• 2024-09-18 07:04:01
  • កីឡា​ផ្សេង​ៗ

លោក​ កែវ​ សំណាង៖​ វត្តមាន​ម្ចាស់​មេដាយ​មាស​ពិភពលោក​ក្នុង​ខេត្ត​កោះកុង​ជំរុញ​ទឹកចិត្ត​ខ្លាំង​ដល់​ក្មេង​ជំនាន់​ក្រោយ​

  • 2024-09-18 07:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ កែវ​ សំណាង​ គ្រូ​បង្វឹក​នៅ​ក្លឹប​ខេត្តកោះកុង​ ថា​វត្តមាន​គ្រូ​ធំ​ម្ចាស់​មេដាយ​មាស​ពិភពលោក​ទៅ​បង្ហាត់ផ្ទាល់​នៅ​ខេត្ត​កោះកុង​លើក​នេះ​ជំរុញ​លើក​ទឹកចិត្ត​ខ្លាំង​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ពិសេស​អ្នក​ដែល​មាន​ឆន្ទៈខ្ពស់​ជា​មួយ​តេក្វាន់ដូ​ ITF។​

ទិដ្ឋភាពបង្ហាត់

ថ្លែង​ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​ខេត្ត​កោះកុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោក​ កែវ​ សំណាង ដែល​ជា​គ្រូ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​មក​ជួយ​បង្ហាត់​ដល់​ក្មេងៗ​រយៈពេល​២ថ្ងៃ​របស់​ម្ចាស់​មេដាយ​ពិភពលោក​ ប៉ាល់​ ជីវ័ន​ ធ្វើ​ឲ្យ​សិស្សៗមាន​ការ​សប្បាយ​ចិត្ត​ និង​កោតសរសើរ​ចំពោះ​សមត្ថភាព​លោក​ជា​ខ្លាំង។​

ទិដ្ឋភាពបង្ហាត់

ភាព​ច្បាស់លាស់​លើ​បច្ចេកទេស​មេគុន​ បច្ចេកទេស​ប្រយុទ្ធ​ និង​ការ​សម្ដែង រួម​ទាំង​បច្ចេកទេស​បង្រៀន​​របស់​លោក​ ប៉ាល់​ ជីវ័ន​ គឺ​ពិត​ជា​ល្អ​សិស្ស​ពេញ​ចិត្ត​ជា​ខ្លាំង។​ ម្នាក់ៗ​មាន​ទឹកចិត្ត​កាន់​តែ​ខ្លាំង​លើ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ និង​ព្យាយាម​យក​គំរូ​តាម​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​នេះ​ទៀត​ផង។​ នេះ​ជា​ការ​លើក​ទឹកចិត្ត​ និង​ជំរុញ​ជា​ខ្លាំង​ដល់​យុវជន​នៅ​ខេត្ត​កោះកុង​ដែល​កំពុង​ហាត់​តេក្វាន់ដូ​ ITF។​

ទិដ្ឋភាពបង្ហាត់

ជា​មួយ​គ្នា​នេះ​ដែរ​លោក​ កែវ​ សំណាង​ បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ដែល​តែងតែ​ផ្ដល់​ឱកាស​ដល់​ក្លឹប​តេក្វានដូខេត្ត​កោះកុង​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នានា​កន្លង​ទៅ​ និង​ថ្លែង​អំណរគុណ​ដល់​លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​ជម្រើស​ជាតិ​ និង​កីឡាករ​ជម្រើស​ជាតិ​ទាំង​៣រូប​ដែល​បាន​ឆ្លៀត​ពេល​ទៅ​បង្ហាត់​ពង្រឹង​សមត្ថភាព​យុវជន​ខេត្ត​កោះកុង​រយៈពេល​២ថ្ងៃ​កន្លង​ទៅ​នេះ។​

ទិដ្ឋភាពបង្ហាត់

លោក​ កែវ​ សំណាង​ មិន​ភ្លេច​អរគុណ​នោះ​ឡើយ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​របស់​លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ និង​ប្រធាន​សមាគម​តេក្វាន់ដូ​ ITF​ ខេត្ត​កោះកុង​ ដែល​តែងតែ​ជួយ​ទំនុកបម្រុង​ដល់​ការ​ហ្វឹកហាត់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ភ្នំពេញ​កន្លង​ទៅ។​

ទិដ្ឋភាពបង្ហាត់

បញ្ជាក់​ដែរ​ថា​ លោក​ កែវ​ សំណាង​ តំណាង​ក្លឹប​តេក្វាន់ដូ​ ITF ​ខេត្ត​កោះកុង​ បាន​អញ្ចើញ​លោក​ ប៉ាល់​ ជីវ័ន​ និង​កីឡាករ​ជម្រើស​ជាតិ​ ៣រូប​ទៅ​ជួយ​បង្ហាត់​ពង្រឹង​សមត្ថភាព​រយៈពេល​ ២ថ្ងៃ​គឺ​កាល​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី