- 2024-07-18 04:55:37
- កីឡាផ្សេងៗ
ឯកឧត្ដម ថោង ខុន៖ ឈ្នះដោយយុត្តិធម៌ ចាញ់ដោយកិត្តិយស ជាការក្រើនរំលឹកអត្តពលិកកម្ពុជាចូលរួមកីឡាអូឡាំពិកទីក្រុងប៉ារីស
- 2024-07-18 04:55:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន៖ ឈ្នះដោយយុត្តិធម៌ ចាញ់ដោយកិត្តិយស ជាការក្រើនរំលឹកអត្តពលិកកម្ពុជាចូលរួមកីឡាអូឡាំពិកទីក្រុងប៉ារីស
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អត្តពលិកកីឡាហែលទឹក អត្តពលកម្មកម្ពុជា រួមទាំងគ្រូបង្វឹកដែលត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ទីក្រុងប៉ារីស បានចូលជួបឯកឧត្ដម ថោង ខុន តំណាងសម្ដេចធិបតី ទទួលអនុសាសន៍ល្អៗ និងថវិកាលើកទឹកចិត្តមុនចាកចេញទៅប្រទេសបារាំង។
ថ្លែងក្នុងកិច្ចសំណេះសំណាលឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីហែលទឹក អត្តពលកម្មឲ្យខំប្រឹងប្រែងប្រកួតដោយលក្ខណៈបច្ចេកទេស និងគោរពឲ្យបានត្រឹមត្រូវនូវបទបញ្ជា នៃការប្រកួតផ្សេង។
ឯកឧត្ដមបន្ថែមទៀតថា ក្នុងស្មារតីកីឡាគឺ «ឈ្នះដោយយុត្តិធម៌ ចាញ់ដោយកិត្តិយស» ដូច្នេះកីឡាករទាំងអស់នឹងចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅបារាំងត្រូវចងចាំ និងគោរពឲ្យបាន។ ការប្រកួតឈ្នះចាញ់យ៉ាងណាក៏ដោយមិនត្រូវធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្ដដា ដល់ ទី១១ ខែសីហា ឆ្នាំ២០២៤។ កម្ពុជាបញ្ជូនអត្តពលិក ៣រូប លើ ២ ប្រភេទកីឡា ទី១ ហែលទឹក (២រូប) និងអត្តពលកម្ម (១រូប)។ ប្រភេទកីឡាហែលទឹករួមមានកីឡាករ កូសុងដឺឡាប រ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា ចំណែកកីឡាអត្តពលកម្ម គឺកីឡាករ ឈុន ប៊ុនថន៕