• 2021-07-28 06:22:03
  • ប្រដាល់

Sam-A បញ្ចប់​ពី​ការ​ចូល​និវត្តន៍​​​រហូត​ដល់​ឈ្នះ​ខ្សែ​ក្រវាត់​​​លំដាប់​ពិភព​​លោក​ ONE World Champion

  • 2021-07-28 06:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​មួយ​ថៃ​ Sam-A Gaiyanghadao ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ធឺ​តាំង​ពី​ចូល​សង្វៀន​ ONE Super Series។

បុរស​វ័យ ៣៧ ឆ្នាំ​រូប​នេះ​​ត្រូវ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Strawweight ​របស់​ខ្លួន​ទល់​នឹង​ Prajanchai PK.Saenchai Muaythaigym ​នៅ​កម្មវិធី​ ONE: BATTLEGROUND ​នា​ថ្ងៃ​សុក្រ​ទី ៣០ កក្កដា​ នេះ។ ​ ​កីឡាករ​មក​ពី​ខេត្ត​បូរ៉ីរាំ​បាន​ព្យួរ​ហ្គង់​អស់​​រយៈ​ពេល ៥ ឆ្នាំ​ ពេល​ក្លាយ​ជា​គ្រូ​បង្វឹក​ម្នាក់។

បុរស​​​សញ្ជាតិ​ថៃ​រូប​នេះ​បាន​ក្លាយ​ជា​​ជើង​ឯក​ពិភព​លោក​នៅ​ប្រទេស​របស់​ខ្លួន​ដោយ​ឈ្នះ​​ខ្សែ​ក្រវាត់​ជា​​ច្រើន​នៅ​សង្វៀន​ល្បី Lumpinee Stadium និង​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ ឬ ​ហៅ​ Authority Of Thailand Fighter of the Year ទៀត​ផង។

វីរបុរស​មួយ​ថៃ​បាន​ថ្លែង​ថា ៖«​អ្នក​រាល់​គ្នា​​ស្គាល់​ខ្ញុំ។ ពួក​គេ​ស្គាល់​ខ្ញុំ​​គ្រប់​ទី​​កន្លែង​ដែល​ខ្ញុំ​បាន​ទៅ។​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត។ ហើយ​មនុស្ស​ជា​ច្រើន​​ចូល​មក​​មើល​​ខ្ញុំ ប៉ុន្តែ​​វា​មិន​មែន​ដោយ​សារ​ខ្ញុំ​ឈ្នះ ទើប​ពួក​គេ​ចង់​ឃើញ​នោះ​ទេ។ ​ពួក​គេ​ចង់​ឃើញ​ថា តើ​តារា​មួយ​ថៃ​រូប​ណា​អាច​ផ្ដួល​ខ្ញុំ​បាន។ ​ការ​ប្រកួត​ប្រជែង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ហ្វឹកហាត់​កាន់​តែ​ខ្លាំង និង រក្សា​ឲ្យ​រាង​កាយ​មាន​លំនឹង​គ្រប់​ពេល​វេលា។​ ​ពេល​​នោះ​ ខ្ញុំ​ពិត​ជា​រំភើប​​ខ្លាំង​ណាស់»។

​តារា​​មួយ​ថៃ​ដដែល​រំលឹក​ថា ៖«[​នៅ​ពេល​ខ្ញុំ​សម្រេច​ចិត្ត​ចូល​និវត្តន៍] ខ្ញុំ​មាន​អារម្មណ៍​ធុញ​​ថប់​អំពី​ការ​ប្រកួត​នៅ​ប្រទេស​ថៃ។ ខ្ញុំ​​បាន​សម្លឹង​មើល​អ្វី​ដែល​​ថ្មី។ វា​លំបាក​​សម្រាប់​​ខ្ញុំ​ដើម្បី​ស្វែង​រក​គូ​ប្រជែង​​នៅ​ក្នុង​ប្រភេទ​ម្ងន់​ដូច​គ្នា។ ខ្ញុំ​​ត្រូវ​​ប្រកួត​ជា​មួយ​កីឡាករ​ធំៗ​ជាង​ខ្ញុំ»។

ហេតុ​ផល​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​រូប​គេ​ចាក​ចេញ​ពី​សង្វៀន។ ​យ៉ាង​ណា​ក្ដី ក៏​មាន​ហេតុ​ផល​មួយ​ចំនួន​​ផ្សេង​ទៀត​ផង​ដែរ។ «​រឿងមួយ​ទៀត គឺ អាយុ​របស់​ខ្ញុំ។ ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចាស់​ពេក។ ​ខ្ញុំ​ដឹង​ថា​ ​ការ​ប្រកួត​ត្រូ​វ​ប៉ះ​កីឡាករ​ក្មេងៗ និង ធំ​ជាង​ខ្លួន​ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​ខ្ញុំ​ឈឺ​ចាប់​លឿន ហើយ​ខ្ញុំ​មិន​អាច​​ប្រកួត​បាន​យូរ​ទេ។ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចូល​និវត្តន៍​តែ​ម្ដង​ទៅ និង​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក​វិញ»។

Sam-A ផ្លាស់​ទៅ​សិង្ហបុរី​ដើម្បី​បង្ហាត់​នៅ​ក្លិប​ល្បី​ឈ្មោះ​ Evolve។ វា​ជា​តំណែង​មួយ​ដែល​អាច​ចិញ្ចឹម​គ្រួសារ​នៅ​ទី​​នោះ​បាន ប៉ុន្តែ ​ធ្វើ​ឲ្យ​រូប​គេ​ផ្លាស់​ប្ដូរ​ការ​គិត​ជា​ថ្មី និង ផ្ដល់​ឲ្យ​​នូវ​ការ​គិត​អំពី​ការ​ប្រកួត​​ឡើង​វិញ។

Sam-A បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​បាន​ចាប់​ផ្ដើម​អាជីព​ជា​គ្រូបង្ហាត់ ហើយ​​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​លំហាត់​ប្រាណ និង​​សម្រាក។ ដូច្នេះ ខ្ញុំក៏​ចង់​ប្រកួត​ជា​ថ្មី​ដោយ​ភាព​រីករាយ។ ​អំឡុង​ពេល​នោះ ខ្ញុំ​បាន​បង្ហាត់​សិស្ស​របស់​ខ្ញុំ​ ខ្ញុំ​​នៅ​តែ​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាំ​មួន។ ​​ខ្ញុំ​យល់​ថា ខ្ញុំ​អាច​​ឡើង​ប្រកួត​បាន ខ្ញុំ​ចង់​​​ត្រលប់​មក​វិញ ដើម្បី​រះ​ឡើង​ជា​ថ្មី»។ កូនសិស្ស​ជា​ច្រើន​របស់ Sam-A ​ប្រកួត​ក្នុង​ក្បាច់​គុន​ចម្រុះ។ ហើយការ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​របស់​ Sam-A ​ត្រូវ​ជួប Joseph “The Hurricane” Lasir​i ​​កាល​ខែ មករា ឆ្នាំ ២០១៨។

«​​ខ្ញុំ​គិតថា វា​ជា​ការ​បើ​ទ្វារ​​​​សម្រាប់​អ្នក​ជំនាន់​ក្រោយ ព្រោះ ONE Championship ​មាន​តែ​ការ​ប្រកួត MMA ​តែ​ប៉ុណ្ណោះ​កាល​​លើក​មុនៗ។ ​ខ្ញុំ​ប្រកួត​ដើម្បី​អ្នក​ជំនាន់​ក្រោយ និង​ដើម្បី​ពង្រឺក​មួយ​ថៃ​នៅ​សង្វៀន ONE ​និង​ប្រកួត​ដើម្បី​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន។ ពេល​នោះ ខ្ញុំ​​មិន​ដែល​គិត​អំពី​ការ​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​នោះ​ទេ»។

បុរសវ័យ ៣៧ ឆ្នាំ​គ្រាន់​តែ​ចង់​ប្រកួត ប៉ុន្តែ ទី​បំផុត​គេ​មាន​ឱកាស​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Flyweight ទល់​នឹង Sergio “Samurai” Wielzen កាល​ខែ ឧសភា ឆ្នាំ ២០១៨។

Sam-A ​ពិពណ៌នា ៖«​ខ្ញុំ​មិន​រំពឹង​បែប​​នោះ​ទេ។ ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រកួត​ប៉ុណ្ណោះ។ ​​ខ្ញុំ​មិន​គិត​ថា​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទេ។ ប៉ុន្តែ ខ្ញុំ​​មាន​ឱកាស​ដើម្បី​ប្រជែង​វា។ វា​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។ ការ​ពិត​ទៅ ខ្ញុំ​បាន​​ចូល​និវត្តន៍​ពី​កីឡាករ​ទៅ​ហើយ​​ដោយ​ក្លាយ​ជា​អ្នក​បង្ហាត់​សិស្ស មុន​ពេល​ទទួល​ឱកាស​ប្រកួត​នៅ ONE ដែល​ជា​ស្ថាប័ន​លំដាប់​ពិភព​លោក។ ​ខ្ញុំ​ពិត​ជា​រំភើប​​មែន​ទែន។»

«​បន្ទាប់​​មក​ ខ្ញុំ​ធ្វើ​វាយ​ដោយ​​ជោគជ័យ។ ​មោទនភាព​របស់​​ខ្ញុំ​កាន់​តែ​ធំ​ៗទៅ នៅ​​ពេល​ខ្ញុំ​​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​​លើក​ដំបូង ពី ONE Super Serie។ ​​ខ្ញុំ​ពិត​ជា​រក​ពាក្យ​អ្វី​​និយាយ​មិនចេញ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​រឿង​នេះ។ »។

បន្ទាប់​មក​ Sam-A របូត​ខ្សែ​ក្រវាត់​​ទម្ងន់ Flyweight នោះ​ទៅ Jonathan “The General” Haggerty រូប​គេ​ទម្លាក់​មក​ប្រកួត​ទម្ងន់ Strawweight វិញ។ ​តាំង​ពី​នោះ​មក តារា​​មួយ​ថៃ​ជើង​ចាស់ ​មិន​ទាន់​ចាញ់​​ទេ ពោល ឈ្នះ​ ៤-០ ក្នុង​ទម្ងន់​ថ្មី រហូត​ដល់​ឈ្នះ​ខ្សែ​ក្រវាត់​ពី​រ​ខ្សែ​ គឺ ​មួយ​ថៃ​ និង​ឃីកបុកសីង​​ពិភព​លោក​ONE Strawweight។

ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​សង្កត់​ធ្ងន់​ថា ៖«ក្នុង​នាម​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រចាំ​ស្ថាប័ន ONE Championship គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​​​អាជីព ព្រោះ​នេះ​ជា​ស្ថាប័ន​ធំ​បំផុត​មួយ និង​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក។ ​ពេល​​នេះ​ ខ្ញុំ​កំពុង​កាន់​​ខ្សែ​ក្រវាត់ ហើយ​ខ្ញុំ​ត្រូវ​តែ​រក្សា​វា​ឲ្យ​បាន​យូរ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បើ​អ្នក​គិត​ថា​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​ខ្ញុំ​ងាយ​ស្រួល នោះ​អ្នក​គិត​ខុសហើយ» ។

កីឡាករ​​​ខ្មែរ​​សុរិន្ទ​ទទួល​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​អាជីព។ ​ប៉ុន្តែ​​នៅ​មាន​រឿង​ជា​ច្រើន​ដែល​មិន​ទាន់​ធ្វើ​រួចរាល់​នៅ​ឡើយ។ Sam-A បន្ត​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និង ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ប្រកួត​បន្ត​ទៀត​ហើយ​ក៏​ត្រូវមាន​ភារកិច្ច​​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួនបន្តបន្ទាប់​ដែរ៕

ដោយ៖ ស៊ីធី

មតិយោបល់