• 2021-02-26 04:26:25
  • ប្រដាល់

សុខ ធី ជឿថា Superlek នឹងឈ្នះខ្សែក្រវាត់យប់នេះ ព្រោះ​​​​សំអាង​លើ​ជំនាញ​មួយ​នេះ

  • 2021-02-26 04:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំង«រន្ទះជើងម៉ាស៊ីន» Superlek Kiatmoo9 ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ពីម្ចាស់ការពារតំណែងជើងឯក Ilias Ennahachi ក្នុងព្រឹត្តិការណ៍ ONE: FISTS OF FURY ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ នេះនៅប្រទេសសិង្ហបុរី។

Superlek ជើងខ្លាំងប្រដាល់មួយថៃម្នាក់ដែលធ្លាប់ឈ្នះជើងឯកមួយថៃពីរដងនៅសង្វៀន Lumpinee មុនពេលបោះជំហានចូលស្ថាប័ន ONE ប៉ុន្តែមិនទាន់ស្គាល់ខ្សែក្រវាត់ពិភពលោកពីស្ថាប័នចុងក្រោយនេះនៅឡើយទេ។

រូបគេសម្រាប់ការប្រកួត៤លើនៅស្ថាប័ន ONE កន្លងមកគឺមិនទាន់ចាញ់ម្តងណាឡើយ។ ប្រកួតលើកទី១ Superlek បានឈ្នះអ្នកលេងគុនខ្មែរ ឡៅ ចិត្រា, លើកទី២ឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho, និងលើកទី៣ឈ្នះមិត្តរួមជាតិ Panpayak ដែល៣លើកដំបូងនេះប្រកួតលក្ខណៈមួយថៃ ខណៈលើកទី៤ជាការប្រកួតលក្ខណៈឃីកបុកសីងដែលបានយកឈ្នះ Fahdi Khaled ដើម្បីទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកក្នុងឆ្នាំ២០២១នេះ។

មុនការប្រកួតមកដល់នារាត្រីនេះ មានអ្នកជំនាញ ក៏ដូចជាកីឡាករមួយចំនួនបានព្យាករលទ្ធផលសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះ។ ក្នុងនោះក៏មានអ្នកលេងគុនខ្មែរ សុខ ធី បានយល់ឃើញលទ្ធផលទុកមុនដែរ។

នៅចាំបានថា នៅពេលកីឡាករថៃភ្នែកតឹង Capitan ប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកជាមួយកីឡាកររុស្ស៊ី Alaverdi Ramazanov កាលពីថ្ងៃទី២២ ខែមករា កន្លងទៅថ្មីៗនេះ សុខ ធី បានប្រាប់ថា Capitan នឹងឈ្នះ។ ទីបំផុតកីឡាករថៃនេះប្រើពេលតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលម្ចាស់ខ្សែក្រវាត់ដោយក្បាច់ទាត់ជើងក្រោម។

នារាត្រីនេះ សុខ ធី ហៅ កាកា បានប្រាប់ក្រុមការងារ ONE ថា កីឡាករថៃ Superlek នឹងឈ្នះ ហើយទទួលបានខ្សែក្រវាត់ពិភពលោក។ សុខ ធី និយាយខ្លីថា ៖«ខ្ញុំជឿលើ Superlek នឹងឈ្នះការប្រកួតយប់នេះ ពីព្រោះការទាត់របស់គាត់ខ្លាំងណាស់។ គាត់ទាត់លឿន និងមានទម្ងន់»។

ជាទូទៅ កីឡាករបរទេសពូកែកណ្តាប់ដៃ និងទាត់ខ្ពស់ ប៉ុន្តែមិនសូវពូកែទាត់ក្រោមឡើយ ដូច្នេះនៅពេលជួបដៃគូដែលពូកែទាត់ជើងក្រោមគឺពិបាកឈរទប់ទល់ឲ្យបាន៣ឬ៥ទឹកពេញណាស់។

សម្រាប់ម្ចាស់កីឡាករហុល្លង់-ម៉ារ៉ុកដែលជាខ្សែក្រវាត់ Ennahachi បានផ្តួលកីឡាករថៃ Petchdam ក្នុងទឹកទី៣ដើម្បីក្លាយជាជើងឯកពិភពលោក។ ម្ចាស់ខ្សែក្រវាត់រូបនេះមានកណ្តាប់ដៃលឿន និងធ្ងន់ ហើយមានចលនាផ្លាស់ប្តូរលឿនណាស់។ ប្រសិនបើរូបគេអាចទប់ទល់នឹងការទាត់របស់ Superlek បាន នោះរូបគេសង្ឃឹមការពារខ្សែក្រវាត់បានជោគជ័យពីព្រោះកណ្តាប់អាចមានប្រៀបលើកីឡាករថៃ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់