• 2020-12-22 03:57:36
  • ប្រដាល់

ច្បាស់​ជា​អាណិត​គ្រប់គ្នា ​បើ​ដឹង​រនាំង​ជីវិត​ដ៏​លំបាក​របស់ ចាន់ រតនា ​មុន​មាន​ថ្ងៃ​នេះ​

  • 2020-12-22 03:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាន់ រតនា ​ជា​កីឡាករ​ល្បី​ឈ្មោះ​នៅ​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​បាន​បង្ហាញ​ក្បាច់​គុន​ចម្រុះ​ខ្មែរ​លើ​សង្វៀន​អន្តរជាតិ​លំដាប់​ពិភព​លោក ONE Championship ​។

​នា​ពេល​បច្ចុប្បន្ន​គឺ​គេ​អាច​និយាយ​បាន​ថា​ជើង​ខ្លាំង​របស់​កម្ពុជា​វ័យ​៣៤​ឆ្នាំ​នេះ ​បាន​ជោគជ័យ​មួយ​ជំហាន​ហើយ​ក្នុង​អាជីព ​ក្រោយ​ពី​សាង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​កន្លង​មក។ ​យ៉ាងណាមិញ ​មុន​មាន​ថ្ងៃ​នេះ ​រតនា ​ក៏​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​កម្សត់​កម្រ​ជា​ច្រើន​ផង​ដែរ ​តាំង​ពី​ក្មេង​មក។

​ចាន់ រតនា ​បាន​បញ្ជាក់​ពី​ជីវភាព​ខ្វះខាត​ និង​ការ​លំបាក​របស់​ខ្លួន​​កាល​នៅ​ជា​កីឡាករ​ប្រដាល់​ថា ​ក្នុង​មួយ​ខែ​រូបគេ​ត្រូវ​ឡើង​វាយ​៤​ដង ទើប​បាន​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ខណៈ​ដែល​ពេល​ខ្លះ​ប្រាក់​នោះ​ក៏​សឹង​តែ​មិន​គ្រប់គ្រាន់​សម្រាប់​រូបគេ​ទៀត​ផង។ តែ​បច្ចុប្បន្ន ​រតនា ​បាន​ក្លាយ​ជា​អ្នក​វាយ​ក្នុង​ទ្រុង​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​មាន​អង្គភាព​ជា​ច្រើន​ចង់​ទាក់ទង​គេ​ឱ្យ​ទៅ​ឡើង​ប្រកួត។ ចំណែក​ឯ​ចំណូល​វិញ ក៏​បាន​ប្រសើរ​ឡើង​ជាង​មុន​ដែរ ចាប់​តាំង​ពី​ចាប់​អាជីព​ថ្មី​នេះ។

​និយាយ​ពី​ប្រវត្តិ​របស់​គេ​វិញ ​រតនា ​កើត​នៅ​ជំរំ​ភៀស​ខ្លួន​​ជាយដែន​ខ្មែរ-ថៃ​។ ចាន់​ រតនា​ និង​គ្រួសារ​បាន​ត្រឡប់​​ចូល​មាតុភូមិ​វិញ​ពេល​សង្គ្រាម​បាន​បញ្ចប់​ ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ប្រមែប្រមូល​ប្រាក់​ទិញ​ដី​ផ្ទះ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ រូបគេ​មិន​ចាំ​ច្បាស់​ប៉ុន្មាន​ទេ​ថា​ ខ្លួន​ចាប់​ផ្តើម​ហាត់​រៀន​ក្បាច់​គុន​តាំង​ពី​ពេល​ណា​មក​ ប៉ុន្តែ​អ្វី​ដែល​ខ្លួន​ដឹង​គឺ​មាន​លោក​ឪពុក​ ជា​គ្រូ​ក្បាច់​គុន​បុរាណ​យុទ្ធ​គុន​ខម។ លោក​ឪពុក​បាន​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ជំរុញ​ឲ្យ​រូប​គេ​ចាប់​អាជីព​ប្រដាល់។

លោក​ ចាន់​ ​ប៊ុនធឿន​ គ្រូ​ក្បាច់​យុទ្ធ​គុន​ខម និង​ជា​ឪពុក​របស់​ ចាន់​ រតនា​ បាន​បើក​ក្លឹប​ហាត់​គុន​មួយ​ដែល​ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​​កូន​ប្រុស​របស់​លោក​​បោះ​បង់​ចោល​​ការ​សិក្សា​ដើម្បី​ជួយ​បន្ថែម​កម្លាំង​ឲ្យ​គ្រួសារ​បន្ថែម។ រតនា រំលឹក​ថា ៖​«គ្រួសារ​ខ្ញុំ​ពី​មុន​ក្រ​ខ្លាំង​ណាស់​ ទើប​ឪពុក​ខ្ញុំ​ឲ្យ​ឈប់​រៀន​មក​ជួយ​គាត់​នៅ​ក្លឹប​វិញ។ ពេល​ខ្ញុំ​ហាត់​ចេះ​បាន​ច្រើន​បន្តិច​ ខ្ញុំ​ក៏​ចាប់​ផ្តើម​បង្រៀន​សិស្ស​ដ៏​ទៃ​ទៀត​ជា​បន្ត។ អីចឹង​ ខ្ញុំ​រៀន​បណ្តើរ​ បង្ហាត់​បណ្តើរ។ ដំបូង​ឡើយ​កម្សត់​​ណាស់​ ដោយ​សារ​យើង​គ្មាន​កន្លែង​ហាត់​ ដូច្នេះ​យើង​ត្រូវ​ដើរ​សុំ​ដី​គេ​មក​បើក​ក្លឹប។ ម្យ៉ាង​ យើង​ក៏​អត់​មាន​ឧបករណ៍​សម្រាប់​ហ្វឹក​ហាត់​គ្រប់​គ្រាន់​ថែម​ទៀត​ អីចឹង​យើង​ត្រូវ​ព្យាយាម​រក​វិធី​ច្នៃ​របស់​ប្រើ​ខ្លួន​ឯង។ និយាយ​ទៅ​វេទនា​ខ្លាំង»។

ចាន់ រតនា​បន្ថែម​ទៀត​ថា​ ៖«ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ឯង​ក្លាយ​ជា​អ្នក​ប្រដាល់​ទេ។ ខ្ញុំ​ទៅ​ហាត់​ក្បាច់​គុន​ ព្រោះ​គ្រាន់​តែ​ចង់​​ជួយ​ឪពុក​ខ្ញុំ​ដែល​បង្ហាត់​សិស្ស​​តែ​ប៉ុណ្ណោះ។ ឪពុក​ខ្ញុំ​គាត់​ព្យាយាម​បញ្ចុះ​បញ្ជូល​ខ្ញុំ​ឲ្យ​មក​ហាត់​គុន​ឲ្យ​ស្ទាត់​ទៅ​ មក​ពី​ខ្ញុំ​មិន​បាន​​រៀន​សូត្រ​ខ្ពស់​ដូច​គេ»។

សូម​បញ្ជាក់​ថា​ នៅ​ឆ្នាំ ​២០១៤ ​ចាន់ រតនា ​បាន​បញ្ចប់​អាជីព​ប្រដាល់​សេរី ​ហើយ​ក៏​ប្រឡូក​សង្វៀន​ក្នុង​ទ្រុង​បាន​ឱកាស​ចូល​វៃ​នៅ​សង្វៀន​ធំ ONE ​តែ​ម្ដង។ ដោយ​ក្នុង​ឆ្នាំ​នោះ រូបគេ​វាយ​៣​ដង ​ឈ្នះ​២​ដង​និង​ចាញ់​ម្ដង។ ​ឈ្នះ​កីឡាករ​កម្ពុជា ប្រាក់​ ចាន់ស៊ីន និង​ចាញ់ សំអាង​ ឌុន ដ៏​ចម្រូង​ចម្រាស់ ហើយ​ចុង​ក្រោយ​​ផ្ដួល​កីឡាករ​ហ្វីលីពីន Ramon Gonzalez ក្នុង​ទឹក​ទី​១​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ រតនា ​បាន​និយាយ​ថា​៖ ONE Championship ​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ បាន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ផ្សេង​ៗ ​ហើយ​វា​ក៏​បាន​ផ្ដល់​ពេល​ឱ្យ​ខ្ញុំ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ផ្ទាល់​ខ្លួន​ផង​ដែរ៕

អត្ថបទ៖ វិធាវី

មតិយោបល់