• 2021-09-29 04:56:44
  • ប្រដាល់

ខ្សែ​ជីវិត​ជូរចត់​មួយ​ចំនួន​​ អ្នក​មិន​ដឹង​ពី​ស្ដេច​ប្រដាល់​ Manny Pacquiao ពី​ដើម​ដល់​ចូលនិវត្តន៍

  • 2021-09-29 04:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ​គឺ​ជា​កំពូល​អ្នក​ប្រដាល់​ម្នាក់​របស់​ប្រទេស​ហ្វីលីពីន ​និង​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ថ្ងៃ​នេះ។ កីឡាករ​វ័យ៤២​ឆ្នាំ​រូប​នេះ មុន​នឹង​ឈាន​មក​ដល់​សព្វ​ថ្ងៃ ធ្លាប់​ឆ្លង​កាត់​រឿង​ជា​ច្រើន​រាប់​មិន​អស់ ដែល​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នោះ​ទេ។ ថ្ងៃ​នេះ Sabay ​សូម​លើក​យក​សាច់​រឿង​ជីវិត​ពិត​របស់ PacMan ​លាត​ត្រដាង​ឱ្យ​មិត្ត​អ្នក​អាន​ដឹង​ទាំង​អស់​គ្នា៖

១. Pacquiao​ ក្លាយ​ជា​​​ស្ដេច​ប្រដាល់​សព្វថ្ងៃ​ ដោយសារ​ការ​ស្លាប់​របស់​មិត្ត​ម្នាក់

Pacman មិន​មាន​បំណង​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព​​ឡើយ​​កាល​ពី​ដំបូង​ រហូតដល់​មិត្តភ័ក្ដិ​ដ៏​​ជិត​ស្និទ្ធ​របស់​គេ ឈ្មោះ Eugene Barutag បាន​ស្លាប់​ទើប​ធ្វើ​ឱ្យ​គេ​ចង់​ក្លាយ​ជា​កីឡាករ​ប្រដាល់​អាជីព ដើម្បី​​សម្រេច​បំណង​​របស់​មិត្ត​គេ​ ហើយ​ក៏​បាន​ជំរុញ​អោយ​រូប​គេ​តស៊ូ​រហូត​ដល់​បច្ចុប្បន្ន។ កត្តា​មួយ​ទៀត​ ក៏​​ជា​ចំណែក​​​ដ៏​ជោគជ័យ​របស់​ Pacman​ ដែរ ​ដោយ​សារ​តែ​​គ្រួសារ​ក្រីក្រ​ពេក​ ជួន​ពេល​​ឪពុក​ម្ដាយ​លែង​លះ​គ្នា​ផង​ បាន​​បង្ខំ​​ឲ្យ​​រូប​គេ​ចូល​ទៅ​វាយ​ប្រដាល់​ស្ម័គ្រចិត្ត​ដើម្បី​ទទួល​ ប្រាក់​កម្រៃ​ឧបត្ថម្ភ​​គ្រួសារ​ដែល​មាន​បងប្អូន​រហូត​ដល់​៦​នាក់​​ឯ​ណោះ។

២. Pacman ​រៀន​បាន​ត្រឹម​មធ្យម​សិក្សា​បឋមភូមិ

Pacquiao បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​បឋមភូមិ​នៅ​អនុវិទ្យាល័យ Saavedra Saway Elementary School ប៉ុន្តែ​មិន​បាន​បន្ត​ថ្នាក់​វិទ្យាល័យ​ឡើយ​ដោយ​ហេតុ​ថា​គ្រួសារ​ក្រីក្រ​ខ្លាំង​ពេក។ ដើម្បី​ជួយ​សម្រាល​បន្ទុក​ម្ដាយ​​ជា​ស្ត្រី​មេម៉ាយ​ដែល​មិន​អាច​រក​ចំណូល​មក ​ផ្គត់​ផ្គង់​កូន​ទាំង​៦​នាក់​​បាន​គ្រប់គ្រាន់​នោះ កុមារា Pacquiao ក៏​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ផ្ទះ​ ខណៈ​ខ្លួន​មាន​វ័យ​ត្រឹម​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ។

៣ ធ្លាប់​ជា​អ្នក​ប្រដាល់​ដេក​តាម​ចិញ្ចើម​ផ្លូវ

ពេល​មាន​អាយុ​១៤​ឆ្នាំ (ពេល​ចេញ​ពី​ផ្ទះ) Pacquiao បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល ​ហើយ​មាន​ពេល​មួយ​នោះ កុមារា​រូប​នេះ​បាន​ដេក​តាម​ចិញ្ចើម​ថ្នល់​ទៀត​ផង។ ​ពេល​នោះ​ កុមារា Pacquiao បាន​ចូល​ហាត់​ប្រដាល់​ និង​ចូល​រួម​ជា​​មួយ​ក្រុម​កីឡាករ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ហ្វីលីពីន​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ ​តាម​របាយការណ៍​បាន​បង្ហាញ​ថា​ក្នុង​អាជីព​ស្ម័គ្រចិត្ត​នា​ពេល​នោះ​ Pacquiao ឡើង​វាយ​៦៤​ដង​ ឈ្នះ​៦០​​ដង​ និង​ចាញ់​៤​​ដង។

៤. Pacman ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវ៉ាត់​៨​ស្ថាប័ន​ផ្សេង​គ្នា

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ខាង​លើ​នេះ ជា​ម្ចាស់​ខ្សែ​ក្រ​វ៉ាត់​៨​ស្ថាប័ន​ផ្សេង​គ្នា​គឺ Light Middleweight,​Welterweight,​ Light Welterweight, Lightweight, Super Featherweight, Featherweight, Super Bantamweight, និង Flyweight។

៥. Pacman ​ធ្លាប់​ធ្វើ​ជា​ទាហាន

Manny Pacquiao បាន​ចូល​បម្រើ​ទ័ព​នៅ​ឆ្នាំ​២០០៦ ​ដែល​កាល​នោះ​បាន​ត្រឹម​ជា​ពល​បាល​ម្នាក់។ ​ក្នុង​អាជីព​ជា​នាយ​ទាហាន​នេះ បុរស​កម្ពស់​១,៦៩​ម៉ែត្រ​ខាង​លើ​ធ្វើ​បាន​រយៈ​ពេល​៣​ឆ្នាំ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​របស់​គេ​ក៏​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​យោធា​ហ្វីលីពីន​ដែរ។

៦. ឈាន​ជើង​ចូល​វិស័យ​នយោបាយ

Pacquiao ​ឈាន​ជើង​ចូល​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៧ ​ជាមួយ​គណបក្ស​សេរី​និយម​ ហើយ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​ក្នុង​ស្រុក Cotabato ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។ នៅ​ឆ្នាំ​២០១០ លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​សភា​ផង​ដែរ​នៅ​ក្នុង​តំបន់ Sarangani ​ពោល​គឺ​កាល​នោះ គណបក្ស​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​ត្រកូល Chiongbian ​ដែល​កាន់​អំណាច​នៅ​ទី​នោះ​អស់​ពេល​ជាង​៣០​ឆ្នាំ​ ដោយ​ទទួល​បាន​សំឡេង ១២០ ០៥២ ​ទល់​និង ៦០ ៨៩៩។

៧. ជា​អ្នក​ប្រដាល់​ចូល​ចិត្ត​ចម្រៀង

Manny Pacquiao ​ត្បិត​តែ​កំពូល​អ្នក​ប្រដាល់​មែន ប៉ុន្តែក៏​ចូល​ចិត្ត​តន្ត្រី​ណាស់​ដែរ។ បុរស​វាយ​មិន​ប្រណី​រូប​នេះ ធ្លាប់​ចេញ​ Album ​ដំបូង​មាន​ឈ្មោះ​ថា Laban Nating Lahat Ito ​នៅ​ឆ្នាំ​២០០៦។ ក្នុង​ Album ​នេះ​ដែរ មាន​បទ​ចម្រៀង​ដូចជា Para Sa’Yo Ang Laban Na ‘To , Pagsubok Lamang Yan ​និង Champion Sa Kantahan ។

៨. ចង់​ធ្វើ​ជា​អ្នក​លេង​បាល់​បោះ​អាជីព

Pacman ​តែងតែ​ប្រើ​ពេល​ទំនេរ​របស់​គេ​ទៅ​លេង​បាល់​បោះ​ជា​និច្ច។ រូប​គេ​ជា​សមាជិក​ក្នុង​ក្រុម​បាល់​បោះ​មួយ​ឈ្មោះ​ថា Boston Celtics ។ ហើយ​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ លោក​​បាន​ចូល​ជា​សមាជិក​ក្នុង​សមាគម​ក្រុម​បាល់​បោះ​ហ្វីលីពីន​ទៀត​ផង៕

ប្រភព៖ Sports Keeda អត្ថបទ៖ វ៉ាន់ សាក់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី