• 2020-09-23 04:05:50
  • ប្រដាល់

អេលីត​ ចំរើន​ ក៏មិន​ខ្លាច​រអា​ ប៊ុន​ សុធា​ បើ​ប៉ះ​ម្ដង​ទៀត​វ៉ៃ​ឲ្យ​អស់​ចិត្ត​ទាំង​កីឡាករ​ និង​អ្នក​គាំទ្រ​

  • 2020-09-23 04:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជើង​រន្ទះ​ អេលីត​ ចំរើន​ ធ្លាប់​ប្រាប់​ថា​ ខ្លួន​មិន​មាន​ចិត្ត​ខ្លាច​រអា​អ្វី​ចំពោះ​កីឡាករ​ ប៊ុន​ សុធា​ នោះ​ទេ​ បើ​មាន​ឱកាស​ និង​សុខភាព​ល្អ​អាច​សងសឹក​បាន​ ខណៈ​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ក៏​ចង់​វ៉ៃ​ឲ្យ​អស់​ចិត្ត​ទាំង​កីឡាករ​ ឬ​អ្នក​គាំទ្រ​ដែរ។​ (រូបភាពក្របខាងក្រៅរបស់ PNN Sport)

រូបភាព PNN Sport

អេលីត​ ចំរើន​ ធ្លាប់​ប្រាប់​ខាង​ Sabay Sport News​ ថា​ខ្លួន​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​សងសឹក​របស់​កីឡាករ​ ប៊ុន​ សុធា​ នៅ​ពេល​សមស្រប​ណា​មួយ​ដែល​រៀបចំ​ឡើង។​ បើ​ទោះ​ជា​មាន​ការ​សុំ​សងសឹក​ក៏​ដោយ​ខ្លួន​មិន​មាន​ចិត្ត​ខ្លាច​ ឬ​រអា​ជា​មួយ​អ្នក​ប្រដាល់​ដើរ​បុក​ ប៊ុន​ សុធា​ នោះ​ឡើយ​ហើយ​ប្ដេជ្ញា​ប្រឹង​ប្រកួត​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​មុន។​

អេលីត ចំរើន ពេលឈ្នះ ប៊ុន សុធា(រូបភាព PNN Sport)

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ក្រោយ​ពី​ការ​ប្រកួត​លើក​ទី១​ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​នៅ​ PNN ជា​មួយ​ ប៊ុន​ សុធា​ នោះ​គឺ​សូម្បី​កីឡាករ​ខ្លួនឯង​ក៏​មិន​អស់​ចិត្ត​ ខណៈ​អ្នក​គាំទ្រ​របស់​គេ​មួយ​ចំនួន​ក៏​មិន​ពេញ​ចិត្ត​លទ្ធផល​នោះ​ដែរ​ ដូច្នេះ​ហើយ​បើ​បាន​ប៉ះ​គ្នា​ម្ដង​ទៀត​ចង់​វ៉ៃ​ឲ្យ​អស់​ចិត្ត​តែ​ម្ដង។​

អេលីត ចំរើន ពេលឈ្នះខ្សែក្រវាត់មាស

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ ចំរើន​ ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ ប៊ុន​ សុធា​ ទម្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២០​ នៅ​លើ​សង្វៀន​ PNN​ កម្មវិធី​ប្រដាល់​ ISI ។​ អេលីត​ ចំរើន​ បច្ចុប្បន្ន​ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​មាស​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី