• 2021-06-14 10:31:34
  • ប្រដាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​រឿង​ រិន​ សារ័ត្ន​ និង​ ស៊ន​ អេលីត​

  • 2021-06-14 10:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​បន្ទាប់​ពី​កីឡាករ​ រិន​ សារ័ត្ន​ បាន​បង្ហោះ​ពី​ការ​ចង់​ប្រកួត​ជា​មួយ​កូន​សិស្ស​ លោក​ ស៊ន​ អេលីត​ រួច​មក​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​ដូច​ជា​អ្នក​គាំទ្រ​ ពិធី​ករ​កីឡា​ និង​កីឡាករ​ផ្សេងៗ។​

សម្រាប់​អ្នក​គាំទ្រ​ក្នុង​មជ្ឈដ្ឋាន​ប្រដាល់​គឺ​មាន​មតិ​ច្រើន​អំពី​រឿងរ៉ាវ​ខាង​លើ​នេះ​ អ្នក​ខ្លះ​លើក​ទឹកចិត្ត​ដល់​ រិន​ សារ័ត្ន​ អ្នក​ខ្លះ​ក៏​យល់ស្របជាមួយ​លោក​ ស៊ន​ អេលីត​ លើក​ឡើង​ត្រឹមត្រូវ​ជា​ដើម។​

ការ​បង្ហោះរបស់លោក MC Vutha​

ចំពោះ​ពិធី​ករ​កីឡា​វិញ​គឺ​មាន​លោក​ MC Vutha​ ដែល​គេ​ស្គាល់​ថាធ្វើការ​នៅ​ Town​ បាន​ចេញ​មុខ​ឆ្លង​ឆ្លើយ​ និង​សន្យា​ថា​រៀបចំ​ការ​ប្រកួត​រវាង​ រិន​ សារ័ត្ន​ និង​សិស្ស​លោក​ ស៊ន​ អេលីត​ ក្នុង​កម្មវិធី​ Mas Fight​ បើ​ពួកគេ​ចង់​ប្រកួត។​

ចំណែក​​លោក​ May Socheat Sports MC​ ដែល​ជា​ពិធី​ករ​នៅ​ CBS​ ក៏​បញ្ចេញ​យោបល់​ក្នុង​រឿង​នេះ​ដែរ​ ប៉ុន្តែ​ក្នុង​ន័យ​សម្របសម្រួល​ជា​ពិសេស​ចំពោះ​អ្នក​គាំទ្រ​កុំ​ថែមថយ​ក្នុង​រឿង​នេះ​ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​ពីរ​ខាង​លើ​មើល​មុខ​គ្នា​មិន​ត្រង់។​ មួយ​វិញ​ទៀត​ពិធី​ករ​រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​ ស៊ន​ អេលីត​ និយាយ​ពេល​នោះ​គឺ​មិន​ដឹង​ថា​ សារ័ត្ន​ វ៉ៃ​ក្នុង​កម្មវិធី​ MMA​ ស្មាន​ថា​វ៉ៃ​បែប​គគុន​ខ្មែរ។​

ការ​បង្ហោះរបស់លោក May Socheat Sports MC

ចំណែក​អតីត​អ្នក​ប្រដាល់​ សែន​ រ៉ាឌី​ ក៏​បាន​ចែកចាយ​(Share)​ បន្ត​ពី​លោក​ ស៊ន​ អេលីត​ ផង​ដែរ​អំពី​រឿងរ៉ាវ​មួយ​នេះ​អម​ដោយ​មតិ​យោបល់​ថា​ «ហឹមមម...មិន​ដឹង​ជា​ស្អី​ទេ» ​«ឥលូវ​ខ្ញុំ​បាទ​ សែន​ រ៉ាឌី​ ឈប់​វ៉ៃ​យូរហើយ​ ហើយ​វ័យ​ថែម​ទៀត​ តែ​ខ្ញុំ​សុំ​វ៉ៃ​និង​កីឡាករ​ទម្ងន់​ ៥១​ ម្នាក់​ណា​ក៏​បាន​ ដាក់​ដើម​ផាន់​ ១០០​លាន​រៀល។​ ៥១​គីឡូ​ ខុស​ពី​ ៧០​គីឡូ​ សង្ឃឹម​ថា​បង​ប្អូន​នឹង​យល់»។​

ការ​លើក​ឡើងរបស់ សែន រ៉ាឌី

មាស​ ម៉ើ​ ក៏​បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ក្នុង​រឿង​ខាង​លើ​ដែរ​ ពោល​រូប​គេ​ថា​នឹង​ឧបត្ថម្ភ​ប្រាក់​ ៥០០​ដុល្លារ​ដល់​អ្នក​ឈ្នះ​បើ​មាន​ការ​ប្រកួត​រវាង​ រិន​ សារ័ត្ន​ និង​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ហើយ​កុំ​ភ្លេច​ធ្វើ​កុងត្រា​ឲ្យ​ច្បាស់លាស់។​ មួយ​វិញ​ទៀត​អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ខាង​លើ​នេះ​បន្ថែម​ថា​ សារ័ត្ន​ មាន​ប្រៀប​ជាង​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ បាន​ទាំង​ក្បាច់​គុន​ខ្មែរ​ ឈរ​វ៉ៃ​ និង​ឃ្លេ​ ប៉ុន្តែ​អន់​ត្រង់​ហ៊ាន​និយាយ​មិន​ហ៊ាន​ធ្វើ។​ មាស​ ម៉ើ​ ថា​លោក​ ស៊ន​ អេលីត​ និយាយ​ក្នុង​ន័យ​ស្ថាបនា។​

ការ​លើក​ឡើងរបស់ មាស ម៉ើ

រំលឹក​ដែរ​ថា​ ព្រឹក​មិញ​នេះ​កីឡាករ​ រិន​ សារ័ត្ន​ បាន​បង្ហោះ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ រូប​គេ​អន់​ ប៉ុន្តែ​សុំ​ប្រកួត​ដាក់​ទ្រុង​ជា​មួយ​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ម្នាក់​ណា​ក៏​បាន​ហើយ​ដាក់​លុយ​ ១០​លាន​រៀល​ថែម​ទៀត​ផង។​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​ ស៊ន​ អេលីត​ ក៏​បាន​បញ្ចេញ​យោបល់​ (Comment)​ លើ​ផេក​ Sitho Nathan​ អំពី​រឿង​ រិន​ សារ័ត្ន​ នឹង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ថា​ «ចប់​ហើយ​បង​អើយ​ វ៉ៃ​ក្នុង​ស្រុក​មិន​ដែល​ឃើញ​ឈ្នះ​ផង​ ចុះ​ទម្រាំ​ទៅ​ក្រៅ​ប្រទេស​ទៀត»។​ ទាំង​នេះ​ហើយ​ជា​ដើមចម​នៃ​ការ​ឆ្លង​ឆ្លើយ​គ្នា​រវាង​ រិន​ សារ័ត្ន​ និង​លោក​ ស៊ន​ អេលីត​ ថ្ងៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់