- 2024-08-07 05:15:54
- កីឡាផ្សេងៗ
ហាប់គីដូប្រកួតអន្តរជាតិលើកទី១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ មានការកោតសរសើរខ្លាំង
- 2024-08-07 05:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាប់គីដូប្រកួតអន្តរជាតិលើកទី១ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ មានការកោតសរសើរខ្លាំង
ចន្លោះមិនឃើញ
ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា ចេញទៅប្រកួតអន្តរជាតិលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីជើងឯកពិភពលោកនៅប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយ ៤០គ្រឿង ទទួលបានការកោតសរសើរខ្លាំងពីការបណ្ដាប្រទេសចូលរួម។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ និងជាគ្រូបង្វឹកបានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោកនៅប្រទេសថៃ ដែលជាបទពិសោធថ្មី និងជាលើកទី១ សម្រាប់សហព័ន្ធ និងក្រុមកម្ពុជា គឺទទួលបានជោគជ័យហួសការរំពឹងទុក។ ដោយសារនេះជាលើកទី១ មុនការចេញទៅគឺសង្ឃឹមឈ្នះមេដាយ ២-៣ គ្រឿងវិញ្ញាសាលេចធ្លោមួយចំនួនប៉ុណ្ណោះ ប៉ុន្តែដោយសារការខំប្រឹងហ្វឹកហាត់ និងប្ដេជ្ញាក្នុងការប្រកួតធ្វើឲ្យក្រុមកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងបែបនេះ។
តាមរយៈការឈ្នះមេដាយជាច្រើនគ្រឿង និងបង្ហាញសមត្ថភាពល្អទាំងនេះ ក្រុមកម្ពុជាទទួលបានការកោតសរសើរ និងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាប្រទេសចូលរួម ព្រោះថាកម្ពុជាចូលលើកទី១ អាចជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ១២ ប្រទេសចូលរួម និងសំបូរដោយធនធានតូចៗ។
គ្រូបង្វឹកជើងចាស់ខាងលើបន្ថែមទៀតថា បើទោះជាមានបញ្ហាបច្ចេកទេសលើវិញ្ញាសាប្រយុទ្ធដូចជាការធ្វើបទបង្ហាញមុនប្រកួតផ្សេង និងពេលប្រកួតជាក់ស្ដែងប្ដូរផ្សេងយ៉ាងណាក្ដី ប៉ុន្តែកម្ពុជានៅតែទទួលបានលទ្ធផលល្អ។ តាមរយៈការប្រកួតលើកទី១នេះក្រុមកម្ពុជាទាំងលោកជាគ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវបទពិសោធជាក់ស្ដែងជាច្រើនផងដែរ។
បញ្ជាក់ដែរថា ក្រុមកីឡាហាប់គីដូកម្ពុជា បានទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។ កម្ពុជាបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ ប្រតិភូ គ្រូបង្វឹកសរុបទាំងអស់ ២៤នាក់។ ម្សិលមិញក្រុមហាប់គីដូរបស់កម្ពុជាបានវិលមកដល់មាតុភូមិវិញហើយជាមួយមេដាយ ៤០គ្រឿង មាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ ៕