• 2021-08-31 09:01:00
  • ប្រដាល់

ចាន់ រតនា កំពុង​តាម​ដាន​ក្បាច់​វាយ​របស់ Eko ព្រោះអាច​ជួប​គ្នា​ឆាប់​ៗ

  • 2021-08-31 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា នៅ​តែ​កំពុង​តាម​ដាន​​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Saputra ដែល​បាន​ប្រកាស​ចង់​ជួប​រូប​គេ និង​សង​សឹក​​ឲ្យ​មិត្ត​រួម​ជាតិ​ពីរ​នាក់​ដែល​ធ្លាប់​សន្លប់​ក្រោម​ផ្លែ​កណ្តាប់​ដៃ​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា។

អ្នក​គាំទ្រ​បាន​ដឹង​ស្រាប់​ហើយ​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន តារា​ប្រដាល់​ឥណ្ឌូណេស៊ី Eko Roni បាន​ប្រកាស​ជួបកីឡាករ ចាន់ រតនា ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សមត្ថភាព​របស់​ខ្លួន និង​សង​​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​គឺ​ Agustian និង Abrou Fernandes ដែល​បាន​ចាញ់ ចាន់ រតនា ទឹក​ទី​២​ដូច​គ្នា។

យ៉ាង​ណា ដោយ​សារ​បញ្ហា​កូវីដ-១៩​មិន​ទាន់​ស្ងប់​ស្ងាត់ ការ​ផ្គូផ្គង​ត្រូវ​បាន​​រៀប​ចំ​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​ជួប​កីឡាករ​ចិន Liu Peng Shuai កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​នេះ។ ជំនួប​នេះ​ កីឡាករ​ឥណ្ឌូណេស៊ី​បាន​ប្រើ​ពេល​តែ​១០​វិនាទី​ក្នុង​ទឹក​ទី​១​ដើម្បី​កីឡាករ​ចិន​នេះ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ដោយ​កណ្តាប់​ដៃ​តែមួយ​ដៃ​គត់។

ជុំ​វិញ​ការ​ប្រកួត​នេះ ចាន់ រតនា បាន​និយាយ​ថា ៖«​ប្រកួត​នេះ​ វា​លឿន​ពេក។ ដៃគូ​ចិននោះ​ គាត់​ប្រហែស​បន្តិច ចូល​ដៃ​របស់ Eko Roni មួយ​ដៃ​សន្លប់​ឈឹង។ ដល់​អីចឹង​ទៅ ពិបាក​តាម​ដាន​មើល​តិចនិក​គាត់​ឲ្យ​បាន​ច្បាស់​លាស់។ តែ​មិន​បញ្ហា​ទេ ខ្ញុំ​គិត​ថា ខ្ញុំអាច​តាម​ដាន​មើល​តិចនិក​គាត់​វីដេអូ​ផ្សេង​ៗ​ទៀត។​ ជា​ពិសេស​វីដេអូ​ដែល​គាត់​វ៉ៃ​មុន​ពេល​គាត់​វ៉ៃ​ជា​មួយ​ដៃ​គូ​ចិន»។

សម្រាប់​ការ​តាម​ដាន​នេះគឺ​អ្នក​លេង​គុន​ខ្មែរ ចាន់ រតនា ស្វែង​យល់​ពី​ចំណុច​ខ្លាំង និង​ខ្សោយ​របស់ Roni ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​សម្រាប់​ជំនួប​ដែល​អាច​នឹង​កើតមាន​រវាង​អ្នក​ទាំង​ពីរ​នា​ពេល​ខាង​មុខ។

ចាន់ រតនា បាន​ប្រាប់​ថា ចាប់​តាំង​ពី Roni បាន​ប្រកាស​ចង់​ជួប​ និង​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​មក រូប​គេ​បាន​ហ្វឹក​ហាត់​ជា​រៀង​រហូត​​ ជា​ពិសេស​ផ្តោត​លើ​កម្លាំង​ស៊ុហ្វ និង​ក្បាច់​ក្រោម​​ដែល​រូប​គេ​ជឿ​ជាក់​ថា កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​ល្អ​ជំនាញ​ក្រោម។

រហូតដល់​ពេល​នេះ ការ​ផ្គូផ្គង​រវាង​ជើង​ខ្លាំង​កម្ពុជា និង​អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ឡើយ ប៉ុន្តែ​ រតនា នៅ​តែ​ផ្តោត​លើ​ការ​ហ្វឹក​ហាត់​ជា​និច្ច​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្វី​ៗ​ល្អ​ប្រសើរមុន​ពេល​ការ​ប្រកួតត្រូវ​បាន​ប្រកាស​ឡើង៕

ដោយ៖ ស៊ីធី

មតិយោបល់