• 2024-07-22 03:53:13
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ជា​ការ​ប្រកួត​ដ៏​ធំ​លើ​ពិភពលោក​

  • 2024-07-22 03:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រតិភូ​ គ្រូ​បង្វឹក​ អត្តពលិក​កម្ពុជា​ ល្ងាច​ថ្ងៃ​ទី២១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​បាន​ចាកចេញ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ហើយ។​

ឯកឧត្ដម​ ថោង​ ខុន​

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​មុន​ចាកចេញ​កាល​ពី​ម្សិលមិញ​នេះ​ថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ​ជា​ការ​ប្រកួត​ធំ​ជាង​គេ​បង្អស់​នៃ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​លើ​ពិភពលោក។​ ដូច្នេះ​ហើយ​វា​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​ កីឡា​ការិនី​ គ្រប់​រូប​ដែល​ចង់​ទៅ​ចូលរួម​ប្រកួត​បំផុត​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។​

និយាយ​ពី​សារប្រយោជន៍​នៃ​ការ​ចូលរួម​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា​ ទី១​ សម្រេច​ក្ដី​ស្រមៃ​របស់​អត្តពលិក​កម្ពុជា​ក៏​ដូច​ជា​កីឡា​ករ​ខ្លួន​ឯង​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ ទី២​ បង្កើន​ចំណង​មិត្តភាព​រវាង​អត្តពលិក​ដែល​មក​ជុំវិញ​ពិភពលោក​សម្រាប់​ក្រុម​អត្តពលិក​កម្ពុជា​ដែល​ចូលរួម​ឈាន​ដល់​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡា​របស់​ខ្លួន។

ឧត្ដម​ វ៉ាត់​ ចំរើន​

​ចំពោះ​ប្រតិភូ​ថ្នាក់ដឹកនាំ​គឺ​ពង្រីក​ទំនាក់ទំនង​ជា​មួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​មក​ចូលរួម​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​កីឡា​គ្នា​ទៅ​វិញ​ទៅ​មក។​ មួយ​វិញ​តាម​រយៈ​ការ​ដង្ហែក្បួន​ក្នុង​ពិធី​បើក​ជា​ការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ដល់​បណ្ដា​ប្រទេស​ និង​ NOCC ​ជាង​ ២០០ ​ដែល​មក​ចូលរួម​ផង​ដែរ​ ដូច្នេះ​វត្តមាន​របស់​ក្រុម​កីឡា​កម្ពុជា​គឺ​មាន​សារសំខាន់។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ចាប់​ពី​ថ្ងៃ​ទី២៦​ ខែ​កក្ដដា​ ដល់​ ទី១១​ ខែ​សីហា​ ឆ្នាំ​២០២៤។​ កម្ពុជា​បញ្ជូន​អត្តពលិក​ ៣រូប​ លើ​ ២ ប្រភេទ​កីឡា​ ទី១​ ហែលទឹក​ (២រូប)​ និង​អត្តពលកម្ម​ (១រូប)។​ ប្រភេទ​កីឡា​ហែលទឹក​រួម​មាន​កីឡាករ​ កូសុងដឺឡាប រ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា​ ចំណែក​កីឡា​អត្តពលកម្ម​ គឺ​កីឡាករ​ ឈុន ប៊ុនថន។​ សម្រាប់​ការ​ចាក់ចេញ​កាល​ពី​ម្សិលមិញ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ ឯកឧត្ដម​ ប៉ុន សុខ​ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី