- 2019-02-11 04:52:34
- កីឡាផ្សេងៗ
សូហ្វតេន្នីស៖ កាន់ សោភ័ណ្ឌ ប្រាប់តិចនិកអាចវ៉ៃ២វិញ្ញាសាជាប់គ្នាឈ្នះមេដាយមាសទាំងពីរ
- 2019-02-11 04:52:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូហ្វតេន្នីស៖ កាន់ សោភ័ណ្ឌ ប្រាប់តិចនិកអាចវ៉ៃ២វិញ្ញាសាជាប់គ្នាឈ្នះមេដាយមាសទាំងពីរ
ចន្លោះមិនឃើញ
កាន់ សោភ័ណ្ឌ ក្រសោបបានមេដាយមាសទាំងពីរគឺវិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយទោលបុរស ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រវាយគូចប់ភ្លាម ក៏ចូលវាយឯកត្តជនបុរសបន្តទៀត សម្រាប់ការប្រកួតកីឡាសូហ្វតេន្នីសពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលបានបញ្ចប់កាលពីម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ។
កីឡាករជម្រើសជាតិសូហ្វតេន្នីស កាន់ សោភ័ណ្ឌ បានឲ្យដឹងថា មុនពេលចូលរួមប្រកួតពានរង្វាន់ខាងលើបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ពោលគឺចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ១១ ឬ១២ថ្ងៃត្រង់។ ជាការពិតការប្រកួត វិញ្ញាសា២ទល់២បុរស ដែលជាការប្រកួតផ្ដាច់ព្រ័ត្រវិញ្ញាសាដំបូងរបស់ខ្លួននោះ បានហត់ និងអស់កម្លាំងបាត់ទៅហើយ។ សោភ័ណ្ឌ ស្ទើរតែមិនជឿថា ខ្លួនឯងអាចធ្វើបានល្អ នៅពេលប្រកួតផ្ដាច់ព្រ័ត្រវាយទោលបុរស ដែលជាការប្រកួតវិញ្ញាសាទី២ ជាប់ៗគ្នាទៀតឡើយ។
សោភ័ណ្ឌ យល់ថា ការយកឈ្នះទៅលើដៃគូខ្លាំងដូចជា អន សម្បត្តិ នៅវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាវាយទោលបុរស វាជារឿងពិបាកក្នុងពេលដែលខ្លួនអស់កម្លាំង។ វិធីដែលគេមើលឃើញគឺវាយសង្កត់ទៅលើ អន សម្បត្តិ ឲ្យបានមុន ដើម្បីយកប្រៀប ហើយជាលទ្ធផលគឺបានសម្រេចមែន ។
ជាមួយគ្នានោះឯកឧត្ដម ជា ប៊ុនហេង ប្រធានអង្គភាព កីឡាក្រសួងមហាផ្ទៃ និងអនុប្រធានសហព័ន្ធ កីឡាសូហ្វតេន្នីសកម្ពុជាបានឲ្យដឹងដែរថា ព្រឹត្តិការណ៍ខាងលើនេះជាការសម្រួចដល់កីឡាករ ក្នុងដំណើរឈានទៅរកភាពជោគជ័យលើឆាកអន្តរជាតិ។ ពិសេសគឺការពង្រឹងសមត្ថភាពដល់កីឡាករ-កីឡាការិនី សម្រាប់ស៊ីហ្គេមឆ្នាំនេះនៅហ្វីលីពីន ដែលកីឡាករសូហ្វតេន្នីសកំពុងសង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបានមេដាយ។
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតេន្នីសដណ្ដើម ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៦ ឆ្នាំ២០១៩ក្រុមក្រសួងមហាផ្ទៃដណ្ដើមមេដាយច្រើនជាងគេរហូតដល់ទៅ ១៦គ្រឿងរួមមាន មាស ៧ ប្រាក់ ៤និង សំរឹទ្ធិ៥គ្រឿង៕