• 2019-10-31 00:01:00
  • ប្រដាល់

សមត្ថភាព​ល្អ​ប៉ុន​ សុខ​ រិទ្ធ​ ដែរ​ប៉ុន្តែ​មិន​បាន​ប្រកួត​នៅ​ស៊ីហ្គេម​ ២០១៩​ ចុង​ឆ្នាំ​នេះ​

  • 2019-10-31 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ រិទ្ធ​ បើ​ទោះ​ជា​មាន​សមត្ថភាព​ល្អ​ និង​មាន​កេរ្តិ៍ឈ្មោះ​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​អ្នក​ប្រដាល់​ត្រកូល​ សុខ​ រូប​នេះ​មិន​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ ២០១៩​ នេះ​ទេ​ មិន​ថា​ប្រភេទ​កីឡា​ គុន​ខ្មែរ​ ឬ​ Kick Boxing។​

សុខ រិទ្ធ ពេលប៉ះ ហ៊ឹម​ សេរី

ចំពោះ​អ្នក​និយម​តាមដាន​គុន​ខ្មែរ​ប្រហែល​ជា​ដឹង​ហើយ​ពី​គុណភាព​ និង​សមត្ថភាព​របស់​អ្នក​ប្រដាល់​ត្រកូល​ សុខ​ មិន​ថា​ សុខ​ រិទ្ធ​ ឬ​ សុខ​ ធី​ នោះ​ទេ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា។​ សុខ​ ធី​ ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ដែល​ស្ទើរ​តែ​គ្មាន​ដៃគូ​ទៅ​ហើយ​ប្រភេទ​ទម្ងន់​មួយ​នេះ​ ខណៈ​អ្នក​ប្រដាល់​មិន​ថា​ចាស់​ ឬ​ថ្មី​លើ​ប្រភេទ​ទម្ងន់​នេះ​តែង​ញញើត​ជា​និច្ច។​

សុខ រិទ្ធ ពេលប៉ះ ហ៊ឹម​ សេរី

ចំណែក​ សុខ​ រិទ្ធ​ វិញ​ក៏​មិន​ធម្មតា​ដែរ​ សមត្ថភាព​កីឡាករ​រូប​នេះ​ម្យ៉ាង​ម្នាក់​ពី​ប្អូន​របស់​គេ​ មួយ​ចូល​ចិត្ត​វ៉ៃ​ចេញ​លឿន​ មួយ​ចូលចិត្ត​វ៉ៃ​មួយៗ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​រឹតតែ​មាន​ប្រជាប្រិយភាព​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ តាម​រយៈ​ការ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ ណុបក្រាបជីប​ ដែល​អ្នក​គាំទ្រ​ទទួល​ស្គាល់​ថា​ជា​ជើង​ខ្លាំង​មួយ​រូប។ ​បន្ទាប់​ពី​ផ្ដួល​ ណុបក្រាបជីប​ លើ​សង្វៀន​ PNN​ កន្លង​ទៅ​នេះ​ សុខ​ រិទ្ធ​ ក៏​បាន​ផ្ដួល​កីឡាករ​ថៃ​១រូប​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៧​ តុលា​ ២០១៩​ លើ​សង្វៀន​ MX Muay Xtreme ​ នៅ​ឯ​ប្រទេស​ថៃ​ថែម​ទៀត​ផង។​

សុខ រិទ្ធ ថៃកន្លងទៅ

បើ​និយាយ​ពី​សមត្ថភាព​ប្រកួត​របស់​ សុខ​ រិទ្ធ​ នេះ​វិញ​គឺ​ល្អ​សក្ដិសម​នឹង​ប្រកួត​ Kick Boxing​ ណាស់​ ដោយ​សារ​តែ​ទី១​ គេ​ចេញ​អាវុធ​បាន​ច្បាស់​ល្អ​ ជា​ពិសេស​កណ្ដាប់​ដៃដ៏​មាន​ទម្ងន់​របស់​គេ​ ចំណែក​ស្នៀត​ទាត់​​ក៏​រហ័ស​ល្អ ហើយ​ចេញ​បាន​ច្រើន​ទៀត​ផង។​ អ្នក​ប្រដាល់​រូប​នេះ​ចូល​ចិត្ត​វ៉ៃ​ឆ្ងាយ​ មិន​នៅ​អោប​យូរ​នោះ​ឡើយ​ ចំណុច​នេះ​ហើយ​ដែល​ជើង​ខ្លាំង​រូប​នេះ​អាច​នឹង​ធ្វើ​បាន​ល្អ​លើ​វិញ្ញាសា​ Kick Boxing​ នៅ​ស៊ីហ្គេម​ ២០១៩។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ម្នាក់​នេះ​ មាន​បទ​ពិសោធ​ច្រើន​មិន​ថា​នៅ​កម្ពុជា​ ឬ​នៅ​ឯ​ប្រទេស​ថៃ​នោះ​ឡើយ​ ខណៈ​ការ​ហ្វឹកហាត់​ ការ​ត្រៀម​ខ្លួន​ម្ដងៗ​គឺ​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​ ចំណែក​ការ​តាំង​ចិត្ត​ប្រកួត​ក៏​ខ្ពស់​ថែម​ទៀត​ផង។​

សុខ រិទ្ធ ពេលឈ្នះការប្រកួត

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រើសរើស​នេះ​តាម​ការ​ណែនាំ​ទាំង​ពីរ​ស្ថាប័ន​​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ទី១​ ជ្រើសរើស​តាម​ប្រភេទ​ទម្ងន់​ដែល​គេ​ត្រូវ​ការប្រកួត​ ទី២​ កីឡាករ​ដែល​ជ្រើសរើស​ គឺ​ជា​ប្រភេទ​កីឡាករ​ឆ្នើម​លើ​ប្រភេទ​ទម្ងន់​ទាំង​នោះ។​ មូលហេតុ​ការ​ជ្រើសរើស​នេះ​មិន​មាន​ការ​ប្រកួត​សមត្ថភាព​គ្នានោះ​ ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ថា ​ដោយ​សារ​តែ​គេ​ផ្ដល់​ដំណឹងមក​ឆាប់​ពេក​ដូច្នេះ​ធ្វើ​មិនទាន់ទេ​បើប្រកួតទៀតនោះ ខណៈ​ការ​ជ្រើសរើស​នេះ​គឺ​មាន​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធវ៉ៃ​តម្លៃ​ច្បាស់​លាស់។​ កីឡាករ​ដែល​ត្រូវ​បាន​ជ្រើសរើស​គឺ​មាន​សក្ដានុពល​ និង​កំពុង​ប្រកួត​លក្ខណៈ​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ទន្ទឹម​និង​នេះ​កីឡាករ​ទាំង​នោះ​មាន​សីលធម៌​ និង​វិន័យ។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​

ឯកឧត្ដម ​សូម​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់​ជួយ​គាំទ្រ​កីឡាករ​ដែល​ចេញទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​នេះ​ បើ​មាន​យោបល់​ណា​មួយ​នោះ សូមរិះគន់​ដើម្បី​ស្ថាបនា​ មតិយោបល់ដែលសហព័ន្ធអាចទទួល​យក​បាន​ ដើម្បីកែប្រែ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀតលើ​ចំណុចខ្វះចន្លោះណា​មួយ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ នឹង​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ចំនួន​៥នាក់៖​

ទី១​ កីឡាករ ហ៊ឹម​ គឹមរៀង​ ៤៨​Kg​

ទី២​ កីឡាក វ៉ាន់​ វឿន​ ៥៤​Kg

ទី៣​ កីឡាក តាញ់​ មករា​ ៥៧​Kg

ទី៤​ កីឡាក ឡៅ​ ចិត្រា​ ៦៣,៥​Kg

ទី៥​ កីឡាការិនី សំ​ ថារ័ត្ន​ ៥៤​Kg​

ដោយ​ឡែកសហព័ន្ធ​ប្រដាល់មួយនេះក៏​មាន​សិទ្ធិ​ជ្រើសរើស​កីឡាករ​ដើម្បី​ចូលរួម​ប្រកួត​ប្រភេទ​កីឡា​ Kick Boxing​ ផង​ដែរ​ ព្រោះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ដាក់​ប្រភេទ​កីឡា​មួយ​នេះ​ ដូច្នេះ​ហើយ​កម្ពុជា​ក៏​សម្រេច​លេង​កីឡា​នេះ​មួយ​បន្ថែម​ទៀត។​ ប្រភេទកីឡា Kick Boxing នេះ​មាន​ឯកឧត្តម​ និន​ ភារម្យ​ ប្រធាន​ប្រតិភូ​ លោក​ ហង់​ សឿន​ ជាគ្រូ​បង្វឹក​ នឹង​បញ្ជូន​កីឡាករ​៦រូប​រួម​មាន​៖

ទី១​ ហ៊ឹម​ សេរី​ ៥១​Kg​

ទី២​ ខេម​ ចាន់​ ៥៤​Kg

ទី៣​ អេលីត​ ចំរើន​ ៥៧​Kg​

ទី៤​ សុខ​ សាវិន ៦០​Kg​

ទី៥​ ផល​ សោភ័ណ្ឌ​ ៦៣,៥​Kg

ទី៦​ ឡៅ​ ចន្រ្ទា​ ៦៩Kg

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី