- 2019-08-07 05:00:00
- ប្រដាល់
ក្រមុំតែងខ្លួន អ៊ុំ ចំរើន សុំចិត្តមហាជនឲ្យជួយព្យាបាលជង្គង់សង្ឃឹមបានឡើងវ៉ៃវិញ
- 2019-08-07 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រមុំតែងខ្លួន អ៊ុំ ចំរើន សុំចិត្តមហាជនឲ្យជួយព្យាបាលជង្គង់សង្ឃឹមបានឡើងវ៉ៃវិញ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដែលតែងតែធ្វើឲ្យអ្នកគាំទ្រសើចសប្បាយពេលរំលឹកគុណគ្រូមុនពេលប្រកួត អ៊ុំ ចំរើន មានរបួសជង្គង់ជាង១ឆ្នាំហើយនោះ ឥលូវកំពុងខ្វះខាតថវិកាវះកាត់ដើម្បីបានឱកាសវិលចូលសង្វៀនប្រដាល់វិញ។
អ៊ុំ ចំរើន បានឲ្យដឹងថា បញ្ហារបួសជង្គង់ឆ្វេងនេះគឺឈឺរយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែខ្លួនមិនបានផ្សព្វផ្សាយ ឬបង្ហោះលើហ្វេសបុកឲ្យអ្នកគាំទ្រដឹងនោះឡើយ ពោលនៅទ្រាំព្យាបាលពីពេទ្យមួយទៅពេទ្យមួយតាមលទ្ធភាពរបស់ខ្លួន។ ការព្យាបាលនេះបានត្រឹមធូរស្រាលប៉ុណ្ណោះ មិនអាចចូលហ្វឹកហាត់នោះឡើយ គឺនៅតែឈឺនៅតែក្រឡាច់ក្បាលជង្គង់ដដែល។
បន្ទាប់ពីបានចូលទៅពិនិត្យនៅមន្ទីរពេទ្យសហភាពសូវៀត ប៉ុន្មានថ្ងៃមុននេះ ជំងឺជង្គង់របស់គេត្រូវតែវះកាត់ទើបអាចវិលចូលប្រកួតវិញបាន ដូច្នេះ អ៊ុំ ចំរើន និងភរិយាសម្រេចថានឹងវះកាត់ហើយ ប៉ុន្តែមិនទាន់មានថវិកាគ្រប់គ្រាន់នៅឡើយទេ។ រហស្សនាម ក្រមុំតែងខ្លួនរូបនេះបន្ថែមទៀតថា ថ្លៃវះកាត់ និងស្នាក់នៅប៉ុន្មានថ្ងៃនោះចំណាយប្រហែលជាង១០០០ដុល្លារ។
កូនសិស្សលោកគ្រូ ញ៉ូវ ម៉ាក់ រូបនេះលើកឡើងទៀតថា ប្រសិនបើការវះកាត់នេះបានជោគជ័យហើយនោះ នៅពេលជាងសះស្បើយនឹងវិលចូលសង្វៀនគុនខ្មែរវិញ ដើម្បីកំដរអារម្មណ៍អ្នកនិយមគាំទ្រប្រដាល់ជាបន្តទៀត។ ចំរើន ក៏សំណូមពរដល់មហាជន ដែលមានស្ដានចិត្តចង់ជួយជាថវិកាក្នុងការវះកាត់នេះអាចទំនាក់ទំនងមកកាន់លោកផ្ទាល់តាមរយៈទូរស័ព្ទ 093 71 55 04 ឬតាមក្រុមការងារ Sabay News Sport។
រំលឹកដែរថា អ៊ុំ ចំរើន ជាអ្នកប្រដាល់មកពីក្លឹបតាឡីដំរីមានរិទ្ធ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកប្រដាល់រូបនេះជាម្ចាស់ខ្សែក្រវាត់គោជល់ គូបូតា និងពានរង្វាន់មួយចំនួនទៀត។ ការប្រកួតចុងក្រោយដែលធ្វើឲ្យគេមានរបួសនោះគឺនៅសង្វៀនអាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ ភិត ម៉ានី អំឡុងខែឧសភា ២០១៨៕
វីដេអូ៖