• 2024-11-04 02:30:36
  • កីឡា​ផ្សេង​ៗ

ម្ចាស់​ផ្ទះ​កម្ពុជា​ ឈរ​លេខ ២​ នៃ​ការ​ប្រកួត​កីឡាហែលទឹក​ពាក់​ជើងទា​ជើងឯក​អាស៊ីអាគ្នេយ៍​គិត​ត្រឹម​ថ្ងៃ​ទី៣ វិច្ឆិកា ២០២៤

  • 2024-11-04 02:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ហែលទឹក​ពាក់​ជើង​ទា​ អាស៊ីអាគ្នេយ៍​ លើក​ទី១​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​ដំណើរ​ការ​អស់​រយៈពេល​ ២ ថ្ងៃ​មក​ហើយ​ក្នុង​នោះ​ម្ចាស់​ផ្ទះ​ឈរ​ចំណាត់​ថ្នាក់​លេខ​ ២​ បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស ២គ្រឿង​។​

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​ការប្រកួត​ថ្មីៗ​នេះ​ថា​ ប្រទេស​ដែល​ចូលរួម​សរុប​ទាំង​អស់​មាន​ ៧​ គឺ​ម្ចាស់​ផ្ទះ​កម្ពុជា វៀតណាម​ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន និង​សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ ៦២នាក់។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ហែលទឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ មុន​ឈាន​ដល់​ការ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង​ដោយ​សារ​តែ​បណ្ដា​ប្រទេស​សមាជិក​មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទទួល​រៀបចំ​នៅ​ព្រឹត្តិការណ៍​ធំៗ​ដូច​ជា​ស៊ីហ្គេម​​​ជា​ដើម។​

ងាក​មក​ចាប់​អារម្មណ៍​ការ​ប្រកួត​រយៈពេល​ ២ថ្ងៃ​មក​នេះ​ប្រទេស​ឈរ​លេខ១​ បាន​លើ​វៀតណាម​ បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស ៩ ប្រាក់ ៩ សំរឹទ្ធ ២​ សរុប​ ២០​គ្រឿង។​ ចំណែក​លេខ២​ គឺ​កម្ពុជា​ បន្ទាប់​ពី​ឈ្នះ​មេដាយមាស ២ ប្រាក់ ២​ សំរឹទ្ធ ៣ សរុប​ ៧គ្រឿង។​ លេខ៣​ គឺ​ឥណ្ឌូណេស៊ី​ មាស ១ ប្រាក់ ១ សំរឺទ្ធ ១ សរុប ​៣គ្រឿង។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​ហែលទឹក​ពាក់​ជើងទា​ អាស៊ីអាគ្នេយ៍​ លើក​ទី១​ នេះ​គឺ​ធ្វើ​ឡើង​នៅ​កម្ពុជា​ ដោយ​មាន​ ៧​ប្រទេស​មក​ចូលរួម​។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ ដល់​ ៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ដោយ​ប្រើប្រាស់​អាង​ហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី