• 2020-04-15 07:26:33
  • ប្រដាល់

ចាន់ រតនា ចង់ប៉ះ Yuya Wakamatsu យ៉ាងខ្លាំងដើម្បីបង្កើនសមត្ថភាព

  • 2020-04-15 07:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chan Rothana មិនបានហ្វឹកហាត់ច្រើនដូចរាល់ដងទេ ប៉ុន្តែរូបគេនៅតែរកវិធីខំប្រឹងដើម្បីបង្កើនសមត្ថភាពដដែលក្នុងវិស័យក្បាច់គុនចម្រុះ។ កីឡាករវ័យ៣៤ ឆ្នាំទម្ងន់ flyweight រូបបានបិទក្លិប «សិល្បៈ» របស់ខ្លួនដោយសារតែការរីករាលដាលនៃមេរោគ COVID-19។ ប៉ុន្តែរូបគេនៅតែហ្វឹកហាត់ជាមួយលោក Lorenzo Lanzafame គ្រូបង្វឹកផ្នែកកម្លាំងដើម្បីរក្សាថាមពល និង ពង្រឹងបច្ចេកទេសរបស់ខ្លួនតាមតែអាចធ្វើបាន។

រតនា នៅតែលើកទឹកចិត្តដោយខ្លួនឯងដើម្បីឈានដល់កម្រិតកំពូលមួយទៀត និងប្រកួតតំណាងឲ្យកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship។ គេកំពុងទន្ទឹងរង់ចាំចំពោះការប្រកួតទល់នឹងកីឡាករជំនាញផ្ដួលដៃគូឲ្យសន្លប់សញ្ជាតិជប៉ុន Yuya Wakamatsu ឬ រហស្សនាមថា “Little Piranha”។ កីឡាករជប៉ុនរូបនេះបង្ហាញការប្រកួតដ៏អស្ចារ្យ និងជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ទៀតផងនៅឆ្នាំ២០១៩។

Wakamatsu បានតតាំងជាមួយនឹង Demetrious Johnson ឬ “Mighty Mouse” ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Flyweight World Grand Prix កាលខែមីនាឆ្នាំ ២០១៩ ហើយបន្ទាប់មកទៀតរូបគេផ្ដួលអតីតម្ចាស់ខ្សែក្រវាត់ Geje “Gravity” Eustaquio ឲ្យសន្លប់ឈឹងកាលខែសីហា។ មិនធម្មតាមែន កីឡាករជប៉ុនវ័យ ២៥ ឆ្នាំរូបនេះ យកឈ្នះកីឡាករកូរ៉េខាងត្បូង “Ottogi” Dae Hwan Kim ដោយពិន្ទុជាឯកច្ឆន្ទក្នុងរយៈពេលពីរខែបន្ទាប់។ រតនា ដែលឈ្នះ ៣ លើកជាប់គ្នាជាប្រវត្តិសាស្ត្រនៅសង្វៀនលំដាប់ពិភពលោកមួយនេះបានបង្ហាញការគោរពដល់ “Little Piranha” និងទន្ទឹងរង់ចាំជួបគ្នាយ៉ាងអន្ទះសា។ ស៊ុពើស្ដាររបស់កម្ពុជាបានជជែកអំពីរឿងនេះតាមរយៈបទសម្ភាសន៍ផ្ដាច់មុខដូចខាងក្រោម៖

ONE Championship: ដោយសារតែមេរោគរាតត្បាត COVID-19 ទូទាំងពិភពលោកក៏ដូចកម្ពុជា តើមានផលប៉ះពាល់អ្វីខ្លះដល់ក្លិបរបស់ រតនា ហើយ ការហ្វឹកហាត់យ៉ាងដូចម្ដេចដែរ?

ចាន់ រតនា: ខ្ញុំកំពុងតែចូលរួមការទប់ស្កាត់ការឆ្លងមេរោគ Covid-19 នៅកម្ពុជាដែរ។ តាំងពីការផ្ទុះឡើងនៃមេរោគនេះ កាលដើមខែមីនា ខ្ញុំបានបិទក្លិបហ្វឹកហាត់ «សិល្បៈ» របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅរក្សាកម្លាំងរបស់ខ្ញុំឲ្យនៅល្អ។ ខ្ញុំមានគ្រូបង្វឹកផ្សេងគ្នាច្រើន ប៉ុន្តែពេលនេះ មានតែលោក Lorenzo Lanzafame គ្រូបង្វឹកបង្វឹកផ្នែកកម្លាំងមួយប៉ុណ្ណោះកំពុងជួយបង្ហាត់និងរក្សាកម្លាំងដល់ខ្ញុំ។ ព្រោះផ្ទះរបស់គាត់នៅជិតផ្ទះខ្ញុំដែរ ដូច្នេះវាការជួយដ៏សំខាន់ក្នុងស្ថានភាពដ៏លំបាកនេះ។ ខ្ញុំផ្ដោតលើការហាត់កម្លាំងច្រើនជាងការហាត់ក្បាច់ប្រយុទ្ធ។ ដរាបណាខ្ញុំមានកម្លាំងល្អ នោះខ្ញុំអាចបត់បែបបានលឿន និងប្រើបច្ចេកទេសបានល្អ។ មានកម្លាំងល្អ ខ្ញុំក៏អាចហាត់ក្បាច់ប្រយុទ្ធ និង ការប្រកួតលើជំហរដេកបានល្អដូចគ្នា។

ONE: ក្បាច់អ្វីដែល រតនា ចង់បង្កើនសមត្ថភាពខ្លាំង?

ចាន់ រតនា: ស្ថានភាពនេះធ្វើឲ្យខ្ញុំលំបាកបន្តិច ប៉ុន្តែអ្វីដែលខ្ញុំចង់បង្កើនខ្លាំងគឺ ក្បាច់ប្រកួតក្នុងជំហរដេក(Ground Game)។ ខ្ញុំត្រូវបង្កើនការប្រកួតជំហរដេករហូតដល់ការពេញចិត្តរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនពូកខាងប្រកួតលើក្ដាររេញនោះទេ ប៉ុន្តែខ្ញុំបានរៀនច្រើនអំពីវិធីមិនឲ្យគេចាប់ផ្ដួលងាយៗដើម្បីចូលឃ្លេ។ ក្នុងនោះខ្ញុំបានរៀនតិកនិកដោះឃ្លេ មិនឲ្យចូលក្បាច់ឃ្លេដៃ និង ឃ្លេ Americana ជាដើម។ ខ្ញុំចង់ធ្វើឲ្យល្អប្រសើរក្នុងការប្រកួតលើក្ដាររេញណាស់និងចង់ឈ្នះដោយប្រើបច្ចេកទេសនេះទៀតផង។ ព្រោះកន្លងទៅខ្ញុំផ្ដួលគូប្រកួតដោយប្រើគុនខ្មែរ និង យុទ្ធគុនខម។

ONE: តើ រតនា អន្ទះសាកម្រិតណាដែលចង់ត្រលប់មកសង្វៀនវិញ?

ចាន់ រតនា: ពិតណាស់! ខ្ញុំអន្ទះសាឡើងប្រកួតដើម្បីអ្នកគាំទ្រ និងតំណាងទង់ជាតិខ្មែរ។ អ្នកគាំទ្រជាច្រើនបានសួរតាមផេក Facebook របស់ខ្ញុំ និងសួរថា “ពេលណាខ្ញុំឡើងប្រកួតវិញ?” ខ្ញុំគ្រាន់តែឆ្លើយថា “ឆាប់ៗ” ឬ “រង់ចាំបន្តិច" ជាដើម។ ការប្រកួតគឺជាការកម្សាន្តដ៏ធំបំផុតសម្រាប់ខ្ញុំ តែខ្ញុំមិនភ្លេចចំពោះការហ្វឹកហាត់ និងបង្កើនសមត្ថភាពនោះទេ។

ONE: តើកីឡាកររូបណាដែល រតនា ចង់ប្រឈមនាពេលបន្ទាប់?

ចាន់ រតនា: គេគឺ Yuya Wakamatsu។ Yuya ជាកីឡាករម្នាក់ដែលអាចធ្វើឲ្យខ្ញុំមានការប្រកួតប្រជែងកាន់តែខ្ពស់ និង បង្កើនសមត្ថភាពកាន់តែរឹងមាំ។ ពេលប្រកួតទល់កីឡាករកម្រិតខ្ពស់ធ្វើឲ្យខ្ញុំប្រឹងប្រែងខ្លាំង និងធ្វើឲ្យខ្ញុំត្រៀមខ្លួនកាន់តែល្អដែរ។

ONE: ក្នុងមតិរបស់ រតនា ហេតុអ្វីបានគិតថា Yuya Wakamatsu ជាកីឡាករប្រកួតប្រជែងខ្ពស់សម្រាប់ខ្លួន?

ចាន់ រតនា: Yuya មិនត្រឹមល្អទាំងប្រយុទ្ធប៉ុន្តែល្អខាងក្បាច់គុនលើក្ដាររេញផង។ គេប្រកួតបានល្អទល់នឹង Demetrious Johnson ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix និង ម៉ាត់ Geje Eustaquio ឲ្យសន្លប់ដោយប្រើកណ្ដាប់ដៃ។ ខ្ញុំបានមើលវីដេអូជាច្រើនរបស់គេ។ គេអាយុក្មេងជាងខ្ញុំ និងមានបទពិសោធន៍គុនចម្រុះច្រើនជាងខ្ញុំ។ Yuya ប្រកួតបាន ១៦ លើក ប៉ុន្តែផ្ដួលដៃគូឲ្យសន្លប់រហូតដល់ ១០ ដង។ កំណត់ត្រានេះវាពិតជាអស្ចារ្យនិងគួរឲ្យខ្លាច។ ខ្ញុំចាស់ជាង Yuya ប៉ុន្តែ ខ្ញុំមានកំណត់ត្រាប្រកួតតិចជាង។ ដល់ឥឡូវនេះ ខ្ញុំទើបប្រកួតបាន ១០ ដងក្នុងអាជីពគុនចម្រុះ។ ដូច្នេះការប៉ះដៃគូក្មេងជាងពោរពេញដោយបទពិសោធន៍ខ្ពស់ គឺជារឿងល្អឥតខ្ចោះសម្រាប់[អាជីពរបស់ខ្ញុំ]។

ONE: សំណួរចុងក្រោយ អ្វីដែលត្រូវរៀបចំខ្លះបើសិនឡើងប្រកួតប៉ះ Yuya មែន? ចាន់ រតនា: ខ្ញុំត្រូវប្រយ័ត្នគ្រប់វិនាទីនៅលើសង្វៀន។ កណ្ដាប់ដៃ និង ការប្រយុទ្ធរបស់គេអាចបញ្ចប់ខ្ញុំគ្រប់ពេលវិនាទី ដូចដែលផ្ដួល Eustaquio ឲ្យសន្លប់អីចឹង។ ខ្ញុំត្រូវចេះបត់បែបតាមនោះ ហើយប្រើក្បាច់យកឈ្នះ ឬ មើលស្ថានភាពជាក់ស្ដែងតាមតែអាចទៅរួច។ ខ្ញុំត្រូវរៀបចំផែនការឲ្យបានល្អពេលជួប Yuya នៅលើសង្វៀន។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់