- 2024-11-03 09:19:31
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំកម្ពុជា៖ ការប្រកួតកីឡាជាតិឆ្នាំនេះសហព័ន្ធបានបញ្ចូល២វិញ្ញាសាថ្មីបន្ថែមស្របតាមអន្តរជាតិ
- 2024-11-03 09:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំកម្ពុជា៖ ការប្រកួតកីឡាជាតិឆ្នាំនេះសហព័ន្ធបានបញ្ចូល២វិញ្ញាសាថ្មីបន្ថែមស្របតាមអន្តរជាតិ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំកម្ពុជា ការប្រកួតកីឡាជាតិលើកទី៤ ដែលចាប់ផ្ដើមកាលពីម្សិលមិញនេះនៅ CJCC ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំនេះបានដាក់បញ្ចូលវិញ្ញាសាថ្មីចំនួន២ ស្របតាមសហព័ន្ធអន្តរជាតិដែលកំពុងដាក់ឲ្យប្រកួតប្រជែង។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំបានឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំនេះគឺមាន ៥ រាជធានី-ខេត្ត សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបទាំងអស់ ៥០នាក់ដែលលេងលើ ៨វិញ្ញាសា។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា ការប្រកួតកីឡាជាតិឆ្នាំនេះប្លែកពីលើកមុនៗដោយសារតែសហព័ន្ធបានដាក់បញ្ចូលវិញ្ញាសាថ្មីចំនួន ២ គឺ Standard Solo និង Latin Solo ដែលមិនធ្លាប់មានប្រកួតកន្លងទៅនោះទេ។ ការដាក់បញ្ចូលនេះគឺឲ្យស្របទៅតាមបណ្ដាសហព័ន្ធអន្តរជាតិដែលគេបានឲ្យប្រកួតជាបន្តបន្ទាប់តាមកម្មវិធីផ្សេងៗ។
តាមរយៈការប្រកួតបើកឆាកថ្ងៃទី១ ម្សិលមិញនេះគឺកីឡាករ កីឡាការិនី ទាំងធំ-តូច មានភាពរីកចម្រើនល្អទាំងកាយសម្បទា បច្ចេកទេសរាំដែលទាំងនេះបញ្ជាក់ពីការខំប្រឹងប្រែងក្នុងការហ្វឹកហាត់ និងសិក្សារៀនសូត្រ។ មួយវិញទៀតនេះបានបញ្ជាក់ពីភាពរីកចម្រើនរបស់សហព័ន្ធក្នុងការបណ្ដុះបណ្ដាលធនធាននាពេលបច្ចុប្បន្ន។
បញ្ជាក់ដែរថា ការប្រកួតកីឡាជាតិ លើកទី៤ លើប្រភេទកីឡារាំមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី២ ដល់ ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីបើកការប្រកួតម្សិលមិញនេះដែរមានការចូលរួមពីអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ៕