• 2014-12-03 19:21:09
  • បាល់ទាត់

ណាហ្គាខប​ មិន​ទាន់​គិត​រឿង​កីឡាករ​បរទេស

  • 2014-12-03 19:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់​ទាត់​ណាហ្គាខប​ មិន​ទាន់​បាន​បញ្ចេញ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​នាំ​យក​កីឡាករ​បរទេស​ ដើម្បី​មក​ជួយ​ក្រុម​នៅ​រដូវ​កាល​ខាង​មុខ​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​ក្លិប​មួយ​នេះ​នៅ​​កីឡាករ​បរទេស​ពីរ​រូប​ប៉ុណ្ណោះ​ដែល​កំពុង​នៅ​ហ្វឹក​ហាត់​​ជាមួយ​កីឡាករ​ក្នុង​ស្រុក​ជា​ប្រចាំ។

 

លោក​ ឡាំ​ ទីនី​ អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​បាន​បញ្ជាក់​ថា​ ក្រុម​របស់​លោក​មិន​ទាន់​បាន​គិត​គូរ​រឿង​រក​កីឡាករ​បរទេស​មក​បន្ថែម​ក្នុង​ក្រុម​នៅ​ឡើយ​ទេ​ ពីព្រោះ​តែ​ពេលវេលា​នៃ​ការ​បើក​លីក​រដូវ​កាល​ថ្មី​២០១៥​ គឺ​នៅ​អំឡុង​ខែ​មីនា​ ឆ្នាំ​២០១៥​ ឯណោះ​ ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ការ​ពង្រឹង​កីឡាករ​ក្នុង​ស្រុក​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​សម្ដេច​ហ៊ុនសែន​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មករា​ ឆ្នាំ​ក្រោយ​នេះ។

 

 

លោក​បន្ត​ថា​ នៅ​ពេល​នេះ​ក្លិប​បាន​នាំ​យក​កីឡាករ​ក្នុង​ស្រុក​ពីរ​រូប​មក​ពី​ក្រុម​អាស៊ីអឺរ៉ុប​ និង​កីឡាករ​មួយ​រូប​មក​ពី​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ ហើយ​ក៏​មាន​យុវជន​ក្មេងៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។ កីឡាករ​ទាំង​ចាស់​ ទាំង​ថ្មី​ កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ជុំ​គ្នា​ជា​ប្រចាំ​នៅ​ទីលាន​ព្រែកលាប​ ដែល​ជា​ទីលាន​ជួល​សម្រាប់​ហ្វឹក​ហាត់​ជា​ប្រចាំ។

 

 

បន្ថែម​លើ​នេះ​​ លោក​បាន​បញ្ជាក់​ប្រាប់​ថា​ ក្លិប​នៅ​មិន​ទាន់​បាន​គិត​ដល់​រឿង​​បង្កើត​ទីលាន​ សម្រាប់​ការ​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី​ (Home/Away) ដែល​សហព័ន្ធ​បាន​អនុញ្ញាតិ​ឲ្យ​មាន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នោះ​ទេ​ ដោយ​ក្លិប​នៅ​មាន​បញ្ហា​ចម្បង​ៗ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ និង​ធ្វើ​ជា​ដំណាក់​កាលៗ។ មក​ទល់​នឹង​ពេល​នេះ​ ដំណឹង​នៃ​ការ​ចាក​ចេញ​របស់​លោក​គ្រូ​បង្វឹក​ប្រាក់​ សុវណ្ណារ៉ា​ ក៏​មិន​ទាន់​ច្បាស់ការ​មួយ​រយ​ភាគរយ​នៅ​ឡើយ​ ប៉ុន្តែ​កិច្ចសន្យា​ចាស់​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុង​ខែ​ធ្នូ​នេះ៕

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់