- 2024-09-23 08:54:44
- កីឡាផ្សេងៗ
ការប្រកួតពានរង្វាន់ «សម្ដេចធិបតី» លើកទី១ ឈានដល់ដំណាក់កាលបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលហើយ
- 2024-09-23 08:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតពានរង្វាន់ «សម្ដេចធិបតី» លើកទី១ ឈានដល់ដំណាក់កាលបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលហើយ
ចន្លោះមិនឃើញ
ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី លើកទី១ ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះឈានដល់ដំណាក់កាលបើកវគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលហើយដើម្បីត្រៀមគ្រប់គ្រងការប្រកួតដែលមកដល់។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ កញ្ញា ២០២៤ នេះជាការធ្វើសន្និសីទសារព័ត៌ជាលើកទី២ ដែលបង្ហាញពីវឌ្ឍនភាពការងារគ្រប់ផ្នែកដែលទទួលខុសត្រូវផ្សេងៗ។ ក្នុងនោះដែរគ្រប់ផ្នែកគឺដំណើរការបានរលូនល្អប្រសើរក្នុងការធានាឲ្យបាននូវការរៀបចំរួចរាល់ទាំងស្រុងនៅថ្ងៃប្រកួតមកដល់។ ការផលិតវីដេអូផ្សព្វផ្សាយ ការផ្សព្វផ្សាយ និងបំផុសការគាំទ្រដល់មហាជនលើបណ្ដាញសង្គម ទូរទស្សន៍ក៏មានច្រើនផងដែរ។
ថ្ងៃនេះផងដែរគឺឈានដល់ការបើកវគ្គបណ្ដុះបណ្ដាលចៅក្រមអាជ្ញាកណ្ដាលដើម្បីឲ្យមានសមត្ថភាពលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំការប្រកួត និងផ្ដល់ភាពសុក្រឹតយុត្តិធម៌ដល់អ្នកដែលខ្លាំងពិតប្រាកដទទួលបាននូវជ័យជម្នះ។ ចំពោះអាជ្ញាកណ្ដាលចៅក្រមទាំងនេះគឺយកមកពី៤សហព័ន្ធផ្សេងៗគ្នា។
បញ្ជាក់ដែរថា សន្និសីទសារព័ត៌មានលើកទី២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ស្ដីពីការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការផ្ទាល់។ កម្ពុជានឹងរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី លើកទី១ នេះនៅថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងកម្មវិធីនេះដែរមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំដូចជាឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ ឯកឧត្ដម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកកម្មពិសេស និងថ្នាក់ដឹកនាំសហព័ន្ធមួយចំនួនទៀត៕