• 2024-08-30 04:34:40
  • កីឡា​ផ្សេង​ៗ

ឈឹម​ ពិសិដ្ឋ​ ឆន្ទៈ​ខ្ពស់​ផ្សព្វផ្សាយ​វិស័យ​ប្រណាំង​ម៉ូតូ​ស្ព័រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ប៉ុន្តែ​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​ Sponsor​ សោះ​

  • 2024-08-30 04:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រណាំង​ម៉ូតូ​ស្ព័រ​ឆ្នើម​របស់​កម្ពុជា​ ឈឹម​ ពិសិដ្ឋ​ ប្រាប់​ពាក្យ​ក្នុង​ចិត្ត​ថា​ ទៅ​ចូលរួម​ប្រកួត​ផ្សព្វផ្សាយ​កីឡា​ប្រណាំង​ម៉ូតូ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ គឺ​មិន​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ Sponsor ​ឬ​ក្រុមហ៊ុន​ណា​នោះ​ទេ។​

ឈឹម​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ សម្រាប់​ការ​ប្រកួត ​Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី​នេះ​ពិត​ជា​មានសារសំខាន់​ និង​មាន​សារប្រយោជន៍​ណាស់​ ទី១​ បាន​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ស្ព័រ​របស់​ប្រទេស​កម្ពុជា​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ឈាន​ដល់​កម្រិត​អន្តរជាតិ​បែប​នេះ។​ ទី២​ ការ​ប្រណាំង​នេះ​ជា​លើ​កទីមួយ​លើ​ទីលាន​ធំ​ខ្នាត​អន្តរជាតិ​ ឬ​ស្តង់ដារ​ GP ​នេះ​នឹង​ផ្ដល់​បទ​ពិសោធ​ច្រើន​ និង​ល្អៗ​សម្រាប់​រូប​គេ​ពង្រីក​សមត្ថភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ឲ្យ​ឈាន​ដល់​ការ​ប្រកួតប្រជែង​យក​ចំណាត់ថ្នាក់​ល្អៗ​នៅ​ថ្ងៃ​ខាង​មុខ។​

ឈឹម​ ពិសិដ្ឋ​ (ខាងឆ្វេង)

កីឡាករ​តំណាង​កម្ពុជា​រូប​នេះ​ថ្លែង​ដោយ​មុខ​ស្ងួត​ និង​មិន​សូវ​សប្បាយ​ចិត្ត​ទៀត​ថា​ គួរ​ឲ្យ​ស្ដាយ​ដែល​ការ​ចេញ​ទៅ​ប្រកួត​លើក​ទី១​ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​មិន​បាន​យក​ម៉ូតូ​ផ្ទាល់​ខ្លួន​ទៅ​ប្រកួត​ជា​មួយ​ដោយ​សារ​បញ្ហា​ថវិកា​ បញ្ហា​ស្តង់ដារ​ម៉ូតូ​ និង​បញ្ហា​ច្បាប់​មួយ​ចំនួន​ផង​ដែរ​ដែល​រត់​ការ​មិន​ទាន់។​ ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​គឺ​មិន​មាន​បណ្ដា​ Sponsor ​ណា​ចាប់​អារម្មណ៍​លើ​ចលនា​ផ្សព្វផ្សាយ​កីឡា​នេះ​ឡើយ​ពិសេស​ការ​ចេញ​ទៅ​ប្រកួត​នេះ​ផ្ទាល់​តែ​ម្ដង។​ កីឡាករ​ឆ្នើម​រូប​នេះ​សំណូមពរ​ដល់​មហាជន​ ឬ​បណ្ដា​ក្រុមហ៊ុន​នានា​បើ​ចាប់​អារម្មណ៍​ចូលរួម​ជា​មួយ​លោក​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​ម៉ាឡេស៊ី​នេះ​អាច​ទំនាក់ទំនង​មក​កាន់​លោក​ផ្ទាល់​បាន​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ និង​ជំរុញ​ដល់​ការ​ប្រកួត​ឲ្យ​កាន់​តែ​ធ្វើ​បាន​ល្អ​បង្ហាញ​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ប្រណាំង​ម៉ូតូ​ស្ព័រ​ GP លើ​ឆាក​អន្តរជាតិ។​

បញ្ជាក់​ដែរ​ថា​ ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំង​លើ​វិញ្ញាសាម៉ូតូស្ព័រ 600CC Super Roki ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។​ កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​ប្រជែង​ជា​មួយ​ជើង​ខ្លាំង​ជា​ច្រើន​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី