• 2024-09-25 04:19:35
  • កីឡា​ផ្សេង​ៗ

អាជ្ញាកណ្ដាល-ចៅក្រម ៖ ​ត្រូវ​បំពេញការងារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ ព្រោះ​បើ​មាន​ការ​រិះគន់​ខ្លាំង​ក៏​នឹង​ប៉ះពាល់​កិត្តិយស​ សម្ដេច​ធិបតី​ ផង​ដែរ​

  • 2024-09-25 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​ ពន្យល់​ដល់​ ចៅក្រម-អាជ្ញាកណ្ដាល​ ដែល​នឹង​បំពេញ​ការងារ​ និង​កាត់សេចក្ដី​ក្នុង​ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី​ លើក​ទី១​ សូម​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ព្រោះ​បើ​មាន​ការ​រិះគន់​ខ្លាំង​ក៏​នឹង​អាច​ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច​ធិបតី​ ផង​ដែរ។​

ទិដ្ឋភាពបិទវគ្គ

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​-អាជ្ញាកណ្ដាល​ ត្រៀម​​ការ​ប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី​» លើក​ទី១​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ សូម​ឲ្យ​សិក្ខាកាម​ទាំង​អស់​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​នូវ​ចំណេះ​ដឹង​បច្ចេកទេស​ដែល​បាន​សិក្សា​រៀន​សូត្រ​នៅ​ពេល​នេះ។​ សូម​កុំ​បារម្ភ​ចំពោះ​ការ​អនុវត្តន៍​ការងារ​ជំនាញ​ដែល​ខ្លួន​ចេះ​ពិតប្រាកដ​ ពោល​ឲ្យ​តែ​ត្រឹមត្រូវ​តាម​ការ​សិក្សា​ តាម​គ្រូ​បច្ចេកទេស​បង្ហាត់​បង្រៀន​គឺ​កុំ​ខ្លាច​ការ​ដាក់​សម្ពាធ​ ឬ​ស្ដីបន្ទោស​ពី​ថ្នាក់​លើ​ឲ្យ​សោះ។​

ទិដ្ឋភាពបិទវគ្គ

តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​ជា​ពាន​រង្វាន់​របស់​សម្ដេច​ធិបតី​ ដូច្នេះ​ចៅក្រម​-អាជ្ញាកណ្ដាល​ទាំង​អស់​សូម​ធ្វើ​ការ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ពិសេស​ការ​ដាក់​ពិន្ទុ​ កាត់​សេចក្ដី​ នៅ​ពេល​ប្រកួត​ជាក់ស្ដែង​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ។​ ព្រោះ​បើ​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន​អ្នក​ទស្សនា​អំពី​ការងារ​នេះ​វា​ក៏​នឹង​ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច​ផង​ដែរ​ដោយ​សារ​នេះ​ជា​ពាន​ផ្ទាល់​របស់​សម្ដេច​តែ​ម្ដង។​ ការ​កាត់​សេចក្ដី​គឺ​ត្រូវ​ផ្អែក​លើ​គោលការណ៍​ច្បាប់​ដែល​បាន​ចែង​ និង​ជំនាញ​ដែល​បាន​រៀនសូត្រ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ គណៈកម្មការ​ចំពោះ​កិច្ច​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​-អាជ្ញាកណ្ដាល​ កាល​ពី​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ NOCC​ ដើម្បី​ត្រៀម​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី​ លើក​ទី១​ ថ្ងៃ​ទី១៨​ ដល់​ ២០​ ខែ​តុលា។​ កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ និង​ចែក​វិញ្ញាបនបត្រ​ម្សិលមិញ​នេះ​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ ឯកឧត្ដម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកកម្មពិសេស លោក​បណ្ឌិត​ សេង​ ប៊ុនសុង​ និង​គ្រូ​ឧបទេស​មួយ​ចំនួន​ទៀត​ផង​ដែរ៕​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​
ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី