ក្នុងចំណោមជ័យជម្នះទាំង៥ដងនេះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ចំណែកអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានឡើងប្រកួតទេគិតចាប់តាំងពីចាញ់កីឡាករចិន Wei Xie កាលពីខែធ្នូ ឆ្នាំ២០២០ពោលគឺរយៈពេលជាងមួយឆ្នាំហើយ។ រូបគេបានទៅលេងប្រពន្ធកូននៅប្រទេសបារាំង និងទើបតែវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។

សម្រាប់ការជួប Eko Roni Saputra នេះគឺ ចាន់ រតនា ត្រូវមានកាតព្វកិច្ចពីរសំខាន់គឺទី១ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនឲ្យបានជោគជ័យលើកីឡាករឥណ្ឌូណេស៊ី និងទី២ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni៕

ដោយ៖ ស៊ីធី

មតិយោបល់