- 2024-07-24 03:30:00
- បាល់ទាត់
Pep បញ្ជាក់ជាថ្មីពីអនាគត Kevin de Bruyne ក្រោយក្លឹបនៅ អារ៉ាប៊ីសាអ៊ូឌីត អន្ទងម្ដងហើយម្ដងទៀត
- 2024-07-24 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep បញ្ជាក់ជាថ្មីពីអនាគត Kevin de Bruyne ក្រោយក្លឹបនៅ អារ៉ាប៊ីសាអ៊ូឌីត អន្ទងម្ដងហើយម្ដងទៀត
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លឹបមេឃខៀវ Manchester City បានចេញខ្លួនមកបញ្ជាក់ជុំវិញការចាកចេញរបស់ Kevin de Bruyne ដែលក្លឹបនៅ អារ៉ាប៊ីសាអ៊ូឌីត បានតាមប្រមាញ់ជាប់ ជាមួយការអន្ទងចិត្តដោយហ៊ានផ្ដល់ប្រាក់ថ្លៃពលកម្មខ្ពស់កប់ពពក។
កុងត្រារបស់ Kevin de Bruyne នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយ Manchester City ពោលគឺផុតនៅឆ្នាំ២០២៥។ ក្លឹបក៏មិនចង់ឲ្យកីឡាករម្នាក់នេះចេញដែរស្របពេលដែលក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត នៅតែព្យាយាមក្នុងការតាមប្រមាញ់ខ្សែបម្រើរូបនេះក្រោយមានការបដិសេធជាច្រើនលើក។
ក្នុងបទសម្ភាសន៍មុនការប្រកួតមិត្តភាពជាមួយ Celtic នៅលើទឹកដីអាមេរិកលោក Pep Guardiola បានឆ្លើយសំនួរអ្នកសារព័ត៌មានជុំវិញការចោទសួរពីអនាគតរបស់ de Bruyne ដោយលោកបាននិយាយថា «គ្មានការចាកចេញឡើយ។ de Bruyne នៅតែជាផ្នែកមួយនៃកីឡាករសំខាន់របស់ Manchester City ហើយប្រសិនបើមានការចាកចេញណាមួយនោះយើងនឹងមានការជជែកគ្នាណាមួយហើយ ប៉ុន្តែនេះវាអត់មានទេ។ ពិតណាត់យើងក៏ត្រូវចាំមើលថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករបិទដែរ ក្រែងមានរឿងផ្លាស់ប្ដូរណាមួយកើតឡើងបន្តទៀត ព្រោះអីអនាគតទៅមុខយើងមើលអត់ឃើញ»។
លោកបន្ថែមថា «យើងគ្មានគម្រោងក្នុងការផ្លាស់ប្ដូរ ឬរៀបចំទម្រង់លេងថ្មីឡើយ។ សម្រាប់ខ្ញុំវាស្ថិតនៅចន្លោះពី ៨០ ទៅ ៩៥% ទៅហើយដែលយើងនឹងនៅតែប្រើកីឡាករដូចរដូវកាលមុន»។
Manchester City នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មីទល់ក្រុម Chelsea នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងទឹកដីរបស់តោខៀវ ៕