• 2021-08-26 04:37:57
  • ប្រដាល់

Pacquiao ​ថា​ចំណុច​នេះ​ទើប​ធ្វើ​ឱ្យលោក​​ចាញ់ Ugas ​ដែល​ជា​ដៃ​គូ​ស្រួល​វៃ​បំផុត​

  • 2021-08-26 04:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Manny Pacquiao ​នៅ​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​ប្រកួត​ដែល​រូបគេ​ចាញ់​កីឡាករ​គុយបា Yordenis Ugas ​កាល​ពី​សប្ដា៍​មុន​នោះ​ទេ។

​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​កំពុង​សម្រាក​ព្យាបាល​របួស​មុខ​ដែល​ត្រូវ​ដេ​៥​ថ្នេ​របស់​ខ្លួន​នៅ​ផ្ទះ​ក្នុង​ប្រទេស​អាមេរិក​នៅ​ឡើយ​ទេ។ តែ Pacquiao ក៏​បាន​បង្ហើប​ពី​គម្រោង​ចង់​ប្រកួត​ម្ដង​ទៀត​ជាមួយ Ugas ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២២​ផង​ដែរ។ ​កីឡាករ​វ័យ​៤២​ឆ្នាំ​បញ្ជាក់​ថា​៖ “បាទ ​ខ្ញុំ​អាច​ត្រលប់​មក​វិញ​បាន​នៅ​ខែ​មករា ​ខ្ញុំ​នឹង​ចាំ​មើល​ជាក់​ស្ដែង​ពី​វា។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ប្រកួត​ម្ដង​ទៀត​បាន ​ប្រសិន​បើ​ខ្ញុំ​ចង់ វា​មិន​មាន​បញ្ហា​នោះ​ទេ”។ ស្រប​ពេល Ugas ​វិញ ក៏​ធ្លាប់​បញ្ជាក់​ហើយ​ថា​រូបគេ​ស្វាគមន៍​ការ​សងសឹក​គ្រប់​ពេល។

​ការ​ចង់​ប្រកួត​ម្ដង​ទៀត​នេះ​ដែរ ​ក៏​ព្រោះ​តែ​ Pacquiao ​គិត​ថា​ខ្លួន​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ​ដែល​ខ្លួន​គិត​ថា​ងាយ​ស្រួល​វាយ​បំផុត។ ​ម្ចាស់​ជើង​ឯក​ច្រើន​ខ្សែ​ក្រវ៉ាត់​រូប​នេះ​និយាយ​ថា​៖ “ខ្ញុំ​គិត​ពី​ការ​ប្រកួត ព្រោះ​ខ្ញុំ​មិន​អាច​ជឿ​បាន​ថា​ដៃ​គូ​ដែល​ងាយ​ស្រួល​វាយ​បំផុត​របស់​ខ្ញុំ អាច​ធ្វើ​បាន​នោះ​ទេ។ ​គាត់​គួរ​តែ​មិន​អាច​ប៉ះ​ខ្ញុំ​ផង។ ​ពេល​ខ្ញុំ​ផ្លាស់​ទី (មក​ស្ដាំ) ​ខ្ញុំ​នឹង​មិន​ត្រូវ​អី​ទេ។ អ្នក​ដឹង​ថា​ខ្ញុំ​អាច​ផ្លាស់​ទី​យ៉ាង​ណា​ហើយ ​អ្នក​ធ្លាប់​បាន​ឃើញ​ជា​ច្រើន​ដង​ហើយ។ Ugas ​វាយ​តែ​១​ក្បាច់​ទេ ហើយ​ខ្ញុំ​គួរ​តែ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ទី​ណាស់។ តែ​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ក្នុង​ការ​ប្រកួត​នេះ ​ជើង​របស់​ខ្ញុំ​មិន​ដំណើរ​ការ​សោះ”៕

ប្រភព៖ foxsports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី