• 2022-02-17 07:19:53
  • ប្រដាល់

Superbon ឡើងសងសឹក និងការពារខ្សែក្រវាត់ទល់នឹងសត្រូវចាស់ Grigorian

  • 2022-02-17 07:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯកឃីកបុកសីងពិភពលោក ONE Featherweight កីឡាករថៃ Superbon Singha Mawynn ត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនលើកដំបូង និង សង្ឃឹមថាអាចស្ដារកិត្តិយសទល់នឹងសត្រូវចាស់ទៀតផង។

តារាឆ្នើមថៃត្រូវឡើងការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំង Marat Grigorian ក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំផ្សាយផ្ទាល់ ONE X នាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។

តាមពិតជើងខ្លាំងទាំងពីរធ្លាប់ប្រកួតគ្នាម្តងហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៨ដែលពេលនោះកីឡាករអាមេនី-បែលហ្ស៊ិកប្រើពេលត្រឹមតែ២៩វិនាទីប៉ុណ្ណោះដើម្បីកីឡាករថៃរូបនេះឲ្យសន្លប់ក្នុងការប្រកួតខ្សែក្រវាត់ Kunlun Fight World MAX វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៧។

ចាប់តាំងពីជួបគ្នានៅប្រទេសចិននោះមក ជើងខ្លាំងទាំងពីរមានវិថីប្រដាល់ជោគជ័យដូចគ្នាពោលគឺមិនទាន់ស្គាល់ចាញ់ដូចគ្នារាល់ការប្រកួត។ Superbon បានប្រកួតឈ្នះ១១លើកជាប់គ្នាក្នុងនោះរាប់ទាំងការឈ្នះមិត្តរួមជាតិSitthichai “Killer Kid” Sitsongpeenong កាលពីឆ្នាំ២០២០ និងការប្រើរន្ទះជើងទាត់ផ្កាប់ចានឲ្យជើងខ្លាំង Giorgio “The Doctor” Petrosyan សន្លប់កាលពីខែតុលា ឆ្នាំ២០២១។

ការផ្តួល Petrosyan ដ៏អស្ចារ្យនោះផ្តល់ជើងខ្លាំងថៃក្លាយជាជើងឯកឃីកបុកសីងពិភពលោក ONE Featherweight និងបានបានក្លាយជាការផ្តួលដៃគូដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២១។

ស្របពេលជាមួយគ្នា Grigorian បានប្រកូតឈ្នះ៧លើកជាប់គ្នាក្នុងនោះជ័យជម្នះសំខាន់គឺលើកីឡាករថៃ Sitthichai, ការបង្ហាញខ្លួនប្រកួតដំបូងនៅ ONE ផ្តួល Ivan Kondratev និងការផ្តួលខ្លាចាស់ Andy “Souwer Power” Souwer ក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ ONE Featherweight ឆ្នាំ២០២១។

ទោះបីជាយ៉ាងណា តារាឆ្នើមអាមេនី-បែលហ្ស៊ិកបានបង្ខំចិត្តដល់ខ្លួនពីការប្រកួតកម្មវិធីខ្សែក្រវាត់ ONE Featherweight វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបញ្ហាកូវីដ-១៩។

ដូច្នេះជំនួបពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកទាំងពីរ។ Superbon មានកាតព្វកិច្ចសំខាន់២យ៉ាងគឺទី១ប្តេជ្ញាសងសឹកដំបៅចាស់ដែលរូបគេចាញ់យ៉ាងអាម៉ាស់ និងទី២ ឡើងការពារខ្សែក្រវាត់របស់ខ្លួនឲ្យបានជោគជ័យ។ ចំណែក Grigorian វិញក៏មានកាតព្វកិច្ចសំខាន់២ដូចគ្នាគឺទី១ រក្សាជ័យជម្នះរបស់ខ្លួនកាលពី៤ឆ្នាំមុន និងទី២ ក្តាប់ឱកាសឲ្យបានដើម្បីក្លាយជាជើងឯកពិភពលោក។

នៅព្រឹត្តិការណ៍ជាមួយគ្នានេះ Sitthichai ត្រូវប្រកួតជាមួយ Chingiz “Chinga” Allazov វគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក ONE Featherweight Kickboxing World Grand Prix វគ្គផ្តាច់ព្រ័ត្រ ព្រមទាំងគូប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកជាច្រើនគូទៀត៕

ដោយ៖ ស៊ីធី

មតិយោបល់