- 2024-08-26 08:53:36
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ៖ អ្នកជោគជ័យនៅពេលនេះក៏ដោយ ប៉ុន្តែកុំភ្លេចបន្តប្រឹងប្រែងហ្វឹកហាត់
- 2024-08-26 08:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ៖ អ្នកជោគជ័យនៅពេលនេះក៏ដោយ ប៉ុន្តែកុំភ្លេចបន្តប្រឹងប្រែងហ្វឹកហាត់
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ជំរុញលើកទឹកចិត្តកីឡាករ កីឡាការិនី ទាំងអស់ត្រូវប្រឹងប្រែងបន្តទៀតបើទោះជាទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅថៃនាពេលថ្មីៗនេះក៏ដោយ និងមិនត្រូវធ្វេសប្រហែសនោះឡើយ។
លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងក្នុងពិធីចែកវិញ្ញាបនបត្រម្សិលមិញនេះថា ការជួបជុំដែលសហព័ន្ធធ្វើឡើងនេះបង្ហាញពីការផ្សារភ្ជាប់រវាងកីឡាករ កីឡាការិនី និងគណៈកម្មាធិការប្រតិបត្តិ និងបន្តការអភិវឌ្ឍន៍ក៏ដូចជាដោះស្រាយបញ្ហាប្រឈមដែលមានផងដែរ។
សមិទ្ធផលដែលសហព័ន្ធបានធ្វើកន្លងទៅប្រកបដោយមោទកភាពដូចជាការប្រកួតជើងឯកថ្នាក់ជាតិលើកទី១ និងការចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសថៃថ្មីៗនេះ។ ប្រធានសហព័ន្ធអរគុណចំពោះការខំប្រឹងប្រែងរបស់អគ្គលេខាធិការ សមាជិក គណៈកម្មការប្រតិបត្តិនានាដែលចូលរួមជួយអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរប្រធានសហព័ន្ធលើកទឹកចិត្តដល់គ្រូបង្វឹកបន្តខំប្រឹងបង្ហាត់បច្ចេកទេសពង្រឹងសមត្ថភាពសិស្សគុនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះសិស្សៗវិញក៏ត្រូវខំប្រឹងដូចគ្នាពិសេសអ្នកដែលទទួលភាពជោគជ័យនៅការប្រកួតឯប្រទេសថៃលើកនេះ បន្តខំប្រឹងហាត់ បង្កើនសមត្ថភាពកាន់តែល្អជាងមុនដើម្បីត្រៀមការប្រកួតជើងឯកថ្នាក់ជាតិលើកទី២ អំឡុងខែធ្នូ និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត។
បញ្ជាក់ដែរថា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះសហព័ន្ធខ្មែរកីឡាហាប់គីដូបានធ្វើពិធីជួបជុំ និងប្រគល់វិញ្ញាបនបត្ររបស់សហព័ន្ធ លិខិតសរសើរ សញ្ញាបត្រខ្សែក្រវាត់ខ្មៅពីសមាគមហាប់គីដូពិភពលោកជូនសិស្សគុនរបស់ខ្លួននៅទីស្នាក់ការ NOCC។ ក្នុងពិធីនោះដែរមានការអញ្ជើញពីលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ ឧកញ៉ា គួច ហុងជៀក អនុប្រធាន និងព្រឹទ្ធាចារ្យ ថ្នាក់ដឹកនាំ អាណាព្យាបាលសិស្សជាច្រើនផងដែរ៕